កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ត្រូវបានផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩ ដែលមកទល់នឹងពេលនេះមានរយៈពេល ២៥ឆ្នាំ ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចសហប្រតិបត្តិការនេះគ្រប់ដណ្ដប់ទៅលើខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី របស់កម្ពុជា និងខេត្ត ៤ របស់ប្រទេសឡាវ រួមមាន Attapeu, Salavan, Sekong និង Champasak។ ចំណែកវៀតណាមមានខេត្ត ៥ រួមមាន Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc។
កិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់បញ្ចូលខេត្តដើម្បីបង្កើតបានជាដែនដីថ្មីនោះទេ ហើយប្រទេសនីមួយៗមានអធិបតេយ្យភាព និងការគ្រប់គ្រងលើដែនដីរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលជាអ្នកផ្ដួចផ្ដើមគំនិតនេះឡើងកាលពីឆ្នាំ១៩៩៩។
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ សភានៃប្រទេសទាំង ៣ បានបើកការប្រជុំជាលើកដំបូងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ចុងក្រោយនេះ លោកស្រី ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មក៏បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ CLV DTA ថ្នាក់រដ្ឋមន្ត្រីនៅខេត្ត Attapeu ប្រទេសឡាវ កាលពីខែមីនាផងដែរ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះថ្នាក់រដ្ឋមន្រី្តលើកទី១៣ បានឯកភាពរៀបចំបញ្ចប់ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចសង្គម នៅតំបន់ត្រីកោណអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៣០។ ផែនការនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូល CLV DTA លើកទី១២ ដែលគ្រោងនឹងរៀបចំនៅប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤នេះ ដើម្បីពិនិត្យ និងអនុម័ត។
ប្រតិកម្មលើ CLV DTA
ទោះបីជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ មានអាយុកាល ២៥ ឆ្នាំក៏ដោយ ក៏ CLV DTA នេះមិនសូវទទួលបានការចាប់អារម្មណ៍ ឬមានការជជែកដេញដោលច្រើនទេ រហូតមកទល់នឹងពេលថ្មីៗនេះ។ រាជរដ្ឋាភិបាលក៏មិនសូវបានបង្ហាញព័ត៌មានអំពីកិច្ចសហប្រតិបត្តិការនេះឲ្យបានទូលំទូលាយផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការផ្ទុះឡើងនៃការបញ្ចេញមតិយោបល់ទៅលើកិច្ចសហប្រតិបត្តិការ CLV DTA នេះហាក់ដូចជាមានរបៀបវារៈមួយដើម្បីបង្វែរការចាប់អារម្មណ៍ទៅលើការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។
លោកយល់ថា រឿងនេះទើបតែផ្ទុះឡើងដោយសារតែមានអ្នកចង់ឲ្យរឿងនេះក្លាយជារឿងក្ដៅ ដោយយល់ទៅលើអារម្មណ៍រំជួលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាក់ទងនឹងជាតិនិយម ទឹកដី ព្រំដែន និងធនធានធម្មជាតិ ដែលសុទ្ធសឹងតែជាប្រធានបទរសើប ងាយនឹងធ្វើឲ្យអារម្មណ៍ពលរដ្ឋពុះកញ្ជ្រោល។
លោកថ្លែងថា៖ «តាមពិត ប្រតិកម្មរបស់ប្រជាពលរដ្ឋមិនខុសទេ អ្វីដែលខុសគឺអ្នកដែលបំភ្លៃព័ត៌មាន ខុសពីការពិត ធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមសាធារណមតិ ដែលរឿងបែបនេះគួរចៀសវាង។ ខ្ញុំចង់បញ្ជាក់ថា ការយកចិត្តទុកដាក់រឿងជាតិ រឿងទឹកដី រឿងសម្បត្តិវប្បធម៌ ធនធានធម្មជាតិ របស់យើង មិនមែនជារឿងខុសទេ។ លើកលែងតែយើងទៅធ្វើសកម្មភាពដែលធ្វើឲ្យជាតិលិចលង់គ្រោះថ្នាក់នោះទើបខុស»។
ស្រដៀងគ្នានេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការខ្វល់ខ្វាយរបស់ប្រជាពលរដ្ឋទៅលើកិច្ចសហប្រតិបត្តិការនេះជាសញ្ញាណមួយសម្រាប់រដ្ឋាភិបាលក្នុងការយល់ឃើញអំពីទស្សនៈមួយផ្សេងទៀតរបស់ពលរដ្ឋ ព្រោះគម្រោងអភិវឌ្ឍន៍តែងមានអ្នកគាំទ្រនិងអ្នកមិនគាំទ្រ។
