ឧទ្ធម្ភាគចក្រដែលបានបាត់អស់រយៈពេល១៧ ថ្ងៃមកហើយ ត្រូវបានរកឃើញហើយនៅថ្ងៃនេះនៅលើភ្នំយ៉ាវយ៉ៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធី៍សាត់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ។
ឧទ្ធម្ភាគចក្រនេះ បានបាត់តាំងពីថ្ងៃទី១២ ខែកក្កដា នៅតំបន់ជួរភ្នំក្រវាញ ដោយមានប្រធានក្រុមឈ្មោះ ស៊ុន ផល្លា និងអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ។
លោក ឈុំ សុជាតិ សរសេរនៅលើហ្វេសប៊ុកថា៖ «ឧទ្ធម្ភាគចក្រនេះត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមរូបភាពពីលើអាកាស យន្តហោះនេះរងការប៉ះទង្គិចនៅផ្នែកកន្ទុយ។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានបច្ចុប្បន្នភាពថាតើ វាបានធ្លាក់ឬយ៉ាងណា ហើយមនុស្សពីរនាក់នៅលើឧទ្ធម្ភាគចក្រនោះមានវាសនាយ៉ាងណានៅឡើយ។
លោក ខូយ រីដា ថ្លែងថា៖ «ដូចជាដាច់កន្ទុយ មិនខ្ទេចទេ នៅភ្នំយ៉ាវយ៉ៃ។ ឃើញនៅកណ្ដាលព្រៃភ្នំ ជ្រលងជ្រោះជ្រៅនៃភ្នំយ៉ាវយ៉ៃ។ យើងមិនទាន់មានព័ត៌មានលម្អិតទេ ហើយយន្តហោះបានឆ្វែលចុះ ទម្លាក់កងកម្លាំងពិសេសទៅទីនោះ។ ក្រសួងការពារជាតិកំពុងធ្វើការងារនេះ»។
គិតត្រឹមម៉ោង ៥:៣០ PM
អាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញស្លាប់ ខណៈម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា មិនទាន់ត្រូវបានរកឃើញ គិតមកត្រឹមម៉ោងនេះ។