ពោធិ៍សាត់ៈ​ កំណាត់​ផ្លូវ​ជាតិ​លេខ​១០ ពី​ឃុំ​ប្រម៉ោយ ​ទៅ​ឃុំ​អូរ​សោម ​ក្នុង​ស្រុក​វាលវែង ​ខេត្តពោធិ៍សាត់​បាន​ប្រេះ​ស្រុត ហើយ​ចរាចរណ៍​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន ​ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​មក​នេះ។

លោក​ធាង ឡេង ​អភិបាល​ស្រុក​វាលវែង​បាន​ឱ្យដឹងថា ​នៅ​ក្នុង​ដើម​ខែ​វស្សា​នេះ ​ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ប្រមា​ណក​ន្លះ​ខែ​មក​ហើយ ​ដែល​បណ្តាល​ឱ្យ​កំណាត់​ផ្លូវ​ជាតិ​លេខ​១០ ដែល​ក្រុមហ៊ុន​វិនិយោគ​ចិនមួយ​កំពុង​តែ​សាង​សង់​នោះ​បាន​ប្រេះ​ស្រុត។ ឧប្បត្តិ​ហេតុ​ប្រេះ​ស្រុត​នេះ​បាន​ធ្វើ​ឱ្យ ​ចរាចរណ៍​ត្រូវ​បាន​ផ្អាក​ចាប់​ពី​ល្ងាច​ ថ្ងៃ​ទី​២៥​ កក្កដា​មក។

លោក​បញ្ជាក់ថា៖«​កំណាត់​ផ្លូវ​ហ្នឹង​ វា​ប្រេះ​ស្រុត។​ កន្លែង​បាក់​ហ្នឹង​ចូល​ប្រហែល​ជាជាង​១០០ម៉ែត្រអី​ហើយក​ន្លែង​ហ្នឹង ដោយ​សារ​តែភ្លៀង​ច្រើន។ ឥលូវ​លែង​ឆ្លង​កាត់​បាន​ហើយ​ចាប់​ទាំង​ពី​ល្ងាច​មិញ (ថ្ងៃ​ទី២៥ ​កក្កដា)។ ផ្លូវ​ហ្នឹង​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​កំពុង​តែ​ធ្វើ​ មិន​ទាន់​រួច​ទេ ​តែ​ក៏​ជួប​បញ្ហា​ហ្នឹង​ឡើង»។

លោក​បាន​ឱ្យដឹង​ថា ​រហូត​មក​ដល់​នឹង​ថ្ងៃ​ទី២៦ កក្កដា​នេះ​ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ ដែល​ជួន​កាល​ធ្លាក់​ខ្លាំង​ និង​ជួន​កាល​ធ្លាក់​តិច​តួច។ ទោះ​យ៉ាង​ណា ​ដោយសារតែ​នៅទីនោះ​ជា​តំបន់​ភ្នំ ​ទើប​ការ​ធ្លាក់​ភ្លៀង​នេះ​ មិន​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ ផល​ដំណាំ ​និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​នោះ​ទេ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ដើម្បី​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន​ មាន​តែ​មធ្យោបាយ​ធ្វើ​ផ្លូវ​វាង​មួយ​ទេ ​នៅ​ពេល​ដែល​ភ្លៀង​រាំង។ 

គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ​ដែល​មាន​ប្រវែង​ជាង​១៩៨​គ.ម និង​ទទឹង​៩​ម៉ែត្រ ​សម្រេច​បាន​៨៨,៣៨ភាគរយ ​គិត​ត្រឹម​ដំណាច់​ខែ​មិថុនា​កន្លង​មក។ គម្រោង​សាង​សង់​ផ្លូវ​នេះ​មាន​រយៈ​ពេល​ ៦៦ខែ ​ដែល​បាន​ចាប់ផ្ដើម​សាងសង់​ពីថ្ងៃ​ទី១៨ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​មក​ហើយ​គ្រោង​នឹង​បញ្ចប់​នា​ខែ​មិថុនា ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ក្រ​សួង​សា​ធារ​ណការ។

គម្រោង​នេះ​ចាប់​ផ្តើម​នៅ​ភូមិក​ញ្ចាំង ​ឃុំ​ស៊ុង ​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង​ ឆ្លង​កាត់​ឃុំ​ប្រម៉ោយ ​ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ​រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៤៨ ​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ​ខេត្ត​កោះកុង។

ទោះ​បី​ជា​ស្ថិត​ក្នុង​កំពុង​តែ​សាង​សង់​យ៉ាង​ណា​ក៏​ដោយ​ ​ក៏នៅ​រដូវ​វស្សា​នេះ​ផ្លូវ​ជាតិ​លេខ​១០ ប្រជាពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ឆ្លង​កាត់​បានដែរ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​ទឹក​ភ្លៀង​នេះ​ផង​ដែរ​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​លោក​ចាន់ ​សុវុឌ្ឍ និង​ក្រុម​ការ​ងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់ ​នៅ​ស្រុក​ចំនួន២ក្នុង​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃទី២៤​ ខែ​កក្កដា​នេះ។

ការ​ចុះ​ពិនិត្យ​ជាក់​ស្តែង​នេះ​បង្ហាញ​ថា​ មាន​ផ្ទៃ​ដី​ទំហំ ៣២៣​ហិកតា ​នៅឃុំ​ព្រែក​នរិន្ទ ស្រុកឯកភ្នំ និងឃុំ​ភ្នំសំពៅ ស្រុក​បាណន់បានទទួល​រង​ការ​ជន់​លិច​។​ យ៉ាង​ណា ​ស្ថាន​ភាពស្ថានភាព​ទឹក​ជំនន់​កំពុង​ស្រក​ទៅវិញ​ជាបណ្តើរៗ​ហើយ។  នេះ​​បើ​យោង​តាម​ក្រសួងក​សិកម្ម។

លោក​រដ្ឋលេខា​ធិការ បាន​ចាត់​តាំង​ឱ្យ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​​សហការ​ជាមួយ​អាជ្ញាធ​រមូលដ្ឋាន រិះ​រក​វិធី និង​មធ្យោបាយ​ផ្សេងៗ ​ដើម្បី​បង្ហូរ​ទឹក​នេះ​ឱ្យ​ស្រក​បាន​លឿន ​ចៀសវា​ងការខូច​ខាត​ដំណាំ​ស្រូវ​ធ្ងន់​ធ្ងរ។

លោកអ៊ិន ​សុវណ្ណមុន្នី ​អនុ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​មន្ទីរ​កសិកម្ម ​បាន​សហការ​ជាមួយ​នឹង​មន្ទីរ​ធន​ធាន​ទឹក ​និង​ឧតុនិយម​ខេត្ត ​ដើម្បី​ធ្វើ​ការ​រំដោះ​ទឹក​ចេញ​ចាប់​ទាំង​ពី​ថ្ងៃ​ទី​២៤ ​កក្កដា​មក​ម៉្លេះ ​ខណៈ​ពេល​ដែល​ទឹក​ក៏បាន​ចា​ប់ផ្តើម​ស្រក​ទៅ​វិញ​ផង​ដែរ។

លោក​បាន​អះ​អាង​ថា ​ទោះ​បី​ជា​មាន​ការ​លិច​យ៉ាង​ណា​ក៏​ដោយ​ ក៏​វា​មិន​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ស្រូវ​នោះ​ដែរ៕