មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ដែល​ជា​អង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​ដើម្បី​បរិស្ថាន​និង​សុខភាព​កុមារ​នៅ​ចុង​ខែ​នេះ ដើម្បី​រៃ​អង្គាស​ថវិកា​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ។

ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​បរិស្ថាន​ និង​សុខភាព​កុមារ ​សម្រាប់​ឆ្នាំ​នេះ​គឺជា​ការរៀបចំ​លើក​ទី១០ ហើយ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែ​សីហា ដោយ​ចាប់​ផ្តើម​ជិះ​ចេញ​ដំណើរ ​ពី​សួន​ហាត់​ប្រាណ​មាត់​ស្ទឹង​សៀមរាប​នៅ​ម៉ោង ៥:៣០ព្រឹក។

បើតាម​សេចក្ដីជូន​ដំណឹង​របស់​មន្ទីរ​ពេទ្យ​នេះ ការ​ជិះ​កង់​នេះ​នឹង​ទៅ​បញ្ចប់​នៅ​ក្នុង​បរិវេណ​សួន​បៃតង ឬ​អតីត​ភូមិ​វប្បធម៌​កម្ពុជា ដោយ​មាន​បញ្ចូល​នូវ​កម្មវិធី​កំសាន្ត​សប្បាយៗ​ជាច្រើន​រួម​ទាំង​កម្មវិធី​លើក​កម្ពស់​ការ​ថែ​រក្សា​បរិស្ថាន​ដើម្បី​សុខភាព​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​គ្រោង​ទទួល​អ្នក​ចូល​រួម​ចំនួន ១០០០​នាក់​ដែល​ម្នាក់ៗ​ត្រូវ​បង់​ថវិកា​វិភាគទាន​ចំនួន​២០​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ។

លោក ហ៊ុន សុជាតិ ប្រធាន​គណៈ​កម្មាធិការ​ជិះ​កង់​ដើម្បី​កម្ពុជា ​បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​រហូត​ដល់​ពេល​នេះ​គឺ​ដោយសារ​លោក​អ្នក​ទាំង​អស់។ លោក​អ្នក​គឺ​ជា​ចំណែក​មួយ​ជួយ​ដល់​ដំណើរ​ការ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ​និង​ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​កុមារ​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។

លោក​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ និង​ឧបត្ថម្ភ​គាំទ្រ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ពី​សំណាក់​ក្រុមហ៊ុន និង​អ្នក​ចាប់​អារម្មណ៍​ដើម្បី​ចូលរួម​ចំណែក​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​និង​កម្សាន្ត​សប្បាយ​ទាំង​អស់​គ្នា។

មន្ទីរពេទ្យ​កុមារ​អង្គរ​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​រៃ​អង្គាស​ថវិកា​សម្រាប់​ប្រតិបត្តិការ​មន្ទីរ​ពេទ្យនាពេលកន្លងមក។ រូបថត AHC

មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជាង​ថតរូប​ជន​ជាតិ​ជប៉ុន​លោក ខិនរ៉ូ អ៊ីស៊ុ នៅ​ឆ្នាំ ១៩៩៩ ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​ទទួល​បាន​នូវ​សុខុមាល​ភាព​ល្អ​ប្រសើរ ​មិន​ថា​ពួក​គេ​មក​ពី​ស្ថានភាព​គ្រួសារ​បែប​ណា​នោះ​ទេ។

មន្ទីរ​ពេទ្យ​នេះ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ និង​ថែ​ទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​ ព្រម​ទាំង​ចូលរួម​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាករ និង​បុគ្គលិក​សុខា​ភិបាល រួម​ទាំង​ផ្តល់​នូវការ​អប់រំ​សុខភាព ​ព្រមទាំង​វិធានការ​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​​នៅ​ក្នុង​ខេត្ត​នេះ។

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ​ពេទ្យ ជារៀង​រាល់​ថ្ងៃ​មាន​កុមារ​ប្រមាណ​ ៤០០​នាក់ ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នេះ។ គិតចាប់​តាំង​ពី​ការ​បើក​ដំណើរការ​មក មាន​កុមារ​កម្ពុជា​ជាង ២,៥​លាន​នាក់​បាន​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នេះ។​
យ៉ាងណា​ក៏ដោយ មន្ទីរ​ពេទ្យ​ដែល​ព្យាបាល​កុមារ​ដោយ​ឥតគិត​ថ្លៃ​នេះ​ដំណើរការ​ទៅ​បាន​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​មូលនិធិ​សប្បុរសធម៌។ ក្នុង​មួយ​ឆ្នាំៗ​ មន្ទីរពេទ្យ​ត្រូវការ​ថវិកា​ចំនួន ៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​របស់​ខ្លួន ដែល​ភាគច្រើន​នៃ​ថិវកា​ទទួល​បាន​ពី​ការ​រៃអង្គាស​នៅក្រៅ​និង​ក្នុង​ប្រទេស៕