ខេត្ដរតនគិរី៖ ឧប្បត្ដិហេតុ​រញ្ជួយ​ដី​មិន​ធ្លាប់មាន​ពី​មុន​មក​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​វៀតណាម​នៅ​ថ្ងៃនេះ ​បានធ្វើ​ឱ្យ​រង្គើ​តំបន់​ខ្លះ​នៃ​​ខេត្ត​រតនគិរី។

វាជា​ឧប្បត្ដិហេតុ​ធម្មជាតិ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ដែល​បាន​បង្កើត​បឹងយក្ស​ឡោម​ដែល​មាន​អង្កត់ផ្ចិត​ប្រហែល ៨០០ ម៉ែត្រ និង​ជម្រៅ​រហូត​ដល់​ ៤៨ ម៉ែត្រ កាល​ពី​ប្រមាណ​ ៧០​ម៉ឺន​ឆ្នាំមុន​។​

គ្រោះរញ្ជួយ​ដី​កម្រិត ៥,១ ​រ៉ិចទ័រ បាន​វាយ​ប្រហារ​តំបន់​ជុំវិញ​នៃ​ខេត្ដ Kon Tum ក្នុង​ប្រទេស​វៀតណាម នៅ​ម៉ោង ១១:៣៥​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក ដោយ​បង្ក​ជាការ​រញ្ជួយដី​​នៅ​ទូទាំង​តំបន់។

ផលប៉ះពាល់​នៃ​ការរញ្ជួយ​ដី​នេះ​បានធ្វើឱ្យ​ប្រជាជន​ក្នុងប្រទេស​កម្ពុ​ជាមាន​អារម្មណ៍​ព្រឺព្រួច ជាពិសេស​នៅ​ឃុំ​ឡា​បាន​សៀក ក្នុង​ក្រុង​បាន​លុង និង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

លោក ឆាយ ធី មេឃុំប៉ាតេ ស្ថិត​ក្នុងស្រុកអូ​រយ៉ាដាវ ខេត្តរ​តនគិរី បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​រញ្ជួញ​ដី​នេះ​កើត​ឡើង​ដោយ​អន្លើរ​នៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ​ជាដើម។ 

លោក​បាន​បន្ដថា៖ «វា​រង្គើដី និងញ័រ​ផ្ទះ​ តែមួយ​ភ្លែត​នៅស្រុក​អូរយ៉ាដាវ បរកែវ អណ្ដូងមាស ក្រុង​បានលុង​។ ប៉ុន្ដែ​វា​មិន​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យសម្បត្ដិ ឬ​របួស​ស្នាម​អ្វី​ឡើយ​»។ 

លោក​បាន​បន្ដថា ចំពោះ​ភូមិ​ប្លង់ នៃ​ឃុំ​ប៉ាតេ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ហេតុការណ៍​រង្គើ​ផ្ទះ​ ៣ ខ្នង​។ 

លោក ធី បាន​បញ្ជាក់ថា នេះ​ជា​ហេតុ​ការណ៍​លើក​ដំបូង​ដែល​ហើយ​តាំងពី​លោក​មក​រស់​នៅ​ខេត្ដ​រតនគិរី​អំឡុង​ឆ្នាំ​១៩៨៦​។ 

វីដេអូកាំមេរ៉ា ថតជាប់​សកម្មភាព​រង្គើ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​នៅក្នុង​ក្រុង​បាលុង ខេត្ត​រតនគិរី។ រូបថត ឆាយ ធី

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «[អភូតិហេតុធម្មជាតិ​] មាន​តែ​រាប់​ពាន់​ឆ្នាំ​មុន ដោយ​គេ​និយាយ​ថា បឹង​យក្សឡោម​ជា​បំផ្ទុះ​ភ្នំភ្លើង​»។ 

Volcanodiscovery បាន​រាយការណ៍​ថា ការ​ញ័រ​រញ្ជួយ​ដីតិច​តួច​បាន​កើតឡើង​នៅ​​ក្រុង​បាន​លុង និង​លំផាត់​។​ ​នៅ​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​ចម្ងាយ ៥០៨​ គីឡូម៉ែត្រ ភាគ​និរតី​នៃ​ចំណុចកណ្តាល ការរញ្ជួយ​ដី​នេះ​ស្ទើរ​តែ​មិន​មាន​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​នោះទេ​​។​

គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ​ប្រទេស​វៀតណាម ដែល​បណ្តាលឱ្យ​មានការ​រញ្ជួយ​យ៉ាងខ្លាំង​នៅ​ជិត​ចំណុចកណ្តាល ដោយសារតែវាមាន​អានុភាព​រញ្ជួយ​ជម្រៅ ៤,៥​ គីឡូម៉ែត្រ​។​

របាយការណ៍​បាន​បង្ហាញថា ការ​រញ្ជួយ​នេះ​បាន​ជះឥទ្ធិពល​ទៅ​ដល់​​តំបន់​មួយចំនួន​ ដូចជា ដាណាង​ ទីក្រុង Pleiku និង​ទីក្រុង​ហូជីមិញ​។​

ថ្វីត្បិតតែ​កម្លាំង​រញ្ជួយ​នេះ មិនទាន់មាន​របាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត ឬ​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​នៅឡើយ ​​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​កំពុង​ត្រូវបាន​បន្ដ​ធ្វើ​​។​

យោងតាម​សារព័ត៌មាន Nation របស់​ថៃ​ បានឱ្យដឹងថា ការរញ្ជួយ​ដី​កម្រិត ៥,៣​ រិច​ទ័​រ នៅក្នុង​ប្រទេស​វៀតណាម ​បាន​បង្ក​ការ​​រញ្ជួយ​នៅក្នុង​ខេត្តអ៊ូប៊ុន រ៉ាតឆាថានី​ និង សាកន ណាខន​Nakhon របស់​ប្រទេស​ថៃ​ផងដែរ​។​

ការរញ្ជួយ​ដី​ដែល​កើតឡើង​នៅ​ជម្រៅ ១០​ គីឡូម៉ែត្រ និងចម្ងាយ​ ៣៦១​ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ស្រុក មួង​ នៃ​ខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បាន​បណ្តាលឱ្យ​អគារ​នានា​ញ័រ និង​ធ្វើឱ្យ​មនុស្ស​វិលមុខ​​​។ ​​

សកម្មភាព​រញ្ជួយ​ដី​របស់​ប្រទេស​វៀតណាមកន្លងមក​ ​រួមមាន ​ការរញ្ជួយ​ដី​​​កម្រិត ៦,២​ រិច​ទ័​រ​ក្នុង​ឆ្នាំ២០១៩ នៅ​ជិត​ទីក្រុង Dien Bien Phu និងការ​រញ្ជួយ​ដី​​កម្រិត ៥,៧​ រ៉ិ​ច​ទ័​រ​​​នៅ​ឆ្នាំ២០២១ និង​ឆ្នាំ​២០១៨​។​

ការរញ្ជួយ​ដី​នៅថ្ងៃ​​នេះ បាន​ផ្ដល់​ជា​សញ្ញា​ក្រើន​រំឭក​ប្រុង​ប្រយ័ត្ន​​​ក្នុងចំណោម​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍៕