ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ ២០២៤ នេះ​បាន​កើត​ឡើង​ចំនួន ១ ៥៣៤លើក ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៧៩៣​នាក់ (កើន ៣៧នាក់ ស្មើនឹង​៥%) និង​របួស​ចំនួន​ ២ ១១៦នាក់ (កើន ៤៤ នាក់ ស្មើ​២%)។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៦​ខែ ឆ្នាំ ២០២៤ នេះ​មាន​ការ​ថយ​ចុះ​ចំនួន ១៤​ករណី បើ​បៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន ១ ៥៤៨​លើក ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៧៥៦​នាក់ និង​របួស ២ ០៧២​នាក់។

របាយការណ៍​បាន​បង្ហាញ​ថា មូលហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សំខាន់ៗ​រួម​មាន ល្បឿន​ចំនួន ៤០% មិន​គោរព​សិទ្ធិ​២៤% មិន​ប្រកាន់​ស្តាំ​៩% បត់គ្រោះថ្នាក់​៩% ប្រជែង​គ្រោះថ្នាក់​៧% កត្តាយាន​៤% ស្រវឹង​៣% ជាដើម។ 

ក្រៅ​ពី​នោះ គ្រោះថ្នាក់​បង្ក​ដោយ​អ្នក​ជិះ​ម៉ូតូ ៤៩% អ្នក​បើកបរ​រថយន្ត​ធុនស្រាល​៣១% អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​១១% អ្នក​បើកបរ​យាន​ផ្សេងៗ​៧% និង​ថ្មើរ​ជើង១%។

ក្នុង​ចំណោម​អ្នកស្លាប់ រួមមាន អ្នក​ជិះ​ម៉ូតូ​ចំនួន​៧៩% ក្នុង​នោះ​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​៦៧%។ គ្រោះថ្នាក់​បាន​កើត​ឡើង​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៥០​លើក, ខេត្ត​កណ្តាល ចំនួន​១៣០​លើក និង​ខេត្ត​ព្រះសីហនុ ចំនួន ១២៩​លើក។

ក្នុង​កិច្ច​ប្រជុំ​ដក​ពិសោធន៍​ការងារ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃទី៣ ខែ​កក្កដា​នេះ លោក​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​បញ្ជា​ឱ្យ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស និង​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល ៦​ខែ​នេះ​ហាក់​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ និង បើ​ធៀប​ឆ្នាំ​កន្លង​ទៅ។

ក្នុង​ឱកាស​នោះ​លោក​បាន​ដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺងមាត់​ដល់​ស្នងការ​នគរបាល​រាជធានី-ខេត្ត ត្រូវតែ​ចាត់​វិធានការ​បន្ទាន់​ក្នុង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ព្រោះថា​ មាន​តែ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​នោះ​ទេ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន។ បើ​ពឹង​ផ្អែក​តែ​យន្ដការ​ផ្សព្វផ្សាយ អប់រំ គឺថា ច្បាស់ណាស់​មិន​អាច​កាត់​បន្ថយ​បាន​ឡើយ។

លោកនាយ​ឧត្តម​សេនីយ៍​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ដើម្បី​យើង​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​នេះ កត្តា​ដែល​សំខាន់​បំផុត​មិន​​មាន​អ្វីល្អ​ជាង​ការ​រឹត​បន្ដឹង​ច្បាប់​ទេ តែ​យើង​ក៏​មិន​ត្រូវ​បោះបង់​ចោល​ការ​ផ្សព្វផ្សាយ​ដែរ។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បាន​ផ្សព្វ​ផ្សាយ​តាំង​ពី​ពេល​ចូល​ជា​ធរមាន រហូត​មក​ដល់​ពេល​នេះ មិនតិច​ឆ្នាំ​នោះ​ទេ ប្រជាពលរដ្ឋ​នៅតែ​មិន​ទាន់​យល់​ជ្រួត​ជ្រៀប ដោយ​គ្រាន់​តែ​ខ្លាច​សមត្ថកិច្ច​ប៉ុណ្ណោះ»។ នេះ​បើ​យោង​តាម​នគរបាលជាតិ។

លោក ស ថេត ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ដោយ​ត្រូវ​បញ្ឈប់​នូវ​ការ​ពួន​ស្ទាក់ ដែល​ងាយ​នឹង​មាន​បាតុភាព​នានា​កើត​ឡើង។ ការ​អនុវត្ត​នេះ ត្រូវ​ធ្វើ​ដោយ​បើក​ជំហរ ក្នុង​នោះ​មាន​ទាំង​ការ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​ល្បឿន និង​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ជាដើម។

លោក​បាន​បន្ថែម​ថា ចាប់​ពី​ពេល​នេះ​ទៅ​ស្នងការ​នគរបាល​រាជធានី-ខេត្ត ត្រូវ​ធ្វើ​ផែនការ​អនុវត្ត​ឱ្យ​បាន​ច្បាស់​លាស់ ទៅ​តាម​ការ​ណែនាំ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នឹង​ធ្វើការ​តាម​ដាន​ជាប់​ជា​ប្រចាំ។ ប៉ុន្ដែ​មុន​នឹង​អនុវត្ត​ការ​រឹត​បន្ដឹង​ច្បាប់ ត្រូវតែ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជាមុន តាម​មធ្យោបាយ​នានា ពិសេស​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម។

លោក​ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង​ទទួល​ផែន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ពេល​យប់​នៅ​តែ​បន្ត​ធ្វើ​នៅ​ទូទាំង​ប្រទេស ពិសេស​គឺ​ការ​ត្រួត​ពិនិត្យ​រក​សារធាតុ​ស្រវឹង។ 

លោក​បាន​បញ្ជាក់​ថា៖ «នៅពេល​ដែល​យើង​ចាប់​ផ្តើម​រឹត​បន្តឹង​លើ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង​នេះ យើង​សង្កេត​​ឃើញ​ថា​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មាន​ការ​ថយចុះ»។ 

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​នា​ថ្ងៃទី​៣​ ខែ​កក្កដា៕