លោកថា ក្នុងករណីមានការយល់ខុស និងបកស្រាយខុសណាមួយ រដ្ឋាភិបាលគួរតែឆ្លើយតប និងផ្ដល់ព័ត៌មានត្រឡប់ទៅវិញដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងឲ្យពួកគាត់ចូលរួមតាមដាន។ កន្លងទៅថ្មីៗនេះ លោកឃើញមានស្ថាប័នរដ្ឋមួយចំនួនបានចេញពន្យល់អំពីការលើកឡើងលើស ឬខ្វះចន្លោះរបស់ប្រជាពលរដ្ឋដោយមិនបានប្រកាន់ទោសអ្វីទេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានថ្លែងថា សាធារណជនគួរតែមិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់នានាដែលគ្មានមូលដ្ឋាន។
តម្លាភាព និងផែនការទៅមុខ
លោក គិន ភា យល់ថា ការធ្វើឲ្យអារម្មណ៍ភ័យខ្លាចបាត់បង់ទឹកដីរបស់ប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលខ្លីនេះជាការលំបាក ដោយសារតែសារៈប្រយោជន៍ សក្ដានុពល និង នីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹង CLV DTA មិនត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។
លោកថា ការបកស្រាយពន្យល់ដោយលោក ហ៊ុន សែន តែមួយពេលកាលពីថ្ងៃអង្គារ មិនអាចឲ្យពលរដ្ឋយល់ដឹងបានស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនេះទេ។
លោកថ្លែងថា៖ «អីចឹង ទីមួយរាជរដ្ឋាភិបាលត្រូវបង្ហាញព័ត៌មាន ពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ថាតើ កិច្ចព្រមព្រៀងនេះមានសក្ដានុពល ផលប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះដែលអាចកើតមាន»។
លើសពីនេះទៀតលោក គិន ភា ចង់ឃើញពលរដ្ឋអាចចូលទៅទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍នេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មុំ ៣ ឬតំបន់បង្គោលឡាក់លេខសូន្យ និងបន្តទៅតាមព្រំដែន។ លោកក៏ចង់ឲ្យការអភិវឌ្ឍន៍នៅតំបន់នេះផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋក្នុងមូលដ្ឋាន ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សហគមន៍ ឬភាពសុខសាន្តរបស់ពលរដ្ឋមូលដ្ឋានដែលជាជនជាតិដើមភាគតិច។
លោកបន្តថា ពលរដ្ឋមិនចង់ឃើញការអភិវឌ្ឍនៅតំបន់នេះធ្វើឡើងក្នុងរូបភាពជាផ្ដល់ដីសម្បទានសេដ្ឋកិច្ចរយៈពេលច្រើនឆ្នាំទៅដល់អ្នកវិនិយោគបរទេសទេ។
លោកនិយាយថា៖ រឿងពាក់ព័ន្ធនឹងទឹកដី គួរតែជារឿងមួយមានតម្លាភាពឲ្យបានច្រើន ដើម្បីកុំឲ្យមានភាពមន្ទិលសង្ស័យនៅក្នុងសង្គម ដូចជានៅប្រទេសថៃនិងវៀតណាម មានការអនុញ្ញាតឲ្យសិស្សនិស្សិតទៅទស្សនានៅតាមព្រំដែន»។
សម្រាប់លោក ប៉ា ច័ន្ទរឿន ដើម្បីឲ្យសាធារណៈជនអស់មន្ទិលសង្ស័យ រដ្ឋាភិបាលគួរមានយុទ្ធនាការដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ឬ ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត ឬសកម្មជន បានចូលទៅយកព័ត៌មាននិងទស្សនាតំបន់ CLV DTA ឲ្យបានញឹកញាប់ ដើម្បីឲ្យពួកគេបានស្គាល់ពីទឹកដីរបស់ខ្លួន ដូចអ្វីដែលប្រទេសវៀតណាម និងថៃ បានធ្វើ។
លោកនិយាយថា៖ «នៅពេលបានទៅដល់ហើយបានឃើញ ប្រជាពលរដ្ឋរបស់យើងគឺជាសាក្សីរស់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់រដ្ឋាភិបាល។ យន្តការមួយទៀតគឺ អាជ្ញាធរនៅក្នុងខេត្តទាំង ៤ គួរមានតែមានយន្តការដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋយើងទៅទស្សនាទីនោះឲ្យបានច្រើន ដូចជាអ្នកចូលចិត្តបោះតង់ អ្នកចូលចិត្តដើរលេងតាមព្រៃភ្នំ និងរមណីយដ្ឋានធម្មជាតិ ហើយរៀបចំប្រជាការពារឲ្យការពារដល់ពួកគាត់។ ខ្ញុំយល់ថា នេះជាយន្តការល្អ ដើម្បីឲ្យពលរដ្ឋបានស្គាល់តំបន់ទាំងអស់នោះ»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្លាប់បានចុះស្រាវជ្រាវរឿងព្រំដែន មិនបានធ្វើអត្ថាធិប្បាយលើរឿងនេះទេ ដោយលោក ថា រាជបណ្ឌិត្យសភានឹងរៀបចំវេទិកាជជែកដេញដោលលើរឿង CLV DTA នេះនៅថ្ងៃទី២ ខែសីហា ខាងមុខ៕