ភ្នំពេញ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រកាស​ពី​ចំនួន​កុមារជិត ៧០០នាក់ ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ​​មក​ទទួល​ការ​ព្យាបាល​ពី​មន្ទីរ​គ្រប់​សាខា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀមរាប​។

កុមារកើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នេះ​មាន​អាយុ​ចន្លោះពី ៤ ទៅ ១៤​ឆ្នាំ ហើយ​ក្នុង​ចំណោម​អាយុ​ពី ១០ ទៅ ១៤ ឆ្នាំ មាន​អត្រា​ខ្ពស់​ជាងគេ ហើយ​ក្នុង​ចំណោម ៦៩៨​នាក់ ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប មាន​ចំនួន​៣០៩នាក់​។ 

ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពីការ​រក​ឃើញ​កុមារ​កើត​ជំងឺ​ទឹក​ផ្អែម​ប្រភេទ១ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ធ្វើ​មហាជន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​តួលេខ​ដ៏​ច្រើន​សន្ធឹក​នេះ។ 

យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧ (មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «កុមារ​កើត​ជំងឺ​ទឹក​ផ្អែម​ប្រភេទ​១ ចំនួន ៦៩៨​នាក់​នេះ​គឺជា​តួលេខ​សរុប​តាំងពី​បើក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ-សៀមរាប ឆ្នាំ១៩៩២។ ដូច្នេះ ចំនួន​នេះ​មិន​មែន​កើត​ឡើង​គំហុក ឬ​កើន​ឡើង​ច្រើន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​នោះទេ»។ 

លោក ចន្ទនា បាន​បន្ដថា៖ «កុំ​ឱ្យ​សាធារណជន​យល់​ច្រឡំ ពីព្រោះ​កុមារ ៦៩៨​នាក់​បាន​ទទួល​ការ​ព្យាបាល និង​តាម​ដាន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​តាំងពី​ឆ្នាំ​១៩៩២។ យើង​មើល​ឃើញ​កុមារកើត​ជំងឺ​នេះ​មាន​ម្នាក់​ ឬពីរ​នាក់​ក្នុង​មួយ​ខែ​»។ 

លោក​សាស្ត្រាចារ្យ ឃុន លាង​ឈុ​ន អនុប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឱ្យដឹងថា មូលហេតុដែល​នាំ​ឱ្យ​កុមារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ គឺបណ្ដា​មកពី​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ទៅ​បំផ្លាញ​កោសិកា​​ បែតា ដែល​ស្ថិត​នៅ​ក្នុង​លំពែង​ មាន​តួនាទី​ផលិត​អាំងស៊ុយលីន​។ 

កត្ដាពាក់​ព័ន្ធ​មួយ​ចំនួន​ ដែល​អាច​បង្ក​ឱ្យ​កុមារ​កើត​ជំងឺ​ទឹក​ផ្អែម​ប្រភេទ១ រួម​មាន ទឹក​ដោះគោ ឬ​ពពួក​វីរុស​អង់តេរ៉ូ ឬវីរុស​ស្អូច​ ឬទាក់ទង​នឹង​ហ្សែន​ខ្លះដែរ​ពី​ម្ដាយ​ ដូចជា ហ្សែន Human leukocyte antigens (HLA) DR2, DR3 និង DR4 នេះ​។ 

លោក​ លាង​ឈុ​ន បាន​និយាយថា​៖ «​វាមិន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​​១ ទេ​។ យើង​ជួយ​ការពារ​កត្ដា​មួយ​ចំនួន​ដែល​ងាយ​បង្ក​ឱ្យ​កុមារ​កើត​ទឹក​នោម​ផ្អែម​ទាក់ទង​ទឹកដោះគោ ការពារ​មិន​ឱ្យ​មាន​ជំងឺ​ពពួក​វីរុសមួយ​ចំនួន​»។ 

លោក​បញ្ជាក់ថា ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​បណ្ដា​មកពី​កុមារ​មាន​ប្រវត្ដិ​ទទួលទាន​ស្ក​ច្រើន​មក​ទេ​។ ប៉ុន្ដែ​នៅពេល​កុមារ​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ហើយ​ចាប់ផ្ដើម​ការព្យាបាល​ដោយ​ការ​ចាក់​អាំងស៊ុយលីន របប​អាហារ​របស់​កុមារ​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ គឺ​មិន​ឱ្យ​លើស​ជាតិ​ស្ក​ច្រើន ជាតិ​ខ្លាញ់​ច្រើន ដែល​ទទួល​បាន​ការ​ណែនាំពី​គ្រូពេទ្យ​។ 

