កំពង់ចាមៈ កំពង់ចាម​ត្រូវ​បាន​ប្រកាស​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាស​កាល​(ODF) ដែល​ធ្វើ​ឱ្យ​ចំនួន​ខេត្ត ​ដែល​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នេះ​កើន​ឡើង​ដល់​៨​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​កក្កដា​នេះ។​

ខេត្ត​ ៧ ផ្សេង​ទៀត​ដែល​សម្រេចបាន ​ការ​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​រួម​មាន ខេត្ត​ស្វាយរៀង ព្រៃវែង ​កណ្ដាល ​កំពង់ស្ពឺ ​កំពង់ឆ្នាំង​ កែប ​និង​ព្រះសីហនុ។ នេះ​បើ​យោង​តាម​រដ្ឋ​មន្រ្តីក្រសួង​អភិវឌ្ឍ​ជន​បទ ​លោក​ឆាយ ឬទ្ធិសែន​ក្នុង​ឱកាស​ប្រកាស​ទទួលជ័យ​លាភី​ ខេត្តកំពង់ចាម​ជាខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ​ដែល​មាន​អ្នក​ចូល​រួម​ជាង​២ ០០០នាក់។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍ថា៖ ​«ផ្អែក​តាម​ផែនការ​ឆ្នាំ​២០២៤នេះ ​នឹង​មាន​ខេត្ត​ចំនួន​ ៥ថ្មី ​បន្ថែម​ទៀត ទទួល​ពាន ​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ​ដោយ​ជោគ​ជ័យ ​ដែល​ធ្វើ ឱ្យ​ចំនួន​ខេត្ត​ ODF កើន​សរុប​ ១៣​ខេត្ត លើ ២៥​រាជធានី ខេត្ត​នៅទូទាំង​ប្រទេស»។

រីឯខេត្ត​ដែល​គ្រោង​ប្រកាស​បញ្ចប់​ការ​បន្ទោរ​បង់​ពាសវាល​ពាសកាល​នា​ពេល​ខាង​មុខ​រួមមាន ខេត្ត​ត្បូង​ឃ្មុំ ​បន្ទាយមានជ័យ​ សៀមរាប​ និង ខេត្តរតនគិរី ជាដើម។

អភិបាល​ខេត្ត​កំពង់ចាម ​លោក អ៊ុន ចាន់ដា បាន​លើក​ឡើង​ថា ស្ថានភាព​អនាម័យ​ នៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ​១០០​ភាគរយ។ ក្នុង​នោះ​ ខ្នង​ផ្ទះ​មាន​បង្គន់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ចំនួន ៩២,៦១ ​ភាគរយ ​និង​ប្រើប្រាស់​រួម ៧,៣៩ ​ភាគរយ។ ហេតុ​នេះ​ ស្ថាន​ភាព​ក្រុង​ ស្រុក​ ឃុំ ​សង្កាត់ ​និង​ភូមិ ដែល​សម្រេច​បាន​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល ​សរុប​ ១០០​ភាគរយ។ 

លោក​បញ្ជាក់​ថា៖ «ការ​បញ្ចប់​ការបន្ទោបង់​ពាសវាល​ពាសកាល​នេះ​ គឺ​ជា​មោទនភាព ​ធំធេង​ណាស់ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏ដូចពល​រដ្ឋខេត្ត​កំពង់ចាម​ទាំង​មូល»។ 

លោក​បាន​លើក​ឡើង​ថា ការ​សម្រេច​បាន​សមិទ្ធ​ផល​នេះ ​គឺពិតជា កើត​ឡើង​ដោយសារ​ការ​តាំងចិត្ត​ ការប្តេជ្ញា​ចិត្តរួម​គ្នា​របស់ថ្នាក់​ដឹក​នាំ និង​មន្ត្រីពាក់​ព័ន្ធក្នុង​ការ​ខិតខំប្រឹង​ប្រែង ជំរុញ​ឱ្យ​សម្រេចបាន​នូវ​ការ​បញ្ចប់​ការ​បន្ទោ​បង់ពាស​វាល​ពាស​កាល នៅ​ត្រឹម​ឆ្នាំ២០២៤ ​ដែល​ស្រប​តាម​គោល​ដៅ​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ ​បាន​កំណត់ តាម​ផែន​ការ​ដាក់​ចេញ​ដោយ​ជោគជ័យ។

