រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តាសោភា បាន​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សហការ​ជាមួយ​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ (NWS) ដើម្បីជំរុញ​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ (SEANWFZ) ក្នុង​គោល​បំណង​រក្សា​តំបន់​នេះ​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ។

លោក សុខ ចិន្តាសោភា ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ផងដែរ​នោះ បាន​អំពាវនាវ​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ SEANWFZ កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា៖ «ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ក្នុង​ការ​ធ្វើ​ការ​ជាមួយ​រដ្ឋ​អាវុធនុយ​ក្លេអ៊ែរ ដើម្បី​ជំរុញ​ការ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មានអាវុធ​នុយក្លេអ៊ែរ និង​បាន​ស្វាគមន៍​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ ដែល​មាន​បំណង​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នេះ​ដោយ​គ្មាន​ការ​ដាក់​បម្រុង ដោយ​ឈរ​លើ​មូលដ្ឋាន​មក​មុន​ទទួល​មុន»។

កិច្ច​ប្រជុំ​បាន​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​រក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ នុយក្លេអ៊ែរ និង​អាវុធ​មហាប្រល័យ​ផ្សេង​ទៀត ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

កិច្ច​ប្រជុំ​បាន​សង្កត់​ធ្ងន់​ពី​សារសំខាន់​នៃ​ការ​អនុវត្ត​សន្ធិសញ្ញា​នេះ​ឱ្យ​បាន​ពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធ​ភាព តាម​រយៈផែនការ​សកម្មភាព​ឆ្នាំ ២០២៣-២០២៧។

កិច្ចប្រជុំ​បាន​កោត​សរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​សមាជិក​អាស៊ាន ដែល​សម្រេច បាន​ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ពីរ​ឆ្នាំម្តង​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ស្ដីពីសន្ធិសញ្ញ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឆ្នាំ​២០២៣ ដែល​បញ្ជាក់​ពី​សារសំខាន់​នៃ​សន្ធិសញ្ញ​មួយ​នេះ​ក្នុង​ការ​រួម​ចំណែក​ដល់​សន្តិភាព និង សន្តិសុខ​អន្តរជាតិ។ 

កិច្ច​ប្រជុំ​ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​ដល់​ ទីម័រខាងកើត ក្នុង​ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ទន្ទឹង​រង់ចាំ ទីម័រខាងកើត ចូល​ជា​ភាគី​នៃសន្ធិសញ្ញា​នេះ នា​ពេល​ខាងមុខ។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែងថា ការអំពាវនាវ​របស់​ប្រមុខ​ការទូត​កម្ពុជា​នេះ ធ្វើឡើង​ស្របគ្នា​នឹង​ការ​កើនឡើង​នៃ​ភាព​តានតឹង​នៃភូមិ​សាស្ត្រ​នយោបាយ​រវាង​រដ្ឋ NWS បច្ចុប្បន្ន និង​រដ្ឋ​គ្មាន​អាវុធ​នុយក្លេអ៊ែរ (NNWS) មិន​ថា​នៅអាស៊ីឦសាន មជ្ឈិមបូព៌ា ឬ​នៅ​អ៊ុយក្រែន​នោះ​ទេ។ ការ​គំរាមកំហែង​នុយក្លេអ៊ែរ​កំពុង​ក្លាយ​ជាយុទ្ធ​សាស្ត្រ​ចិត្ត​វិជ្ជា​ដ៏​ពេញ​និយម​ដែល​ប្រើប្រាស់​ដោយ​រដ្ឋ NWS ដើម្បី​បន្ត​ផល​ប្រយោជន៍​ជាតិរបស់​ខ្លួន​ ជាពិសេស នៅ​ពេល​ប្រឈម​នឹង​រដ្ឋ NNWS។

លោក​ថ្លែងថា ការ​អំពាវនាវ​នេះ​បង្ហាញ ៣ ចំណុច​សំខាន់ៗ។ ទីមួយ វា​ជា​ការ​ក្រើន​រំឭក​ដល់​រដ្ឋ NWS ថា អាស៊ីអាគ្នេយ៍​គឺជា​តំបន់​ដែល​គាំទ្រ​គោល​ជំហរ​មិន​អនុញ្ញាត​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​គំនិត​ផ្តួច​ផ្តើម​ណា​មួយ​របស់​រដ្ឋ NWS ដែល​ចង់​ផ្លាស់​ប្តូរ​គោល​ជំហរ​នេះ​នឹង​មិន​ត្រូវ​បានស្វាគមន៍​ឡើយ។

លោក ឯក ប៊ុនលី បញ្ជាក់​ថា៖ «ទីពីរ ការ​អំពាវនេះ​ក៏​ជា​ការ​ក្រើន​រំឭក​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងអស់​ថា​ក្នុង​ពេល​ដែល​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​កំពុង​ក្លាយ​ជា​យុទ្ធសាស្ត្រដ៏​​សំខាន់កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​រដ្ឋ NWS អាស៊ីអាគ្នេយ៍​គួរ​រួបរួម​គ្នា​បង្កើត​វិធីសាស្រ្ត​ពហុភាគី​រួម​ឱ្យបាន​ឆាប់​រហ័ស​ក្នុង​ការ​ទប់ស្កាត់​រដ្ឋ NWS មិនឱ្យ​មាន​ការ​ប្រើប្រាស់​ការ​គំរាមកំហែង​បែបនេះ​មក​លើ​ប្រទេស​ណាមួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍»។

ចំណុចទី៣ លោក​ពន្យល់​ថា ប្រសិន​បើ​ការ​អំពាវនាវ​នេះ​ក្លាយ​ជា​ការពិត វា​ក៏​អាច​ជា​វិធីសាស្រ្ត​សាកល្បង​មួយ​ដល់​រដ្ឋ NWS ដែល​កំពុង​មាន​ការ​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ដឹង​ថា​តើរដ្ឋ​មួយ​ណា​ប្តេជ្ញា​ចិត្ត​មុតមាំ​ចំពោះ​អាស៊ីអាគ្នេយ៍​ថា ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ប្រែ​ក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ឱ្យ​ទៅ​ជា​តំបន់​ដែល​មាន​ស្ថិរភាព គ្មាន​វត្តមាន​អាវុធប្រល័យ​លោក។

លោក ឯក ប៊ុនលី ​ថ្លែងថា៖ «ប្រសិន​បើ​ពិធីសារ​នេះ​អាច​ក្លាយ​ជា​ការ​ពិត​មែន​នោះ ​ខ្ញុំ​ពិត​ជា​ចង់​ដឹង​ថា​តើរដ្ឋ NWS មួយណា​នឹង​ចុះ​ហត្ថលេខា​មុនគេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថាតើ​ការ​អំពាវនាវ​របស់​ប្រមុខ​ការទូត​កម្ពុជា​ចំពោះ​ពិធី​សារ​នេះ​នឹង​ក្លាយ​ជា​ការពិត ឬ​យ៉ាង​ណា យើង​មិន​ទាន់​អាច​និយាយ​បាន​នៅ​ឡើយទេ​នៅ​ពេល​នេះ»។ 

លោក​បញ្ជាក់​បន្ថែម​ថា ខណៈ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​កំពុង​ប្រឈម​បញ្ហា​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ការ​អំពាវនាវ​នេះ​អាច​ជា​ការ​រារាំង និង​ការពារ​តំបន់​នេះ​ជាមុន​មិន​ឱ្យ​មាន​ការ​សាយភាយ​នូវ​ការ​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ពី​រដ្ឋ NWS នៅក្នុង​តំបន់៕