សៀមរាប៖ សាលា​បឋម​សិក្សា​វត្តបូព៌​ក្នុង​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​នាយក​សាលា អន គុណរ័ត្ន បាន​អនុវត្ដ​​គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​អប់រំ​ជាមួយ​ប្រទេស​ ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI) ដើម្បី​លើក​កម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​សិស្សានុសិស្ស​​មក​ពី​បណ្តា​ប្រទេស​អាស៊ាន។

លោក គុណរ័ត្ន បាន​ថ្លែង​ថា៖ «គម្រោង​នេះ​លើក​ទឹក​ចិត្ត​សិស្សានុសិស្ស​ក្នុង​ការ​ចែក​រំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​វប្បធម៌​តាម​រយៈការ​ធ្វើ​បទ​បង្ហាញ​ ដូចជា អត្ថបទ​សរសេរ រូបថត ប៉ុសិ៍ស្ទ័រ វីដេអូ​ផ្សេងៗ ដើម្បី​ឱ្យ​ការ​បង្ហាញ​វប្បធម៌​នេះ​កាន់​តែ​មាន​ភាព​ទាក់ទាញ និង​ទាន់​សម័យកាល ដោយ​ឱ្យ​សិស្ស​ចេះ​ប្រើ​បច្ចេកវិទ្យា AI»។

បច្ចេកវិទ្យា AI ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​គម្រោង​នេះ ដោយ​ការ​ប្រើប្រាស់​ដូចជា ChatGPT, Gemini, VN, CapCut, Renderforest និង Canva ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​សិស្ស​ក្នុង​ការ​ចែក​រំលែក​វប្បធម៌​របស់​ពួកគេ។

តាំង​ពី​ដំណាក់កាល​ទី​១ ដល់ទី ៣ នេះ សិស្សានុសិស្ស​បាន​អភិវឌ្ឍ​សមត្ថភាព​ជាច្រើន។ ពួកគេ​បាន​បង្កើត​ប្រវត្តិ​រូប​សង្ខេប​ជា​អត្ថបទ​ចំនួន​ ៧០​ពាក្យ ដោយ​ប្រើ​បច្ចេកវិទ្យា AI ChartGPT កាត់​ត ឬ​កែលម្អ​​រូបថត​របស់​ក្រុម​ខ្លួន​ចូល​ទៅ​ក្នុង Facebook Group ដោយ CAPCUT បង្កើត​ប្រវត្តិរូប​សង្ខេប​ជា​វីដេអូ​ចំនួន​មួយ​នាទី​ដោយ CAPCUT ក៏ដូចជា​សរសេរ​ព័ត៌មាន​ម្នាក់​ ៣​ ចំណុច​ពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ប្រើ Google, CHART GPT GEMINI ចូល​កម្មវិធី Microsoft 365 Note។

លោក​នាយក​សាលា​វត្ដបូព៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «សិស្សានុសិស្ស​បាន​ជួប​ប្រជុំ​ជាមួយ​នាយក​សាលា នាយិកា​សាលា នាយករង គ្រូ​បន្ទុក​ថ្នាក់ គ្រូ​ជំនួយការ និង សមាជិក​ក្រុម ទាំងពីរ​ប្រទេស​តាមរយៈ ZOOM ជា​លើកដំបូង ហើយ​និយាយ​ណែនាំ​ខ្លួន និង​ក្រុម​ដែល​ពួកគេ​ធ្វើ​គម្រោង​ ​(Project D, From D01 to D10)»។

ការ​ផ្លាស់ប្តូរ​វប្បធម៌​តាម​រយៈ​បច្ចេកវិទ្យា AI ជាមួយ​សិស្សានុសិស្ស​​ម៉ាឡេស៊ី​​នេះ ​ផ្តោត​លើ​ប្រធានបទ​ចំនួន​ដប់ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​សិស្សានុសិស្ស​ទាំង​ពីរ​ប្រទេស​​ស្វែងយល់ និង​បង្ហាញ​ទិដ្ឋភាព​វប្បធម៌​ផ្សេងៗ។​

ប្រធានបទ​ទាំងនេះ​រួមមាន អាហារ​ប្រពៃណី ហ្គេម សិប្បកម្ម សម្លៀកបំពាក់ តន្ត្រី និង​របាំ ឧបករណ៍​ភ្លេងបុរាណ ចម្រៀង​ប្រពៃណី​របស់​កុមារ រឿងនិទាន​ប្រជាប្រិយ ពាក្យ​វប្បធម៌​ប្រចាំថ្ងៃ និង​ទីតាំង​ប្រវត្តិសាស្ត្រ​។​

សិស្សានុសិស្ស​​ជួប​ប្រជុំ​ជាមួយ​នាយក​សាលា នាយិកា​សាលា នាយករង គ្រូ​បន្ទុក​ថ្នាក់ គ្រូ​ជំនួយការ និង សមាជិក​ក្រុមនៃសាលា​បឋម​សិក្សា​វត្តបូព៌​ក្នុង​ខេត្តសៀមរាប ធ្វើការ​ផ្លាស់ប្តូរ​វប្បធម៌​តាម​រយៈ​បច្ចេកវិទ្យា AI ជាមួយ​សិស្សានុសិស្ស​​ម៉ាឡេស៊ី​​​តាមរយៈ ZOOM ជា​លើកដំបូង។ រូបថត សហការី

