ភ្នំពេញៈ ស្ថានីយ​ផលិត​ទឹកស្អាត​ពី​បរិយាកាស​សហគមន៍​ចំនួន ៥​ត្រូវ​បាន​សាងសង់​នៅ​តំបន់​ដែល​ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ប្រភព​ទឹក​ខ្លាំង ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង លើក​កម្ពស់​សុខភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល។

កង្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​តំបន់​ជនបទ​មួយ​ចំនួន​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ ប្រជាពលរដ្ឋ​ទាំង​ជីវភាព​រស់នៅ សុខភាព និង​សុខមាលភាព។ នៅ​តំបន់​ជនបទ​មួយ​ចំនួន​ពុំ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ទាំង​ប្រភព​ទឹក​លើដី​ ដូចជា​ទន្លេ ស្ទឹង បឹងបួរ និង​ទឹក​ក្រោម​ដី សម្រាប់​ផលិតទឹក​ស្អាត ជូន​ពលរដ្ឋ​ប្រើ​ប្រាស់​នោះ​ទេ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ តាម​រយៈ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​ផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​ជនបទ​ជំហាន​ទី ៣ ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សាកល្បង​បំពាក់​ឧបករណ៍​ផលិត​ទឹក​ស្អាត​ពី​បរិយាកាស សម្រាប់​តំបន់​ជនបទ ដែល​ជួប​ប្រទះ​បញ្ហា​កង្វះខាត​ប្រភព​ទឹក​ចំនួន ៥ ទីតាំង។ ក្នុង​នោះ​រួម​មាន ​ក្នុង​ខេត្ដ​កំពត បាត់ដំបង ព្រះវិហារ បន្ទាយ​មានជ័យ និង​ឧត្ដរមានជ័យ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​លើក​ឡើង​ថា៖ «ឧបករណ៍​ផលិត​ទឹកស្អាត​ពី​បរិយាកាស គឺជា បច្ចេក​វិទ្យា​ទំនើប​ថ្មី ដែល​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​ដាច់​ស្រយាល អាច​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ស​ម្រាប់​បរិភោគ»។

ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ស្រ៊ិន ពុទ្ធី បាន​ឱ្យ​ដឹង​ថា គម្រោង​នេះ​បាន​ចាប់​ផ្តើម កាល​ពី​ឆ្នាំ ២០២០ និង បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២៤ នេះ។ គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​ថវិកា​ ១​លាន​ដុល្លារ​អាមេរិក​របស់​រដ្ឋាភិបាល​ជប៉ុន តាម​រយៈធនាគារ​អភិវឌ្ឍ​អាស៊ី ដើម្បី សាង​សង់​ស្ថានីយ ឧបករណ៍​ផលិត​ទឹក​ពី​បរិយាកាស នៅ​កន្លែង​គ្មាន​ប្រភព​ទឹក ទាំង​នៅ​លើ​ដី និង​ក្រោម​ដី។

លោក​ប្រសាសន៍​ថា៖ «ការ​ដាក់​ឧបករណ៍​ផលិត​ទឹក​ស្អាត​ពី​បរិយាកាស​នេះ​ផ្តល់​ទឹក​ស្អាត​ឱ្យ​គាត់​ប្រើប្រាស់។ វា​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​ដែល​មិន​ស្អាត​របស់​ពលរដ្ឋ​ទៅ​ជា​ការ​ប្រើប្រាស់​ទឹក​ស្អាត​វិញ នៅ​តំបន់​ជនប​ទ»។ 

លោក​បាន​បន្ថែម​ថា ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ តាម​រយៈ​នៃ​ការ​ផ្តល់ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ដល់​ពលរដ្ឋ​ដែល​នៅ​តំបន់​ជនបទ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទឹកហ្នឹង យើង​មិន​ចេះ​តែ​បណ្តោយ​ឱ្យ​ពលរដ្ឋ​ប្រើ​ទេ។ យើង​សុទ្ធ​តែ​យក​ទៅ​ធ្វើ​តេស្ត​មើល​គុណភាព​ទឹក​នៅ​មន្ទីរពិសោធន៍។ អញ្ជឹង​ទឹក​ហ្នឹង​ល្អ​ទាំងអស់ អត់​មាន​ប៉ះពាល់​អី​ទេ»។ 

លោក​បាន​ឱ្យ​ដឹង​ផងដែរ​ថា ម៉ាស៊ីន​សម្រាប់​ស្រូប​ទឹក​ពី​បរិយាកាស​នេះ​ត្រូវ​បាន​ទិញ​ពី​ប្រទេស អ៊ីតាលី មក។

