ភ្នំពេញ៖ ក្រសួង​មហា​ផ្ទៃ​បង្កើត​ក្រុម​ការងារ​តាម​ដាន ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​ការ​អនុវត្ត​មូលនិធិ​ឃុំ​សង្កាត់​ដើម្បី​លើក​កម្ពស់​គុណភាព ​ប្រសិទ្ធភាព​ តម្លាភាព ​គណនេយ្យភាព និង បរិយាបន្ន។ មន្ត្រី​សង្គម​ស៊ីលវិល​ក៏​ចង់​ឃើញ​មូលនិធិ​ឃុំ​សង្កាត់​ចំណាយ​លើ​ការ​អភិវឌ្ឍ​ក្រៅ​ពី​ផ្លូវ​ថ្នល់។

សេចក្ដី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស សុខា​​ ចុះ​ថ្ងៃ​ទី២៦ ខែ​កក្កដា​នេះ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​នេះ​មាន​សមាជិក​ចំនួន ១៨ រូប មក​ពីស្ថាប័ន​ចំណុះ​ក្រសួង​មហាផ្ទៃ និង​​គណៈកម្មាធិការ​​ជាតិ​​សម្រាប់​​ការ​អភិវឌ្ឍ​​តាម​​បែប​​ប្រជាធិបតេយ្យ​​នៅ​​ថ្នាក់​ក្រោម​​ជាតិ (គ.ជ.អ.ប.)។

ក្រុមការងារ​នេះ​មាន​តួនាទី​និង​ភារកិច្ច​ត្រួត​​ពិនិត្យ​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​អ្នក​ទទួល​ការ​ (អ្នក​ដេញ​ថ្លៃ) ប្រចាំ​ឆ្នាំ​របស់​រដ្ឋបាល​រាជធានី ​ខេត្ត, ត្រួត​​ពិនិត្យ​ការ​រៀប​ចំ​ឯកសារ​សំណើ​គម្រោង និង​ឯកសារ​កិច្ច​សន្យា​គម្រោង ​ព្រម​ទាំង​​តាម​ដាន និង​វាយ​តម្លៃ​លើ​ការ​ប្រកាស​ជូន​​ដំណឹង​​​ស្តីពី​ការ​​ដេញ​​ថ្លៃ​​គម្រោង​​មូល​និធិឃុំ​ ​សង្កាត់ ​​នៅ​តាម​សាលាឃុំ សង្កាត់ ​សាលាក្រុង​ ស្រុក​ ខណ្ឌ ​សាលា​រាជធានី ​ខេត្ត និង​នៅ​លើ​គេហ​ទំព័រ ​គ.ជ.អ.ប.។​

កុ្រមការងារ​នេះ​ក៏​ត្រូវ​តាមដាន និង​វាយ​តម្លៃ​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​បើក​សំណើ​ដេញ​ថ្លៃ​គម្រោង​មូល​និធិឃុំ ​សង្កាត់​ សហការ​តាម​ដាន ​និង​ត្រួត​ពិនិត្យ​គុណភាព និង​បរិមាណ​​នៃលទ្ធផល​គម្រោង​​មូល​និធិឃុំ សង្កាត់

សេចក្ដី​សម្រេច​បន្ត​ថា៖ «ក្រុមការងារ​នេះ​ត្រូវ​តាមដាន ត្រួតពិនិត្យ ​និង​វាយ​តម្លៃលើ​ការ​ចាត់វិធាន​ការ​របស់​រដ្ឋបាល​រាជធានី ​ខេត្ត​ចំពោះ​អ្នទទួល​ការ​ដែល​អនុវត្ត​មិន​ស្រប​តាម​កិច្ចសន្យា​ ឬ​មិន​​ស្រប​តាម​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​គម្រោង​មូលនិធិឃុំ សង្កាត់»។

ក្រុមការងារ​ក៏​ត្រូវ «លើក​យោបល់​ក្នុង​ការ​កែ​សម្រួល​ទម្រង់ ​បែបបទ​ និង​នីតិវិធី​នៃ​ការ​រៀប​ចំ និង​ការ​អនុវត្ត​គម្រោង ​មូលនិធិ​ឃុំ សង្កាត់​ ឱ្យ​មាន​ស្តង់ដា​រួម មាន​ភាព​សាមញ្ញ និង​ងាយស្រួ​ល ព្រម​ទាំង ​​សិក្សា​ស្រាវ​ជ្រាវ តាមដាន និង​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នានា​ដែល​បាន​ចុះ​ផ្សាយក្នុង​សារព័ត៌មា​ន ឬ​​បណ្តាញ​សង្គម​នានា»។