ក្រៅពីនោះ​ វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ​និង​អនាម័យ​ក្នុង​ខេត្ត​ ក៏មានការ​កើន​ឡើង​ជា​លំដាប់​ផងដែរ ​ដោយ​សារ​តែ​ជីវភាព​ប្រជា​ពលរដ្ឋ មានការ​រីកចំរើន​។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ២០២៤​ បណ្ដាញ​ប្រព័ន្ធ​ទុយោ​ទឹក​មាន​ចំនួន​៦១​កន្លែង ​ដែល​សរុបមាន​អ្នក​ប្រើ​ប្រាស់​ទឹក​ស្អាត​៩៥,២៥​ភាគរយ ។ 

អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ក៏​បាន​អបអរ​សាទរដល់​ខេត្ត​កំពង់​ចាម ដែល​ទទួល​បាន​ជ័យលា​ភីជា​ខេ​ត្តទី​៨ បាន​បញ្ចប់​ការបន្ទោ​បង់ពាស​វាលពាស​កាល។

អង្គការ​បាន​កត់​សម្គាល់ថា​ នេះ​ជា​សមិ​ទ្ធិផលដ៏ត្រ​ចះ​ត្រចង់​មួយ​ ក្រោម​ការដឹក​នាំ​របស់​ក្រសួង​អភិវឌ្ឍជនបទ ​សហការ​ជាមួយ​រដ្ឋ​បាល​ខេត្តកំពង់​ចាម​ ក្រោម​ការគាំ​ទ្ររបស់​អង្គការ​ភ្លែន​អន្តរ​ជាតិ​កម្ពុជា និង​អង្គការ​ដៃ​គូអភិវឌ្ឍ​ផ្សេងៗ​ទៀត។

លោក​រដ្ឋ​មន្ត្រី​ក៏បានលើក​ឡើង​ក្នុង​ឱកាស​នោះ​ដែរ​ថា​ ជាមួយនឹង​សមិទ្ធផល ​រីកចម្រើន​​លើ​គ្រប់​វិស័យ របស់​ខេត្ត​កំពង់ចាម ធ្វើឱ្យកម្រិត​ជីវភាពរបស់​ពលរដ្ឋ ​កាន់​តែ​ប្រសើរ​ឡើង។ ជាពិសេស ​ការកែ​លម្អលក្ខ​ខណ្ឌ​នៃការ​រស់​នៅ​​តាមរយៈ​ការលើក​កម្ពស់​ការផ្គត់​ផ្គង់​សេវាទឹក​ស្អាត និង​អនាម័យ។ ទាំង​នោះ ​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​ប្រជា​ពលរដ្ឋ ​ឱ្យ​ប្ដូរ​ទម្លាប់​ពី​ការ​ផឹក​ទឹក​គ្មាន​សុវត្ថិភាព​ មក​ផឹក​ទឹក​ស្អាត ដែល​ជួយ​ទ្រទ្រង់​សុខ​ភាព និង​ពីការ​បន្ទោបង់​ពាសវាល​ពាស​កាល ទៅ​ជា​ប្រើប្រាស់​បង្គន់​អនាម័យ និង​រស់​នៅ បែប​ស៊ី​វិល័យ ។ 

លោករដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ថា​ នាពេលបច្ចុប្បន្ន ​ក្រសួង​កំពុង​បន្ត​អនុវត្ត​ផែន​ការ​សកម្មភាព​ជាតិ​ ស្ដី​ពី​ការផ្គត់​ផ្គង់​ទឹក​ស្អាត ​ការ​សម្អាត​ និង​អនាម័យ​ជនបទ។  មក​ដល់​ពេល​នេះ​ អត្រា​គ្រប​ដណ្ដប់ ​ទឹក​ស្អាត និង​អនាម័យ​ជន​បទ ​ទូទាំង​ប្រទេស ​សម្រេច​បាន​ប្រមាណ​ជា ​៨១​ភាគរយ ​និង​ឆ្នាំ​២០៣០ ​ត្រូវ​សម្រេច ឱ្យ​បាន​នូវ​អត្រា​គ្រប់​ដណ្ដប់​១០០​ភាគរយ។

ចាប់​តាំង​ឆ្នាំ ២០២៣ ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​បាន​ផ្តល់បង្គន់​អនាម័យ​តាម​ខ្នងផ្ទះ​ជាង​២៨ ០០០ ហើយ​បង្គន់​អនាម័យ​ប្រើប្រាស់​រួម ៧៣កន្លែង និង​កន្លែង​លាង​សម្អាត​ដៃបាន​ចំនួន ២ ៤០០កន្លែង៕