ភ្នំពេញៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​ប្រទេស​សមាជិក​វេទិកា​តំបន់​អាស៊ាន​ជំរុញ​កិច្ច​សន្ទនា​ស្ថាបនា និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​សម្រាប់​ការ​កសាង​ទំនុក​ចិត្ត​និង​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង និង​ក្រៅ​តំបន់។ 

លោក សុខ ចិន្តាសោភា ដែល​ជា​ឧប​នាយករដ្ឋមន្ត្រី​អំពាវនាវ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) លើក​ទី៣១ កាល​ពី​ថ្ងៃទី២៧ កក្កដា នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។

ARF បច្ចុប្បន្ន​​មាន​សមាជិក​ចំនួន ២៧​ប្រទេស រួមមាន ប្រទេស​សមាជិក​អាស៊ាន​ទាំង១០, ដៃគូ​សន្ទនា​អាស៊ាន​ទាំង១០ (អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប (EU) ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក), បង់ក្លាដែស កូរ៉េខាងជើង ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា ប៉ាពួញូហ្គីណេ និង​ទីម័រខាងកើត។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​របស់​វេទិកា​តំបន់​អាស៊ាន​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ ដែល​នៅ​ក្នុង​នេះ កិច្ច​សន្ទនា​ស្ថាបនា និង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង មាន​សារៈសំខាន់​សម្រាប់​ការ​កសាង ទំនុក​ចិត្ត​និង​ការ​ជឿជាក់​គ្នាទៅ​វិញ​ទៅ​មក ក្នុង​ចំណោម​ប្រទេស​សមាជិក​វេទិកា​តំបន់​អាស៊ាន ក្នុង​ការ​ថែ​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​និង​ក្រៅ​តំបន់»។ 

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នាថ្ងៃទី​២៩ កក្កដា ថា ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​នេះ គឺ​ដើម្បី​លើកទឹកចិត្ត និង​ក្រើន​រំឭក​ដល់​ប្រទេស​សមាជិក​អាស៊ាន​ពី​សារៈសំខាន់​នៃ​អាស៊ាន ក្នុង​នាម​ជា​ស្ថាប័ន​ប្រចាំ​តំបន់​មួយ​របស់​អាស៊ីអាគ្នេយ៍។ 

លោក​បន្ថែម​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការ​កើន​ឡើង​នៃ​ឥរិយាបថ​គាំពារ​និយម​របស់​រដ្ឋ​កំពុង​ជ្រាប​ចូល​បន្តិច​ម្តងៗ​ក្នុង​សហគមន៍​អាស៊ាន។ និរន្តរភាព​ក្នុង​ការ​សន្ទនា និង​សមត្ថភាព​របស់​សមាជិក​អាស៊ាន​បច្ចុប្បន្ន​ក្នុង​ការ​បង្កើត​វិធីសាស្ត្រ​ជាក់ស្ដែង ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​តំបន់ ​នឹង​មាន​សារៈសំខាន់​ខ្លាំង​នា​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ។ 

លោក ឯក ប៊ុនលី បន្ថែមថា ជាមួយ​នឹង​បញ្ហា​បច្ចុប្បន្ន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ភាព​តានតឹង​កើន​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង វា​មិនមែន​ជា​ផលប្រយោជន៍​សម្រាប់​តំបន់​នោះ​ទេ។ ប្រសិន​បើ​រដ្ឋ​ណា​មួយ​ជ្រើសរើស​មិន​អើពើ​នឹង​អង្គការ​តំបន់​មួយ​នេះ វា​នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​នូវ​ប្រសិទ្ធភាព​របស់​ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ «លាប​រូបភាព»​មិន​អំណោយ​ផល​ពី​ដៃគូ​សហការ​ខាង​ក្រៅ​មក​កាន់​សហគមន៍​នេះ​ផង​ដែរ»។

លោក​យល់​ឃើញ​ថា៖ «ការ​រួបរួម និង​កិច្ច​សហប្រតិបត្តិការ​របស់​ប្លុក [អាស៊ាន] ​គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​អាស៊ាន​នៅ​ពេល​នេះ។ រហូត​មក​ដល់​ពេល​នេះ យើង​គួរ​ឱ្យ​តម្លៃ​ខ្លះ​ដល់​អាស៊ាន​សម្រាប់​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កិច្ចសន្ទនា និង​រារាំង​សមាជិក​របស់​ខ្លួន ដោយ​និយាយ​សំដៅ​ទៅ​លើ​របប​យោធា​មីយ៉ាន់ម៉ា ពី​ភាព​ឯកោ​ទាំង​ស្រុង​ពី​ស្ថាប័ន​ក្នុង​តំបន់ ខណៈ​ពេល​ដែល​អាស៊ាន​ក៏​បាន​រក្សា​ផង​ដែរ​នូវ​ការ​សន្ទនា​រវាង​ប្រទេស​ចិន និង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង»។ 

