​សៀមរាប៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ជួសជុល​បច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ខ្លោងទ្វារ​ទន្លេ​អ៊ុំ ក្រុងអង្គរធំ បន្ទាប់ពី​ខ្យល់ព្យុះ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ធ្វើឱ្យ​មាន​ការ​ខូចខាត​​ដល់​ចម្លាក់​បុរាណ​មួយ​ចំនួន។

លោក កឹម សុធិន ជា​អគ្គនាយក និង​ជំនួយ​ការ​អាជ្ញាធរជាតិ​អប្សរា ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​អភិរក្ស​បូជនីយដ្ឋាន និង​បុរាណ​វិទ្យា បាន​ឱ្យ​ដឹង​ថា ការ​ដួល​រលំ​ដើម​ឈើ​នៅ​ខ្លោង​ទ្វារ​ទន្លេអុំ ក្រុង​អង្គរ​ធំ បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ចម្លាក់​អសុរា​ចំនួន ៥ និង​ទេវតា​ចំនួន​៣។ 

លោក សុធិន បាន​ឱ្យ​ដឹងថា​៖ «​ព្រះ​កេស​របស់​អសុរា​​មួយ​បាន​ខ្ទាត​ឆ្ងាយ​ប្រហែល​ ១០ ម៉ែត្រ​ ហើយ​បំបែក​ជាច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​ទឹក​កសិណ»។ 

លោក​បាន​បន្ដថា​ បច្ចុប្បន្ន​នេះ ក្រុម​ការងារ​បាន​ជ្រមុជ​ទឹក​ស្រង់​បំណែក​ទាំង​នោះ​បាន​ឡើង​គោក​វិញ​អស់​ហើយ​ នៅឡើយ​តែ​ការ​ជួសជុល​តភ្ជាប់​វិញ​ទេ។ 

លោកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​នៅ​សល់​ ២-៣ រូប​ទៀត ដែល​មិន​ទាន់​បាន​ផ្គុំ​វិញ​រួច​រាល់ ដោយសារ​សព្វថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បង្ក​ជាការ​លំបាក​ក្នុង​ការ​បិត​ភ្ជាប់​ចម្លាក់​ឡើង​វិញ​»។ 

លោក Andy Brouwer អ្នក​ស្រាវជ្រាវ​ឯករាជ្យ ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វប្បធម៌​ខ្មែរ ជាពិសេស​ប្រាសាទ និង​ប្រវត្តិសាស្ត្រ​​​​ បាន​ចែក​រំលែក​ព័ត៌មាន​ថ្មីៗ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។

លោក​បន្តថា ក្រុម​ការងារ​អប្សរា​បានស្រង់​ព្រះ​កេស​អសុរា​ចេញ​ពី​កសិណ ហើយ​កំពុង​ធ្វើការ​ជួសជុល​​ចម្លាក់​​ដែល​រង​ការខូចខាត​ផ្សេង​ទៀត​ឱ្យ​បាន​យ៉ាង​ឆាប់រហ័ស​។​

មន្ត្រីជំនាញ​ជួសជុលចម្លាក់ដែលបានបាក់ដួលរលំ​នៅ​ខ្លោងទ្វារ​ទន្លេ​អ៊ុំ។ រូបថត អាជ្ញាធរអប្សរា

លោក Brouwer ដែលតែងតែ​ផ្សព្វផ្សាយ​ពី​​ការជួញដូរ​វត្ថុ​បុរាណ​ខ្មែរ​​​ខុសច្បាប់​របស់​បុគ្គល​នានា ​ដូចជា​លោក Douglas Latchford បាន​និយាយ​ថា៖ «យើង​មើល​ឃើញ​ពី​ឧប្បត្ដិ​ហេតុ​នេះ​​ ហើយ​វា​បង្ហាញ​ពី​ភាព​ផុយស្រួយ​នៃ​ប្រាសាទ​អង្គរ​ដែល​អាច​រង​គ្រោះ​ពី​បញ្ហា​​ធម្មជាតិ​»។​

ឆ្លើយតប​នឹង​ឧបទ្ទវ​ហេតុ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់វិធានការ​យ៉ាងសកម្ម ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​កើតមានឡើង​នៅ​ថ្ងៃ​អនាគត​។​

កាលពីថ្ងៃ​ទី ២៧​ ខែកក្កដា អាជ្ញាធរ​អប្សរា បាន​​កាត់ក្រី និង​ដកហូត​ដើមឈើ​មាន​ហានិភ័យ​នៅរមណីយដ្ឋាន​អង្គរ។ 

យោង​តាម​ទំព័រ​ហ្វេសប៊ុករបស់​អាជ្ញាធរ​អប្សរា បាន​ឱ្យ​ដឹង​ថា៖ «ក្រុម​ការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនា​សម្ព័ន្ធ នៃ​អាជ្ញាធរជាតិ​អប្សរា​ចុះ​ពិនិត្យ និង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ ដើម្បី​ធានា​សុវត្តិភាព​ជូន​ភ្ញៀវ​ទេសចរ ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ»។

វា​ជា​ផ្នែក​មួយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា (ANA) ដែល​គ្រោង​កាប់​ និង​កាត់ក្រី​ដើមឈើ​ជាច្រើន​ដើម ដើម្បី​សុវត្ថិភាព​នៅ​ឧទ្យាន​បុរាណ​វិទ្យា​អង្គរ។

ក្រុម​ការងារ​អាជ្ញាធរជាតិ​អប្សរា​ចុះ​ពិនិត្យ និង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ នាពេលកន្លងមក។

នៅក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ អាជ្ញាធរ​អប្សរា​ បានប្រកាស​ផែនការ​កាប់​ ឬ​កាត់ក្រី​​ដើមឈើ​ដែលមាន​ហានិភ័យ​ខ្ពស់​ជាង ១០០ ដើម​នៅ​តាម​ប្រាសាទ​ចំនួន​ប្រាំពីរ និង​តំបន់​សំខាន់ៗ​នៅ​​ឧទ្យាន ដើម្បី​ធានា​សុវត្ថិភាព​ភ្ញៀវទេសចរ និង​សាធារណជន។

នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព វប្បធម៌ និង​បរិស្ថាន គ្រោង​កាប់​ឈើ​២៣​ដើម និង​កាត់​មែក​១២៨​ដើម​បន្ថែមទៀត​។​

សកម្មភាព​ជាក់​លា​ក់រួ​ម​មានការ​កាប់​ដើមឈើ​ចំនួន ៤ ដើម និង​កាត់ចេញ​ចំនួន ៥៣ ដើម​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ព្រម​ទាំង​ការដក​ដើមឈើ​ចំនួន ១៣ ដើម​នៅ​ប្រាសាទបាយ័ន​។ កិច្ចខិតខំ​ប្រឹងប្រែង​ស្រដៀង​គ្នា​នេះ​កំពុងដំណើរការ​នៅ​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​នៅក្នុង​ឧទ្យាន​។​

វិធានការ​ទាំង​នេះ ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ឧបទ្ទវហេតុ​កន្លងមក ដូចជា មែកឈើ​ធំ​ធ្លាក់​មកលើ​រថយន្ត​ក្រុង​ទេសចរណ៍ នៅ​ប្រាសាទប្រែរូប​ ដែល​ជា​សំណាង​ល្អ​មិន​បណ្តាលឱ្យ​​មាន​អ្នករងរបួស៕