កណ្តាលៈ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង២៤ ០០០គ្រាប់ ក្នុងរយៈពេលប្រមាណ១ឆ្នាំ៤ខែនៃយុទ្ធនាការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេ។ នេះបើយោងតាមរបាយការណ៍មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា ស៊ីម៉ាក់ (CMAC)។
របាយការណ៍ថ្ងៃទី២៥ កក្កដា បញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនៃយុទ្ធនាការនេះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២៤ ៦៩៩គ្រាប់ និងបន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមចំនួន២៧តោនត្រូវបានរុករកឃើញ និងស្រង់ពីបាតទន្លេ។
របាយការណ៍បន្ថែមថា ក្នុងរយៈពេលនេះ គ្រាប់គ្រប់ប្រភេទចំនួន៨ ២៤៦គ្រាប់ត្រូវបានដោះបន្សាប និងគ្រាប់មីនគ្រប់ប្រភេទចំនួន ១៣ ០៣៧ គ្រាប់ត្រូវបានកម្ទេចចោល។ ក្រុមជំនាញក៏បានស្រាវជ្រាវកំណត់ទីតាំងបំណែកនាវា និងគំនរគ្រាប់ លិចនៅបាតទន្លេមួយចំនួនថែមទៀត។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាថ្ងៃទី២៥ ខែកក្កដា បានធ្វើទស្សនកិច្ចនៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។
ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹកនៃអង្គភាពពិសេសនេះ លោកបានកោតសរសើរចំពោះកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនដោយទទួលបាន «លទ្ធផលល្អគួរជាទីមោទនៈ»។
លោក ស សុខា រំឭកថា គោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងការដឹកជញ្ជូន ព្រមទាំងសុវត្ថិភាពក្នុងការធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក។
ក្រសួងមហាផ្ទៃបានបញ្ជាក់នាថ្ងៃទី២៥ កក្កដា ថា កម្លាំងស៊ីម៉ាក់ចំនួន ២១៤នាក់ និងកងកម្លាំងនគរបាលជាតិចំនួន ៦នាក់កំពុងធ្វើប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅភូមិសាស្ត្រស្រុកលើកដែក ប្រសព្វនឹងស្រុកពាមជរ ខេត្តព្រៃវែង៕