ភ្នំពេញៈ ទឹក​ជំនន់​ព្រែក​ត្នោត និង​ទឹក​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​ទៀត​បាន​ឡើង​ដល់​កម្រិត​​ប្រកាស​អាសន្ន​ហើយ ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​រាប់រយ​គ្រួសារ ខណៈ​ក្រពើ​មួយ​ក្បាល​កំពុង​តែ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

លោក អ៊ុន សុខរុំ ចៅ​សង្កាត់​គងនយ​ក្នុង​ខណ្ឌដង្កោ​បាន​ឱ្យ​ដឹង​ថា ទឹក​ស្ទឹង​ព្រែកត្នោត​បាន​ចាប់​ផ្តើម​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ហើយ​រហូត​មក​​ដល់​នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ៣៩​ខ្នង​ផ្ទះ ដែល​ស្មើនឹង ៤៣​គ្រួសារ។

លោក​បាន​បញ្ជាក់​ថា៖ «ទឹក​បាន​ចូល​ដល់​ផ្ទះ​ពលរដ្ឋ​ខ្លះ​ហើយ តែ​មិន​ទាន់​មាន​ការ​ជម្លៀស​ចេញ​ពី​ផ្ទះ​នោះ​ទេ។ តាម​រយៈ​ព័ត៌មាន​មក​ថា ស្ថានភាព​ទឹក​នៅ​ខាង​លើ​បាន​ស្រក​ហើយ»។

កាល​ពី​ថ្ងៃ​អាទិត្យ រដ្ឋបាល​សង្កាត់​ គងនយ បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​មូល​ដ្ឋាន​សង្កាត់​ថា៖ «ទឹក​ជំនន់​ស្ទឹង​ព្រែកត្នោត បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ និង​បាន​លិច​ចូល​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាជន​ហើយ។ អាស្រ័យ​ហេតុ​នេះ សូម​បងប្អូន​ទាំងអស់​សូម​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​គ្រោះ​ធម្មជាតិ​នេះ»។

លើស​ពី​នោះ ពលរដ្ឋ​ជិត ៥០០​គ្រួសារ​នៅ​ក្នុង​ក្រុង តាខ្មៅ និង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​ហក់​ឡើង​នៃ​ទឹក​ស្ទឹង​ព្រែកត្នោត​នេះ​ផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ភ្លៀងធ្លាក់​ជា​បន្តបន្ទាប់ ដែល​បណ្ដាល​ធ្វើ​ឱ្យ​ស្ទឹង​ព្រែកត្នោត និង​តំបន់​មួយ​ចំនួន​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។ ក្នុង​នោះ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មាន​ពលរដ្ឋ​ចំនួន ១១០​គ្រួសារ​បាន​រង​ការ​ជន់លិច​ដោយ​ជំនន់​ទឹក​ភ្លៀង និង បាន​រក​ទីទួល​សុវត្ថិភាព​រួច​ហើយ និង ៨៨ គ្រួសារ​ទៀត​ទទួល​រង​នូវ​ផល​ប៉ះពាល់។

ដោយឡែក នៅ​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង មាន ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង​មាន​ចំនួន ២៩៤​គ្រួសារ ហើយ​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​មាន​ចំនួន ៣៧​គ្រួសារ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា។

អភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ក៏​បាន​ប្រកាស​ផងដែរ​ថា ជំនន់​ទឹក​ភ្លៀង​បាន​ចូល​ដល់​ភូមិ​គៀន​ជង្រុក ស្ថិត​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង។ ជំនន់​ទឹក​ភ្លៀង​នេះ ក៏​បាន​នាំ​នូវ​សត្វ​ក្រពើ​មួយ​ក្បាល​ផងដែរ។

ក្រពើមួយក្បាលត្រូវពលរដ្ឋប្រទះឃើញ ដែលបានតាមទឹកជំនន់ នៅ​ភូមិ​គៀន​ជង្រុក ស្ថិត​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង។ ហ្វេសប៊ុកលោក ខូយ រីដា