លោក​វេជ្ជបណ្ឌិត​បាន​បន្ដថា​៖ «នៅពេល​រក​រោគ​វិនិច្ឆ័យ​ឃើញថា កុមារ​នោះ​មាន​ជំងឺទឹក​នោមផ្អែម​ប្រភេទ​ទី ១ វិធីព្យាបាលតែ​មួយគត់​គឺ​គឺ​អាំងស៊ុយលីន​នេះ​ឯង​ ហើយ​អាំង​ស៊ុយលីន​នេះគឺជា​​អ័រម៉ូន បង្កើតឡើងដោយ​លំពែង​​របស់​យើង​។ កូន​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវការ​ចាក់​អាំងស៊ុយលីន​មួយ​ជីវិត»។ 

គួបផ្សំ​ជាមួយ​ការ​ចាក់​អាំងស៊ុយលីន ឪពុក​ម្ដាយ​ត្រូវ​ត្រួត​ពិនិត្យ​ជាតិ​ស្ក​ជាប្រចាំ​ ហើយ​ពួកគេ​ត្រូវ​យល់​ឱ្យ​ច្បាស់​អំពី​ជំងឺ​នេះ និង​ត្រូវ​ជួយ​ព្យាបាល​ជំងឺ​កូន​ជា​ប្រចាំ​។ 

ក្រោយ​ពេល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឪពុក​ម្ដាយ ឬអាណាព្យាបាល​ទទួល​ការ​ណែនាំ​អំពី​វិធី​ថែទាំ​កូន​ ដូចជា ការ​ពិនិត្យ​ជាតិ​ស្ក ការ​ចាក់​អាំងស៊ុយលីន និង​ទទួល​កញ្ចប់​សម្ភារ​វេជ្ជសាស្ដ្រ​ និង​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​មុន​ពេល​ចាក​ចេញ​ទៅ​ព្យាបាល​បន្ដ​ជា​ប្រចាំ​នៅ​តាម​ផ្ទះ។ 

លោក​បាន​ថ្លែង​ថា៖ «អាំងស៊ុយលីន​មួយ​ប្រភេទ​ចាក់​ពីរ​ដង គឺព្រឹក និង​ល្ងាច ហើយ​មួយ​ប្រភេទ​ទៀត​ចាក់​ ៤​ដង​ គឺពេល​ព្រឹក ថ្ងៃត្រង់ ល្ងាច និង​យប់​ម៉ោង ៩​ ហើយ​រាល់​ពេល​ត្រូវ​ត្រួត​​ពិនិត្យ​ជាតិ​ស្ក​»។ 

លោក លាង​ឈុ​ន បាន​បញ្ជាក់ថា ប្រសិនបើ​ឪពុក​ម្ដាយ​ដាក់​អាំងស៊ុយលីន​លើស​ដល់​កូន ក្មេង​នោះ​ប្រាកដ​ជា​សន្លប់​ភ្លាម​។ 

យោងតាម​ការ​ចុះផ្សាយ​របស់​ទំព័រហ្វេសប៊ុក មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital កាល​ពី​ឆ្នាំ​២០២៣ បាន​បង្ហាញពី​ដំណើរ​រឿងរបស់​កុមារី​ម្នាក់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​ខក​ខាន​មក​ទទួល​ការព្យាបាល​រយៈ​ពេល​យូរ។ 

ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​បាន​ឱ្យដឹងថា៖ «នាង​ពុំ​បានមក​តាម​ការ​ណាត់​នោះទេ ដែល​ធ្វើ​​ឱ្យ​​ជំងឺ​នាង​វិវត្តន៍​ទៅជា​ធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតីដំបៅ​រលួយ​សាច់​ខ្នង​ និង​ខូច​តម្រងនោម​យ៉ាងធ្ងន់ធ្ង​រ​បំផុត»។ 

យ៉ាង​ណាមិញ កុមារី​វ័យ ១២​ឆ្នាំ​រូ​បនេះ​​ត្រូវបាន​សង្គ្រោះ​ជីវិត​ជាថ្មី ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះ​បន្ទាន់​​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ត្រូវបាន​លាង​ឈាម​អស់​ជា​ច្រើនដង៕