លើស​ពីនេះ​ទៀត ក្រុមករងារ​នេះ​ក៏​ត្រូវ​បាន​ប្រគល់​ភារកិច្ច ក្នុង​ការ​លើក​ជា​យោបល់​ជូន​ថ្នាក់ដឹក​នាំក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ដាក់វិន័យ ឬ​ទណ្ឌកម្ម​លើមន្ត្រី​រូប​ណា​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រ​តី​នៃ​ការរៀបចំ​ និង​ការ​អនុវត្ត​គម្រោង​មូលនិធិ​ឃុំ​សង្កាត់។

មួយ​រយៈ​ចុងក្រោយ​នេះ មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​ការ​សាង​សង់​ផ្លូវ​បេតុង​នៅ​ក្នុង​ឃុំ​សង្កាត់​មួយ​ចំនួន​ដែល​ហាក់​ដូច​ជា​មិន​ធ្វើ​ទៅតាម​ស្តង់ដារ ដូចជា​ផ្លូវ​បេតុង​ខ្លះ​គ្មាន​ចាក់​ក្រាល​ថ្ម គឺ​យក​តែ​ដែក​តូចៗ​ទៅ​ក្រាល​ពី​លើ​ផ្លូវ​ហើយ​ចាក់​បេតុង​តែ​ម្ដង។

កាល​ពី​ពេល​ថ្មីៗ​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​សេចក្ដី​ស​ម្រេច​អំពី​ការ​ទប់ស្កាត់​ភាព​រញេរញ៉ៃ​នៃ​ការ​ដេញ​ថ្លៃ​នៅ​ឃុំ​សង្កាត់​មួយ​ចំនួន​ផងដែរ។

លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោលន​យោបាយ (API) បាន​ថ្លែង​ថា ការ​បង្កើត​ឲ្យ​មានក្រុមការងារ​នេះ​ឡើង​គឺជា​រឿង​ល្អ​ហើយ​ដើម្បី​ត្រួត​ពិនិត្យ​ពី​កម្រិត​ថ្នាក់​ជាតិ បន្ថែម​ទៅ​លើ​គណៈកម្មការ​ផែនការ​និង​ថវិកា​ដែល​មាន​ស្រាប់​នៅ​តាម​ឃុំ​សង្កាត់។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ អ្វីដែល​ជា​បញ្ហា​ប្រឈម​គឺ​ថា ​ការ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ពិនិត្យ​តាម​ដាន​ទៅ​លើ​ដំណើរការ​រៀបចំ​ផែនការ​ ធ្វើ​រៀបចំ​ថវិកា ការ​ធ្វើ​លទ្ធកម្ម និង ការ​ពិនិត្យ​ទៅ​លើ​គុណភាព​គម្រោង​គ្រប់​ដំណាក់​កាល។ ភារកិច្ច​នេះ​ត្រូវ​ការ​មនុស្ស​ច្រើន​និង​មាន​ជំនាញ​ខ្ពស់​ដើម្បី​ស៊ើប​អង្កេត​និង​វិភាគ​លម្អិត​ទៅ​លើ​បច្ចេកទេស​ធ្វើ​គម្រោង​ថវិកា និង​លទ្ធកម្ម»។

ចំពោះ​កណៈកម្មការ​ដែល​មាន​ស្រាប់​នៅ​តាម​ឃុំ​សង្កាត់ លោក​ថា ពួកគេ​អាច​ដោះស្រាយ​បាន​តែ​ករណី​ខ្លះ​ដែល​មាន​ការ​ប្ដឹង​ពី​អំពី​ភាព​មិន​ប្រក្រតី​​ ឬ​តាម​រយៈ​ការ​ផ្ដល់​មតិ​ត្រឡប់​ពី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​បញ្ហា​តម្លាភាព ​គណនេយ្យភាព​សង្គម។

លោក​បន្ត​ថា បញ្ហា​ថវិការ​សម្រាប់​អភិវឌ្ឍ​ឃុំ​សង្កាត់​ដែល​មាន​កំណត់​ក៏​ជា​បញ្ហា​ដែរ ពីព្រោះ​ថវិកា​ទាំង​នោះ​ផ្ដោត​សំខាន់​ខ្លាំង​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ដូច​ជា​ផ្លូវ និង​ស្ពាន ប៉ុន្តែការ​ចំណាយ​ទៅ​លើ​ក្រុម​​ងាយ​រងគ្រោះ​ និង​គម្រោង​សម្រាប់​អភិវឌ្ឍ​សង្គម និង​បរិស្ថាន មាន​តិច​តួច។

លោក​ថា ទោះបី​ជា​គោល​នយោបាយ​រាជ​​រដ្ឋាភិបាល​ផ្ដោត​ទៅ​លើ​វិស័យ​អប់រំ ភាពធន​នឹង​បម្រែ​បម្រួល​អាកាសធាតុ ការ​ការពារ​ធនធាន​ធម្មជាតិ​ និង​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ក៏​ដោយ ក៏​ខ្ទង់ថវិកា​សម្រាប់​វិស័យ​នេះ​មាន​ទំហំ​តួច​នៅ​ឡើយ។