លោក ខៀវ តេង មេឃុំ​ តាកែន ស្ថិត​ក្នុង​ស្រុក ឈូក ខេត្ត​កំពត បាន​ឱ្យ​ដឹង​ថា ស្ថានីយ​ផលិត​ទឹក​ស្អាត​ពី​បរិយាកាស​ត្រូវ​បាន​សាងសង់ និង ដាក់​ឱ្យ​ដំណើរ​ក្នុង​ឃុំ តាកែន ជិត​មួយ​ឆ្នាំ​មក​ហើយ។ ស្ថានីយ​នេះ​ផលិត​ទឹក​បាន​ចន្លោះ​ពី​ ១០០​លីត្រ ទៅ ២០០​លីត្រ​ក្នុង​មួយ​ថ្ងៃ ដែល​អាច​ផ្តង់ផ្គត់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ក្នុង​ភូមិ ចំនួន ៤ ក្នុង​ឃុំ តាកែន។

លោក​មេឃុំ​បញ្ជាក់​ថា៖ «តំបន់​ខ្ញុំ​ខ្វះទឹក​ស្អាត ពិសេស​រដូវប្រាំង។ ទោះបី​មិន​បាន​ពលរដ្ឋ​ប្រើប្រាស់​គ្រប់​គ្នា ក៏​វា​បាន​ខ្លះ​ដែរ។ បងប្អូន​ហូប​ទឹក​ហ្នឹង​ទៅ​មាន​សុខភាព​ល្អ​ដែរ​ហ្នឹង។ ទឹក​ត្រពាំង អណ្តូង​មិន​ល្អ​ អត់​មាន​សុវត្ថិភាព​ទេ»។ 

ទោះយ៉ាងណា ដើម្បី​ទទួល​បាន​ទឹក​ពី​ស្ថានីយ​នេះ​យក​ទៅ​បរិភោគ ពលរដ្ឋ​តម្រូវ​ឱ្យ​ជួយ​បង់​កម្រៃ​សេវា​ចំនួន​២​ពាន់​រៀល​ក្នុង​ទឹក​​១​ប៊ីដុង​ចំណុះ ២០លីត្រ។ 

ការ​ផ្តល់​ទឹក​ដោយ​គិត​កម្រៃសេវា​នេះ គឺ​ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរការ​ស្ថានីយ​ផលិត​ទឹក​នេះ។ នេះ ​មិន​មែន​​ជា​កម្រៃ​លក់​ទឹកទេ តែ​ជា​កម្រៃ​យក​ទៅ​ដើម្បី​ប្រតិបត្តិការ និង​ថែទាំ​ស្ថានីយ។ ក្នុង​នោះ​រួម​មាន​ ការ​សន្សំ​ប្រាក់​ទុក សម្រាប់​ប្រើ​ប្រាស់ ពេល​ម៉ាស៊ីន ឬ​ឧបករណ៍​ខូចខាត ​សម្រាប់​ទិញ​ម៉ូតូ ឬ​គោយន្ត​សម្រាប់​ដឹក​ជញ្ជូន និង​រៀបចំ​បរិស្ថាន​បន្ថែម​ទៀត​នៅ​ជុំវិញ​ទីធ្លា​ស្ថានីយ​ជាដើម ព្រោះ​ទឹក​ត្រូវ​បាន​ស្រូប​ពី​បរិយាកាស។ នេះ​បើ​យោង​តាម​វីដេអូ​មួយ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ 

ក្រសួង​បញ្ជាក់​ថា៖ «យើង​ក៏​គិត​ពី​បញ្ហា​ប្រឈម​ដែរ ដែល​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង ភាព​ជា​ម្ចាស់​របស់​សហគមន៍ ត្រូវ​ប្រគល់​ស្ថានីយ​ហ្នឹង​ឱ្យ​សហគមន៍។ ចឹង​មាន​សហគមន៍​សម្រាប់​គ្រប់គ្រង ប្រសិន​បើ​អត់​មាន​ការ​គ្រប់គ្រង ថែទាំ​មិន​បាន​ល្អ​ទេ វា​ធ្វើ​ឱ្យ​ស្ថានីយ​នេះ​មិន​ដំណើរ​ការ​ទេ»។

នាពេលបច្ចុប្បន្ន ​ក្រសួងអភិវឌ្ឍន៍ជនបទ​កំពុង​បន្ត​អនុវត្ត​ផែន​ការ​សកម្មភាព​ជាតិ​ ស្ដី​ពី​ការផ្គត់​ផ្គង់​ទឹក​ស្អាត ​ការ​សម្អាត​ និង​អនាម័យ​ជនបទ។  មក​ដល់​ពេល​នេះ​ អត្រា​គ្រប​ដណ្ដប់ ​ទឹក​ស្អាត និង​អនាម័យ​ជន​បទ ​ទូទាំង​ប្រទេស ​សម្រេច​បាន​ប្រមាណ​ជា ​៨១​ភាគរយ ​និង​ឆ្នាំ​២០៣០ ​ត្រូវ​សម្រេច ឱ្យ​បាន​នូវ​អត្រា​គ្រប់​ដណ្ដប់​១០០​ភាគរយ៕