ភ្នំពេញៈ ក្រសួង​សុខាភិបាល​កំពុង​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ពី​ជំងឺ​មិនឆ្លង ជាពិសេស​ជំងឺ​ទឹក​នោម​ផ្អែម និង លើស​ឈាម ខណៈ​និន្នាការ​នៃ​ការ​កើត​ជំងឺ​ទាំង​នោះ​មាន​ការ​កើនឡើង​នៅ​ប្រទេស​អាស៊ី ​រួម​ទាំង​កម្ពុជា​ផង​ដែរ ដែល​មាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចន្លោះ​ពី ៤ ទៅ ៦​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប។

នៅពេល​ដែល​អ្នក​ចុច​ហៅ​ទូរស័ព្ទ​ចេញ នោះ​អ្នក​នឹង​ឮ​សម្លេង​រោទិ៍ Call​ Tune «ទទួល​ទាន​អាហារ​មាន​ខ្លាញ់ អំបិល ស្ករ​តិច និង​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ អាច​បង្ការ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សំពោធ​ឈាម ជំងឺ​បេះដូង និង​សរសៃ​ឈាម បង្ការ​ជំងឺ​មិនឆ្លង យើង​អាច​ធ្វើ​បាន​ទាំង​អស់​គ្នា ចាប់​ពី​ពេល​ឥលូវ​នេះ»។ 

លោក កុយ វ៉ាន់នី រដ្ឋ​លេខាធិការ និង អ្នក​នាំពាក្យ​ក្រសួង សុខាភិបាល បាន​ឱ្យ​ដឹង​ថា សម្លេង​រោទិ៍ Call Tune ខាង​លើ​នេះ​គឺ​ជា​សារ​អប់រំ​បន្ថែម​ទៀត​របស់​ក្រសួង សុខាភិបាល ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​ចំពោះ​ជំងឺ​មិន​ឆ្លង ដែល​រួម​មាន ជំងឺ​បេះដូង សរសៃឈាម ជំងឺ​មហារីក ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​ទឹក​នោម​ផ្អែម។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​មិនមែន​ទើប​តែ​ធ្វើ​ម្តង​ហ្នឹង​ទេ យើង​បន្ត​ធ្វើ ហើយ​ជំរុញ​ធ្វើ​ឱ្យ​ខ្លាំង​ថែម​ទៀត​ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ជំងឺ​មិនឆ្លង ជាពិសេស ជំងឺ​ទឹក​នោម​ផ្អែម និង លើស​ឈាម ដែល​កំពុង​តែ​សម្លាប់​ប្រជាពលរដ្ឋ ទូទាំង​ពិភពលោក ហើយ​នឹង​កម្ពុជា​យើង​ក៏​ដូចគ្នា​ដែរ មិន​មែន​លើក​លែងទេ»។ 

លោក​លើក​ឡើង​ថា ប្រទេស​អាស៊ី​មាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម​ច្រើន​ជាង​ប្រទេស​នៅ​តំបន់​អឺរ៉ុប។ ហេតុ​នេះ​ប្រទេស​អាស៊ី គឺជា​ជម្រុក​មួយ ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​ពលរដ្ឋ​មិន​នាំ​គ្នា​ការពារ ពី​ឥលូវ​នេះ​ទៅ សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​កើត​មក​ជា​បន្តបន្ទាប់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទំនោរ​ពិភពលោក​មាន​ការ​កើនឡើង​ច្រើន​នូវ​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម ។ កើន​ឡើង​ ២​ ទៅ​ ៣​ដង​នៃ​ចំនួន [អ្នកកើត] ទូទៅ​ធម្មតា។ កម្ពុជា​ជា​ប្រទេស​អាស៊ី នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី ជាពិសេស ការ​កើន​ឡើង​នៅ​អាស៊ី​នេះ គឺជា​ការ​កើន​ឡើង​គំហុក ច្រើន​ជាង​នៅ​ប៉ែកអឺរ៉ុប»។

