
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាខេត្តតាកែវ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយនាថ្ងៃទី២៦ ខែកក្កដា។ ក្រសួងសាធារណៈការ
តាកែវៈ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) សាខាខេត្តតាកែវ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការហើយនាថ្ងៃទី២៦ ខែកក្កដា ខណៈពេលបច្ចុប្បនេះកម្ពុជាមានទីតាំងឆៀកចំនួន ២២ ហើយ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នាមានប្រសាសន៍ក្នុងឱកាសនោះថា មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយ ក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ការបង្ខិតសេវានេះ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង និងអង្គភាពថ្នាក់ក្រោមជាតិជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកបានបន្តថា ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក៏ត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈយានជំនិះ ដើម្បីសម្រួលដល់កាផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។
ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងបង្កើនជំនឿទុកចិត្តនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ន ប្រទេសកម្ពុជាមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដែលកំពុងដំណើរការសរុប ២២ទីតាំង។ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៨ទីតាំង និងខេត្តមានចំនួន ១៤ទីតាំង កំពុងធ្វើប្រតិបត្តិការអាជីវកម្ម ដូចជាខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះស៊ីហនុ ខេត្តកំពង់ស្ពឺ ក្រចេះ រតនគីរីកំពង់ឆ្នាំងព្រះវិហា កំពង់ធំបន្ទាយមានជ័យ ស្វាយរៀង កំពត និងខេត្តតាកែវ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាខាខេត្តតាកែវ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រ វីហ៊ីឃល អ៊ីនស្ពេកសិន ខមភេនី (CMVIC)នេះ មានទំហំផ្ទៃដីប្រមាណ ៤ពាន់ម៉ែត្រការ៉េ។ មណ្ឌលនេះបានចាប់ផ្តើមសាងសង់ឡើងនៅដើមខែតុលា ឆ្នាំ២០២៣ ហើយទើបបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។
មណ្ឌលនេះរួមមានសំណង់អគារ ដែលបំពាក់ដោយឧបករណ៍ឆៀកចំនួន១ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០២៣។ ក្នុងនោះរួមមានឧបករណ៍វាស់ផ្សែងសាំង-ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។
លោកឃាង ឌី អ្នករត់តាក់ស៊ីពីស្រុកគិរីវង់ ក្នុងខេត្តតាកែវ ទៅភ្នំពេញបានឱ្យដឹងថា កាលពីមិនទាន់មានមណ្ឌលឆៀកយានជំនិះនៅខេត្តតាកែវ លោកនិងពលរដ្ឋផ្សេងទៀតភាគច្រើនបានយករថយន្តទៅឆៀកនៅភ្នំពេញ នៅពេលដែលផុតកំណត់សុពលភាព។ ប៉ុន្តែពេលនេះ មានមណ្ឌលឆៀកនៅខេត្តតាកែវបែបនេះ វាជិត និងងាយស្រួលដល់ពលរដ្ឋមូលដ្ឋាន។
លោកបាននិយាយដូច្នេះថា៖«មាននៅជិតអញ្ជឹងស្រួលដែរ មិនចាំបាច់ទៅឆៀកនៅភ្នំពេញទេ។ ឡានខ្ញុំរត់តាក់ស៊ីចឹងឆៀកមួយឆ្នាំម្តង។ ខ្ញុំតែងតែឆៀកមិនដែលខានទេ មួយឆ្នាំម្តង មិនឱ្យហួសសុពលភាពទេ»។
ចំនួនយានយន្តដែលបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមាន សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង។ ក្នុងនោះម៉ូតូចំនួន៦ ២៤៤ ០៩៦គ្រឿង។ នេះបើយោងតាមក្រសួងមហាផ្ទៃ៕