លោក​ស្នើ​ឲ្យ​មាន​កិច្ច​សហការ​រវាង​ក្រសួង​មហាផ្ទៃ និង អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្ដល់​ព័តមាន​គ្រប់​ជ្រុង​ជ្រោយ​ទៅ​ដល់​សាធារណជន​ ដូចជា​តាមរយៈ​គេហទំព័រ Citizen Budget Analysis និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ថវិកា​សម្រាប់​ការ​អភវិឌ្ឍ​នៅ​មូលដ្ឋាន ជាពិសេស​លើ​បញ្ហា​សង្គម​ ក្រៅពី​ការ​សាង​សង់​ផ្លូវ​ថ្នល់។

ស្រដៀង​គ្នា​នេះ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា យន្តការ​នៃ​ការ​គ្រប់​គ្រង​និង​ចាត់​ចែង​ថវិកា​ឃុំ​សង្កាត់​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ ដូចជា​ការ​តម្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ស្ដាប់​មតិ​យោបល់​អំពី​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្វី​ដែល​អាច​ជា​បញ្ហា​ដែរ​នោះ​គឺ​ការ​ផ្ដោត​សំខាន់​ខ្លាំង​ពេក​ទៅ​លើ​តែ​ការ​សាងសង់​ផ្លូវ​ ស្ពាន ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

លោក​និយាយ​ថា៖ «ចំណុច​នេះ​ខ្ញុំ​គិត​ថា ជាចំណុច​លើក​ទឹក​ចិត្ត​មួយ​ឲ្យ​អាជ្ញាធរ​ឃុំ​ចាប់​ផ្ដើម​គិត​អំពី​សេវា​ផ្សេងៗ​ទៀត ជាពិសេស​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​កុមារ ស្ត្រី​ចាស់​ជរា និង​សេវា​សង្គម​ផ្សេងៗ ឬ​ប្រើ​ប្រាស់​ថវិកា​ដើម្បី​រៀបចំ​គម្រោង​បែប​ធុរកិច្ច អេកូទេសចរណ៍ និង​ការ​អភិវឌ្ឍ​ឃុំ​ដែល​អាច​មាន​ចំណូល​ជាប្រចាំ។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ឃុំ​សង្កាត់​ចាប់​ផ្ដើម​គិត​លើ​ចំណុច​នេះ បន្ថែម​ទៅ​លើ​ការ​កសាង​ហេដ្ឋ​រចនា​សម្ព័ន្ធ»។

ចំពោះ​ការ​ដេញ​ថ្លៃ​ទៅ​លើ​ការ​អភិវឌ្ឍ​គម្រោង​នៅ​ឃុំ​សង្កាត់ លោក​សង្កត​ឃើញ​ករណី​ខ្លះ​គឺ​អ្នក​ដេញ​ថ្លៃ​ដាក់​តម្លៃ​ទាប​ដើម្បី​ទទួល​បាន​គម្រោង​ ដែល​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​គុណភាព។

លោកបន្ត​ថា ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​កែ​សម្រួល​នីតិវិធី និង​គោលការណ៍​គតិយុត្ត​អំពី​ការ​ធ្វើ​លទ្ធកម្ម​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​ក្ដី​សង្ឃឹម​មួយ​ក្នុង​ករ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ចន្លោះ​ក្នុង​ការ​ដេញ​ថ្លៃ។

លោក​បញ្ជាក់​ថា៖ «ពេល​កែ​រួច​ហើយ យើង​សង្ឃឹម​ថា នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ពាក់​ព័ន្ធ​នឹង​ការ​ដេញ​ថ្លៃ និង​ការ​ធ្វើ​លទ្ធកម្ម ​អង្គការ​តម្លភាព​កម្ពុជា​របស់​លោក​ក៏ចូលរួម​ផ្ដល់​ធាតុចូល​ផងដែរ»។

យោង​តាម​ឯកសារ​ថវិកា​សង្ខេប​សម្រាប់​ឆ្នាំ២០២៤​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថវិកា​ឃុំ​សង្កាត់​សរុប​មាន​ចំនួន ៧៦៣​លាន​រៀល ​ឬ​ប្រមាណ ១៨៨ ៣០០ ដុល្លារ ដែល​ក្នុង​នោះ​ថវិកា​សម្រាប់​អភិវឌ្ឍឃុំ​មាន​ចំនួន ៤១០​លាន​រៀល ឬ ១០១,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ កើន​ឡើង​១៤,៥​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ ២០២៣៕