ទោះ​យ៉ាង​ណា លោក​បាន​ឱ្យ​ដឹង​ថា នៅ​កម្ពុជា​នៅ​មិនទាន់​មាន​តួលេខ​ច្បាស់លាស់​នៃ​អ្នក​កើត​ជំងឺ​ទាំង​នោះ​ដែរ។ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន គឺ​កម្ពុជា​មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មិន​តិច​ជាង ៥​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «យើង​មិន​អាច​មាន​តួ​លេខ​ពិត​ប្រាកដ​ទេ តែ​គ្រាន់​តែ​យើង​ដឹង​ថា ទឹកនោម​ផ្អែម​គឺ​ថា​មិនតិច​ជាង​ ៥​ភាគរយ​ទេ​នៃ​ប្រជាជន​ទូទៅ។ អត្រា​កើត​ទឹក​នោម​ផ្អែម​មាន​ចន្លោះ​គឺ​ពី ៤ ទៅ ៦ ភាគរយ ហើយ​យើង​គុណ​ទៅ​ចេញ​ជា​ចំនួន​មនុស្ស​ហើយ។ ជំងឺ​លើស​ឈាម អាច​ថា​តិច​ជាង​ជំងឺ​ទឹកនោម​ផ្អែម។ ប៉ុន្តែ មិន​តិច​ជាង​គ្នា​ប៉ុន្មាន​ដែរ​ទេ ជំងឺ ២​ហ្នឹង​។ អញ្ជឹងទៅ​ជំងឺ​នេះ វា​មិនមែន​មាន​តែ​នៅ​កម្ពុជា​ទេ»។ 

លោក​បន្ថែម​ដូច្នេះ​ថា៖ «កម្ពុជា​យើង​ហ្នឹង ដូច​វៀតណាម ដូច​ឡាវ ដូច​ថៃ ដែរ អញ្ជឹង​គឺ​កើន​ឡើង​ច្រើន ដោយ​សារ​តែ​សេដ្ឋកិច្ច​យើង​ជឿនលឿន ប្រជាជន​ហូប​ឆ្ងាញ់ ស្រួល រក​ម្ហូបអាហារ​បាន​លឿន មិន​សូវ​ចម្អិនទេ ទិញ​ញាំ​ក្រៅ​ច្រើន មិន​សូវ​ហាត់​ប្រាណ ឡើង​ទម្ងន់ ឡើង​គីឡូ។ ទាំងអស់​ហ្នឹង​ហើយ​ជា​កត្តា​ជំរុញ​ឱ្យ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើស​ឈាម​កាន់តែ​ច្រើន​ទៅៗ»។ 

ហេតុនេះ វិធី​ទប់​ស្កាត់​ជំងឺ​ទាំង​នោះ​មាន​តែ​អប់រំ​ពលរដ្ឋ​ឱ្យ​កាត់​បន្ថយ​ការ​ហូបប្រៃ ហូប​សាច់ជាតិ​ខ្លាញ់ និង​ជាតិស្ករ​ច្រើន​ជាដើម និង​ធ្វើ​ការ​ហាត់​ប្រាណ​ជា​ទៀងទាត់។ 

លោក​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​អាណត្តិថ្មី​នេះ ក្រសួង​សុខាភិបាល​បាន​កំណត់​យក​ការ​ទប់ស្កាត់ និង​ពារពារ​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម​ជាអាទិភាព ហើយ​ខិត​ខំ​ផ្សព្វផ្សាយ និង​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។

ក្រសួង​បាន​ជំរុញ​មន្រ្តី​ឱ្យ​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ទាំង​នោះ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក​ស្រុក និង​ខេត្ត​បន្ថែម​ទៅ​លើ​បណ្តាញ​សង្គម​របស់​ក្រសួង​ផងដែរ។ 

សារអប់រំ​ផ្សេងៗ​ទៀត​ក្រសួង​រួម​មាន៖ «តិច​អំបិល ខ្លាញ់ ស្ករ​សុខភាព​បេះ​ដូង​ល្អ​អាយុ​យឺនយូរ» និង​ប្រាប់​ពី​កម្រិត​នៃ​ការ​បរិភោគ​ជាដើម។