ទោះ​ជា​យ៉ាង​ណាលោក ឯក ប៊ុនលី លើក​ឡើង​ថា អាស៊ាន និង​សមាជិក​របស់​ខ្លួន​ត្រូវ​ធ្វើការ​បន្ថែម​ទៀត ក្រៅ​ពី​ការ​អំពាវនាវ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​របស់​ខ្លួន និង​សមាជិក​សហការ​ផ្សេង​ទៀត​អំពី​ប្រសិទ្ធភាព​របស់​ស្ថាប័ន​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

លោក​ថា៖ «យ៉ាង​នេះក្តី នៅ​ទី​បំផុត​ទៅ យើង​គួរ​ទទួលស្គាល់​ថា​ការ​មាន​សហគមន៍​អាស៊ាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​ល្អ​ប្រសើរ​ជាង​ការ​មិន​មាន​សហគមន៍​នេះ​ទាល់​តែ​សោះ»។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក សុខ ចិន្តាសោភា បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្ត​បន្ទាប់​របស់​ប្រទេស​ឡាវ​ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥​ចំណុច​របស់​អាស៊ាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ជួយ​មីយ៉ាន់ម៉ា​វិលត្រឡប់​ទៅ​កាន់​ប្រក្រតី​ភាព​ឡើងវិញ។

ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការ​គាំទ្រ​ចំពោះ​ការងារ​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា។

លោក​ក៏​បាន​ជំរុញ​ចំពោះ​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ភាគី​ពាក់ព័ន្ធ​របស់​មីយ៉ាន់ម៉ា​ឱ្យ​មាន​កិច្ច​សន្ទនា ការ​ចរចា​បទ​ឈប់​បាញ់ និង​សន្តិភាព​យូរអង្វែង​តាម​រយៈ ដំណើរ​ការ​នយោបាយ​ប្រកប​ដោយ​សន្តិភាព ដែល​មីយ៉ាន់ម៉ា​ជា​អ្នក​ដឹកនាំ និង​ជា​ម្ចាស់។

កិច្ចប្រជុំ​នេះ​បាន​កញ្ជាក់​ពី​ការ​រួមចំណែក​ដ៏​សំខាន់​របស់ ARF ក្នុង​ការ​ជំរុញ កិច្ច​សហប្រតិបត្តិការ​និង​កិច្ច​សន្ទនា​ស្ថាបនា​លើ​បញ្ហា​នយោបាយ​និង​សន្តិសុខ​ក្នុង​តំបន់ ដែល​ជា​ផល​ប្រយោជន៍​និង​កង្វល់​រួម។ 

ដើម្បី​រក្សា​សន្ទុះ​វិជ្ជមាន​ឆ្ពោះ​ទៅ​មុខ រដ្ឋមន្ត្រី ARF បាន​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ផែនការ​សកម្មភាព​ ARF ហាណូយ (Hanoi) ​ទី២ ឆ្នាំ​២០២០-២០២៥ ឱ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រឹង​បន្ថែម​ទៀត​នូវ​តួនាទី​និង​ភារកិច្ច​របស់​វេទិកា​តំបន់​អាស៊ាន ក៏ដូចជា​ប្រសិទ្ធភាព​និង​សារៈសំខាន់​របស់​វេទិកា​នេះ ក្នុង​ការ​រួមចំណែក​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

កិច្ច​ប្រជុំ​នេះ​បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍ ARF ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​លើ​សុវត្ថិភាព​សាឡាង ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ និង​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សុវត្ថិភាព​សាឡាង​ក្នុង​តំបន់​តាមរយៈ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ឧត្តមានុវត្ត​ក្នុង​ចំណោម​ប្រទេស​សមាជិក ARF។

កិច្ចប្រជុំ​នេះ​ក៏បាន​ប្រកាស​ស្វាគមន៍​ការ​បោះពុម្ព​ផ្សាយ​ទស្សន​វិស័យ​សន្តិសុខ ARF ប្រចាំ​ឆ្នាំ២០២៤ ដែល​ក្នុង​នោះ​ប្រទេស​សមាជិក​បាន​ចែក​រំលែក​ទស្សនៈ​រៀងខ្លួន​អំពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​សន្តិភាព និង​សន្តិសុខ ដើម្បី​លើកកម្ពស់​តម្លាភាព​និង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រទេស​សមាជិក ARF។

ARF ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដែល​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​សន្ទនា​សន្តិសុខ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ វេទិកា​នេះ​ផ្តល់​នូវ​ឱកាស​សម្រាប់​សមាជិក ​ARF ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​នា​ពេល​បច្ចុប្បន្ន និង​ដាក់​ចេញ​វិធានការ​សហប្រតិបត្តិការ​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់៕