ភ្នំពេញៈ កម្ពុជា និង​ហ្វីលីពីន​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ​តាមរយៈ​ការ​ហ្វឹកហ្វឺន​រួមគ្នា ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​ចែករំលែក​ព័ត៌មាន និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំងពីរ។

ការ​ប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក Roy M. Galido មេបញ្ជាការ​កងទ័ព​ជើងគោក​ហ្វីលីពីន នា​ថ្ងៃទី​២៩ កក្កដា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

លោក Roy M. Galido ថ្លែង​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​គោក​ហ្វីលីពីន និង កម្ពុជា​មាន​ភាព​រីកចម្រើន​ប្រកប​ដោយ​ផ្លែផ្កា និង​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​ជើងគោក​ហ្វីលីពីន-កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី​២៩ កក្កដា។

លោក ហ៊ុន ម៉ាណែត បាន​កត់​សម្គាល់​ថា វគ្គ​បណ្ដុះបណ្ដាល និង​ការ​ហ្វឹកហ្វឺន​រួម​រវាង​កងទ័ព​ហ្វីលីពីន និង​កម្ពុជា​កន្លង​មក​បាន​រួមចំណែក​ដល់​ការ​កសាង​សមត្ថភាព និង​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត ក្នុង​ការ​ត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​មិន​ប្រពៃណី ​ជាយថាហេតុ។ 

​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «សម្ដេច​ធិបតី និង​ឯកឧត្ដម​មេបញ្ជាការ​កងទ័ព​ជើងគោក ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​គោក នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត តាម​រយៈ​ការ​បន្ត​ការ​ហ្វឹកហ្វឺន​រួមគ្នា ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការ​ចែក​រំលែក​ព័ត៌មាន និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ ជាពិសេស ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការ​ពង្រឹង​សមត្ថភាព ការ​ត្រៀម​លក្ខណ:​ក្នុង​ការ​ចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ  និង​ផ្តល់​ជំនួយ​មនុស្សធម៌ ក៏ដូចជា​ការ​ជំរុញ​ឱ្យ​មាន​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គភាព និង​អង្គភាព នៃ​កងទ័ព​ជើងគោក​ប្រទេស​ទាំងពីរ នា​ពេល​អនាគត​ផង​ដែរ»៕