លោក​វេជ្ជ​បណ្ឌិតស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និងអរម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​យល់​ឃើញ​ថា ការ​ដែល​ក្រសួង​សុខាភិបាល​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ជំងឺ​មិន​ឆ្លង​នេះ គឺជា​ប្រការ​មួយ​ដ៏​ល្អ ដើម្បី​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន​បន្ថែម​ទៀត​ពី​ជំងឺ​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «ធម្មតា ពេល​ស្រុក​យើង​សេដ្ឋកិច្ច​រីក​ចម្រើន​ទៅ ជំងឺ​មិន​ឆ្លង ដូចជា ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ កើន​ហើយ​ ដូច​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ក្នុង​តំបន់​ដែរ។ ពេល​រីក​ចម្រើន មាន​ទទួល​ឥទ្ធិពល​ការ​ហូបចុក​ពី​លោក​ខាង​លិច​ទៅ មនុស្ស​ហូបឆ្ងាញ់ រស់នៅ​សុខស្រួល អត់សូវ​បញ្ចេញ​ពលកម្ម។ ក្រសួង​ខំប្រឹង​ធ្វើហ្នឹង​ល្អ​មែនទែន ដើម្បី​ក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង»។

កាលពីពេល​ថ្មីៗ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​បាន​ប្រកាស​ពី​ចំនួន​កុមារ​ជិត ៧០០​នាក់ ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​កំពុង​តែ​ទទួល​ការ​ព្យាបាល​ពី​មន្ទីរ​គ្រប់​សាខា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀមរាប​ផងដែរ។
កុមារ​កើត​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ​១ នេះ​មាន​អាយុ​ចន្លោះពី៤ ទៅ ១៤​ឆ្នាំ។ ក្នុង​ចំណោម​អាយុ​ពី ១០ ទៅ ១៤ ឆ្នាំ មាន​អត្រា​ខ្ពស់​ជាងគេ។ ក្នុង​ចំណោម ៦៩៨​នាក់ ​មន្ទី​ពេទ្យ​គន្ធ​ឲបុប្ផា​ខេត្ត​សៀមរាប មាន​ចំនួន​៣០៩នាក់​។

យោង​តាម​ផែនការ​សកម្មភាព ពហុវិស័យជាតិ ស្តីពី​ការ​ការពារ និង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​មិនឆ្លង ២០១៨-២០២៧ បាន​ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​សង្គម​និង​កំណើន​សេដ្ឋកិច្ចជាតិ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​រួម​ទាំង​ការ​ប្រែប្រួល​របៀប​របប រស់​នៅ​ជា​មូល​ហេតុ​ធ្វើឱ្យ​មាន​ការ​កើនឡើង​នៃ​ជំងឺ​មិនឆ្លង។ នៅ​ក្នុង​ឆ្នាំ ២០១៤ ជំងឺ​មិន​ឆ្លង​បណ្តាល​ឱ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ប្រមាណ ៥២​ភាគរយ​នៃ​ការ​ស្លាប់​ទាំងអស់។ តួលេខនេះ​ត្រូវ​បាន​គេព្យាករ​ថា​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត។ 

ជំងឺបេះដូង សរសៃ​ឈាម គឺជា​ជំងឺ​មិន​ឆ្លង​ដែល​កើត​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បណ្តាល​ឱ្យ​មាន​អត្រា​ស្លាប់ ២៤​ភាគរយ ជំងឺ​មហារីក​មាន​អត្រា​ស្លាប់ ១៣​ភាគរយ ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​មាន​អត្រា​ស្លាប់ ៤​ភាគរយ និង ជំងឺ​ទឹក​នោម​ផ្អែម​មាន​អត្រា​ស្លាប់ ២​ភាគរយ នៃ​អត្រា​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨។

ទោះយ៉ាងណា ៨០ភាគរយ​នៃ​ជំងឺ​មិន​ឆ្លង​អាច​បង្ការ​បាន​ដោយ​គ្រាន់​តែ​ដោះស្រាយ​កត្តា​ប្រឈម​ចំនួន​បួន​ដូចជា ការ​ប្រើប្រាស់​ថ្នាំជក់ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកប​ដោយ​គ្រោះថ្នាក់ របប​អាហារ​ដែល​គ្មាន​សុខុមាលភាព និង​កង្វះ​កាយវប្បកម្ម៕