ភ្នំពេញៈ ប្រទេស​កូរ៉េខាងត្បូង បាន​ផ្តល់​ជំនួយ​ជា​ឧបករណ៍ និង​សម្ភារៈ​សរុប ៩១ មុខ​ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​រហូត​មកដល់​បច្ចុប្បន្ន​នេះ ដើម្បី​ចូលរួម​លើក​ស្ទួយ​ការងារ​អភិរក្ស និង ជួសជុល​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

សម្ភារៈ​ទាំងនោះ​បាន​នឹង​កំពុង​តែ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​មន្រ្តី​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​នៅ​កន្លែង​អភិរក្ស​ផ្សេងៗ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។ លើស​ពី​នោះ សមត្ថភាព​មន្រ្តី​របស់​អាជ្ញាធរជាតិ​អប្សរា ក៏​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ច្រើន​ផងដែរ តាម​រយៈ​ជំនួយ​បច្ចេក​ទេស និង ការ​គាំទ្រ​ឧបករណ៍​អភិរក្ស​ទំនើបៗ​ទាំង​នោះ។ 

កម្ពុជា និងកូរ៉េ មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អភិរក្ស និង ជួសជុល​បេតិកភណ្ឌ​វប្បធម៌ ជាពិសេស គម្រោង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​រយៈពេល​ជិត​ ១០​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់​ពី​ឆ្នាំ ២០១៥​មក។ ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើក​ដំបូង ក្នុង​កិច្ច​ពិភាក្សា​គម្រោង​ដំណាក់​កាល​ទី​១ លើ​គម្រោង​អភិរក្ស និង ជួសជុល​ប្រាសាទ​ព្រះពិធូរ។ នេះ​បើ​យោង​តាម​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ (KOICA) នា​ថ្ងៃទី​២ ខែ​កក្កដា​នេះ។ 

កាល​ពី​ថ្ងៃទី​១ ខែ​កក្កដា​នេះ KOICA បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នូវ​សម្ភារៈ​បរិក្ខារ​សរុប ១១​មុខ​ផ្សេង​គ្នា។ ក្នុងនោះ​រួម​មាន​ម៉ាស៊ីន​ស្កេន 3D, រ៉ាដា​ពិនិត្យ​ក្រោម​ដី និង កម្មវិធី​វិភាគ និង បកស្រាយ​ទិន្នន័យ​ពី​ឧបករណ៍​ទាំង​នោះ រួម​និងសម្ភារៈ​មួយ​ចំនួន​ទៀត។ 

Song Youngjun នាយក​រង​នៃ​ទីភ្នាក់ងារ KOICA បាន​បញ្ជាក់​ក្នុង​ឱកាស​នោះ​ថា៖ «ចាប់​ពី​គម្រោង​ទី១ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ឧបករណ៍ និង សម្ភារៈ​សរុប ៩១​មុខ​ហើយ ដែល​ជា​ជំនួយ​ផ្ទាល់​របស់ KOICA ជូន​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា។ ការ​ទទួល​បាន​សម្ភារៈ​ប្រើប្រាស់​ខាង​លើ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ការងារ​អភិរក្ស ក៏​ដូចជា​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ»។ 

លោក​បន្ត​ថា អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​នេះ មាន​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន ក្នុង​នោះ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ និង​ស្អិត​រមួត​រវាង KOICA និង​អាជ្ញាធរជាតិ​អប្សរា ក៏​បាន​ក្លាយ​ជា​សមិទ្ធផល​ដ៏​សំខាន់ និង​លេចធ្លោ​បំផុត។

លោក គឹម សុធិន អគ្គនាយក​រង​អាជ្ញាធរជាតិ​អប្សរា​បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា៖ «ជាមួយ​នឹង​ការ​ទទួល​បាន​នូវ​យក​បច្ចេក​វិទ្យា​ទាំង​នេះ អាជ្ញាធរជាតិ​អប្សរា​នឹង​បន្ត​រួម​ចំណែក​ដល់​កិច្ចការ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​នៃរមណីយដ្ឋាន​អង្គរ»។

នៅថ្ងៃ​ដដែល​នោះ​ផងដែរ KOICA ក៏​បាន​ប្រគល់​មន្ទីរពិសោធន៍​មួយ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ។ 

មន្ទីរពិសោធន៍​នេះ​គឺជា មន្ទីរ​ពិសោធន៍​ទី១​នៅ​តំបន់​អង្គរ ដែល​មាន​បំពាក់​គ្រឿង​បរិក្ខារ​តាម​បែប​វិទ្យាសាស្រ្ត​ជាច្រើន ដែល​អាច​ផ្តល់​ឱ្យ​អ្នក​សិក្សា​ស្រាវជ្រាវ អាច​សិក្សា​វិភាគ និង ស្រង់​ទិន្នន័យ​ផ្នែក​ស្ថាបត្យកម្ម​សិក្សា​អំពី​ថ្ម​ចាស់ ថ្ម​ថ្មី និងលោហៈ​ដែល​បាន​មក​ពី​បណ្តា​ប្រាសាទ​នានា ដែល​បាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។ ​នេះ​បើ​យោង​តាម​អាជ្ញធរ​អប្សារា៕