ភ្នំពេញៈ ក្នុង​ខែ​មិថុនា ​កុមារ​ឈឺ​ចំនួន ៧២ ៥៤៩នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ១៤ ៦២០នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល។ នេះ​បើ​យោង​តាម​របាយការណ៍​មូលនិធិ​គន្ធបុប្ផា។

របាយការណ៍​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣ កក្កដា ថា កុមារ​មាន​ជំងឺ​គ្រុនឈាម​ចំនួន​៨៩​នាក់ ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ ថយចុះ​៧​ដង​បើ​ធៀប​នឹង​ខែ​មិថុនា​ក្នុង​ឆ្នាំ​២០២៣។ កុមារ​ចំនួន ២ ៩០២​បាន​ទទួល​ការ​វះកាត់ ខណៈ​កុមារ​ចំនួន​១០៣​នាក់​បាន​ទទួល​ការ​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃ​ឈាម។

របាយការណ៍​បន្ត​ថា នៅ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ឬ​គន្ធបុប្ផា​ទី៣ ស្ថិត​នៅ​ខេត្ត​សៀមរាប ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន៩ ១៨០នាក់ បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​សម្រាល​កូន​បាន​ចំនួន១ ៧៨៨នាក់។

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ទំព័រ​ហ្វេសប៊ុក Dr. Beat Richner បាន​ឱ្យ​ដឹង​ថា រដូវ​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​នេះ មាន​ករណី​គ្រុនឈាម​សម្រាក​ពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​តិច​ជាង​៥​ដង បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​រួមគ្នា​កម្ចាត់​ជម្រក​មូស​ខ្លា និង​ការពារ​កុមារ​កុំ​ឱ្យ​មូស​ខ្លា​ខាំ ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​គ្រុនឈាម​ដែល​អាច​សម្លាប់​កុមារ​បាន។ 

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ត​ថា​ កុមារី​អាយុ​៥ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​បំផុត អស់​ជីពចរ​៧​ដង​ក្នុង​រយ:ពេល​២៤​ម៉ោង ​បាន​ធូរស្រាល និង​រួចផុត​ពី​គ្រោះថ្នាក់ បន្ទាប់​ពី​ត្រូវ​បាន​សង្រ្គោះ​បន្ទាន់ និង​ដាក់​ឈាម​ប្លាស្មា (Plasma ) អស់​៧​ប្លោក។

ដោយឡែក ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​២៦ មិថុនា ថា កុមារា​អាយុ​៩ឆ្នាំ​ម្នាក់​មាន​ជំងឺ​ដុំ​មហារីក​កោសិកា​ដើម​នៃ​ថ្លើម ហៅថា​មហារីក​ថ្លើម​កុមារ​ដែល​ជា​ជំងឺ​មហារីក​កាច​រីក​ធំ​លឿន ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ដោយ​ចាក់​ថ្នាំ​គីមី​ជា​៦​ដំណាក់​កាល ក្នុង​រយៈ​ពេល​៨ខែ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ធ្វើការ​វះកាត់​យក​ដុំ​មហារីក​ថ្លើម​នេះ​ចេញ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ថា កុមារា​ម្នាក់​ដែល​មាន​អាយុ​ទើប​បាន​១៨​ខែ​មាន​ជំងឺ​ដុំ​គីស​សរសៃ​ទឹក​រងៃ​ថ្លើម ដែល​មាន​ដ៏​កម្រ​ណាស់​លើ​កុមារ។ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​ដោយ​វះកាត់​យក​ដុំ​គីស​ទាំងមូល​ដែល​ជា​ជម្រើស​តែ​១គត់។ 

ហ្វេសប៊ុក​ដដែល​បន្ត​ថា៖ «កុមារា​ម្នាក់​នេះ​អាយុ​ទើប​បាន​ ១៨ខែ​ប៉ុណ្ណោះ ​ចូល​មក​មន្ទីរ​ពេទ្យ​ដោយ​តឹង​ពោះ​ខ្លាំង និង​ចុក​ពោះ​ផង​ត្រូវ​បាន​រក​ឃើញ​មាន​ដុំ​គីស​ទឹករងៃ​ជាប់​នឹង​ថ្លើម​ទម្ងន់ ​៤០០​ក្រាម។ គាត់​ត្រូវ​បាន​ថែទាំ​ព្យាបាល​ដោយ​ការ​វះកាត់​យក​ដុំ​គីស​យក្ស​នេះ បាន​ដោយ​ជោគជ័យ»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​នា​ថ្ងៃ​ទី​១៣ មិថុនា ថា កុមារា​តូច​២​នាក់​ផ្សេងទៀត​មាន​ជំងឺ​បេះដូង​ពី​កំណើត មាន​ច្រើន​ប្រភេទ និង​ទាមទារ​ការ​ព្យាបាល​ដោយ​ការ​វះកាត់​កម្រិត​ឯកទេស​ខ្ពស់។ ការ​វះកាត់​គឺ​ស្មុគស្មាញ​ច្រើន។

ហ្វេសប៊ុក​ដដែល​បន្ត​ថា៖ «កុមារា​តូចៗ​២​នាក់​នេះ ម្នាក់​អាយុ​១ខែ ម្នាក់​ទៀត​អាយុ​៣ខែ​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​បេះដូង​ពី​កំណើត​ប្រភេទ​ដូចគ្នា គឺ​សរសៃឈាម​សួត​ទៅ​បេះដូង​ទាំង​បួន​សរសៃ ដុះ​ខុស​ប្រក្រតី​មិន​វិល​ចូល​ក្នុង​បេះដូង​ឆ្វេង តែ​បែរជា​ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន​របស់​ថ្លើម រួច​ចូល​ទៅ​បេះដូង​ស្ដាំ​វិញ​បណ្ដាល​ឱ្យ​រីក​បេះដូង​ស្ដាំ​ធ្ងន់ធ្ងរ។ គាត់​ទាំង​២​នាក់​ត្រូវ​បាន​ថែទាំ​ព្យាបាល​ដោយ​ការ​វះកាត់​កែតម្រូវ​សរសៃ​ឈាម​ផង និង​ភ្ជិត​ប្រហោង​បេះដូង​ចំហ​ផង»៕