លោក​បាន​បញ្ជាក់​ថា៖ «សត្វក្រពើ​ក៏​មក​ជាមួយ​ផងដែរ បាត់ក្ងាន បាត់ទា​ពលរដ្ឋ​បន្តបន្ទាប់។​សូមបង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ជាពិសេស​កូនតូចៗ»។

លោក គឹម សារុន ក្រុម​ប្រឹក្សា​ឃុំ អូរសោម បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​មួយ​ក្បាល​នៅ​​ខាង​ក្រោយ​ពួកគាត់ ក្រោយ​ពី​ទឹក​ចូល​ដល់​ភូមិ​ កាល​ពី​ថ្ងៃទី​២៦ ខែ​កក្កដា។ ក្រពើ​នោះ​មិន​ដឹង​មក​ពី​ប្រភព​ណា​​ឱ្យ​ច្បាស់លាស់​នោះ​ទេ។ ប៉ុន្តែ នៅ​តំបន់​នោះ​មាន​ក្រពើ​ភ្នំ ដែល​ត្រូវ​បាន​អភិរក្ស។

ទោះយ៉ាងណា លោក​បាន​អះអាង​ថា សត្វ​ក្រពើ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នោះ​ មាន​ទ្រង់ទ្រាយ​ធំ មិន​ដូច​ក្រពើភ្នំ​នោះ​ទេ ហើយ​វា​ចាប់​សត្វក្ងាន និង​ទា​អ្នក​ភូមិស៊ី ប៉ុន្តែ សត្វ​ក្រពើ​ភ្នំ ភាគ​ច្រើន​ស៊ី​តែ​ត្រី​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «មិន​ដែល​ឃើញ​ក្រពើ​ចូល​ដល់​ភូមិ​អញ្ជឹង​ទេ។ យើង​មិន​ទាន់​ដឹង​ថា វាជា​ក្រពើ​ភ្នំ ឬ​យ៉ាង​ណា​នោះ​ទេ ទាល់​តែ​ខាង​ជំនាញ។ វា​ចាប់​ស៊ីក្ងាន​មួយក្បាល និង​ទា​ជាច្រើន​ទៀត។ យើង​ហាម​ពលរដ្ឋ​កុំ​ឱ្យ​នៅ​ក្បែរ​ទឹក»។

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ជំនន់​ទឹក​ភ្លៀង​នេះ​បាន​លិច​ផ្ទះ​ពលរដ្ឋ​ជាង ១០​គ្រួសារ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទឹក​បាន​ស្រក​ទៅ​វិញ​ខ្លះ​ហើយ។

ចំណែក​ឯ រដ្ឋបាល​ខេត្ត​កំពង់ធំ ក៏​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផងដែរ ក្រោយ​ពី​ទឹក​ស្ទឹងសែន​បាន​ឡើង​លើស​ពី ១៣,៥០​ម៉ែត្រ ដែល​ជា​កម្រិត​ប្រកាស​អាសន្ន។

រដ្ឋបាល​ខេត្ត​បាន​ក្រើន​រំលឹក​ពលរដ្ឋ​ថា ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជាយ​ថាហេតុ សូម​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ កំពង់ធំ​ទាំងអស់ និង បងប្អូន​ដែល​រស់នៅ​តាម​បណ្តោយ​ដង​ស្ទឹងសែន ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​តំបន់​ងាយ​រងគ្រោះ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ហាម​កូន​ចៅ​តូចៗ​កុំ​ឱ្យ​​ចុះ​លេង​ទឹក និង​ត្រូវ​ត្រៀម​រៀបចំ​ទុក​ដាក់​នូវ​សម្ភារៈ​ឯកសារ​សំខាន់ៗ​ដែល​ចាំបាច់​ឱ្យ​បាន​ត្រឹមត្រូវ។

រដ្ឋបាលខេត្ត​ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​ត្រៀម​រៀបចំ​ ផែនការ​អន្តរាគមន៍ និង ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​សមរម្យ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល សុវត្ថិភាព ក្នុង​អំឡុង​ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​មក​ដល់។ ម្យ៉ាង​វិញ​ទៀត ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​អនាម័យ ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ផ្សេងៗ៕