លោក គុណរ័ត្ន បាន​និយាយថា សាលាបឋម​សិក្សា​វត្តបូព៌​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ស្តង់ដាអប់រំ​កម្រិត​ខ្ពស់​របស់​ខ្លួន ដោយ​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​ធម្មតា​ដែល​រំខាន​តិចតួច​ដល់​ការ​ចូលរួម​របស់​សិស្ស​នៅក្នុង​គម្រោង​វប្បធម៌។ សកម្មភាព​គម្រោង​ភាគច្រើន​កើត​ឡើង​ក្រៅ​ម៉ោង​រៀន​ធម្មតា។

សាលាគាំទ្រ​កម្មវិធី​សិក្សា​បច្ចេកវិទ្យា​របស់​ខ្លួន​ជាមួយ​នឹង​បន្ទប់​ពិសោធន៍​ពីរ។ បន្ទប់​ពិសោធន៍​ទីមួយ​ដែល​បំពាក់​ដោយ​កុំព្យូទ័រ ៤០ គ្រឿង និង iPad ចំនួន ៣០ គ្រឿង​ ​សម្រាប់​​សិស្ស​ក្មេងៗ​រៀន​វាយ​អក្សរ Microsoft Word Excel គំនូរ និង Thinkk Thinkk​។​

បន្ទប់ពិសោធន៍​ទី​ពីរ​ដែល​មាន​កុំព្យូទ័រ ៣៨ គ្រឿង និង iPad ចំនួន ៣៣ គ្រឿង​ ត្រូវបាន​ប្រើប្រាស់​ដោយ​សិស្ស​ថ្នាក់ទី៥ និងទី៦ ​សម្រាប់​ការ​ស្រាវជ្រាវ​តាម​គម្រោង​ក្នុង​មុខវិជ្ជា​ផ្សេងៗ ​ដូចជា Kahoot, Quiziz និង Mentimer។ គ្រឿង​បរិក្ខារ​ទាំងនេះ​ក៏មាន​សម្រាប់​ការ​ស្រាវជ្រាវ​បន្ថែម​សម្រាប់​គ្រូ និង​សិស្ស​ផងដែរ។

ដើម្បី​គាំទ្រ​គម្រោង​ផ្លាស់ប្តូរ​វប្បធម៌​បន្ថែម​ទៀត សាលាបឋម​សិក្សា​វត្តបូព៌ បាន​ផ្តល់​បន្ទប់​ប្រជុំ និង​ជំនួយ​ពី​គ្រូ និង​ជំនួយការ​ផ្នែក​ព័ត៌មានវិទ្យា។

លោក គុណរ័ត្ន បាន​លើក​ឡើង​ថា៖ «យើង​នៅតែ​បន្ត​ពង្រឹង​លើ​កិច្ចការ​ដែល​មាន​ស្រាប់​និង​កិច្ចការ​បន្ថែមទៀត​ជាច្រើន​ដើម្បី​ឱ្យ​សាលា​នេះ​នៅតែ​ជា​សាលា​គំរូ»។

សាលាបឋមសិក្សា​វត្តបូព៌​ មាន​ភាព​លេចធ្លោ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​ទិដ្ឋភាព​អប់រំ​របស់​កម្ពុជា។ នៅ​ឆ្នាំ២០២៣ សាលា​បាន​បញ្ជូន​​គ្រូ​បង្រៀន​ចំនួន ៤០ នាក់​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​​អប់រំ​កូរ៉េខាងត្បូង​។

គំនិត​ផ្តួចផ្តើម​នេះ​ដឹកនាំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តោត​លើ​ការ​រួមបញ្ចូល​បញ្ញា​សិប្បនិមិត្ត​ទៅក្នុង​កម្មវិធី​សិក្សា ពង្រឹង​វិធីសាស្ត្រ​បង្រៀន និង​ការ​រក្សា​ល្បឿន​ជាមួយ​នឹង​វឌ្ឍនភាព​ឌីជីថល​ជាសកល។

វគ្គ​បណ្តុះ​បណ្តាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា​ក្នុងការ​អប់រំ ដោយ​ធានាថា ​ទាំង​គ្រូ និង​សិស្ស​ទទួល​បាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ដែល​កំពុងវិវត្ត។

ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​សាលា​ចាស់ លោក ពឹន គឹមឆេន សាលាបឋម​សិក្សា​វត្តបូព៌ បាន​រួម​បញ្ចូល​គ្នា​យ៉ាង​ជោគជ័យ​នូវ​វិធីសាស្ដ្រ​ប្រពៃណី​ជាមួយ​នឹង​ការ​អនុវត្ត​ការអប់រំ​បែប​ទំនើប ដោយ​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​សាលា​គំរូ​។​

សាលាបាន​អនុវត្ត​ស្តង់ដា​ទូលំទូលាយ​ដែល​សង្កត់ធ្ងន់​លើ​ការ​អនុវត្ត​របស់​សិស្ស ប្រសិទ្ធភាព​នៃ​ការបង្រៀន និង​ការចូលរួម​សហគមន៍៕