ភ្នំពេញៈ មន្ត្រី​យោធា​បារាំង​សន្យា​ថា​នឹង​ខិតខំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​ថ្នាក់​ដឹកនាំ​កងទ័ព​នៃ​ប្រទេស​កម្ពុជា និង​បារាំង ព្រមទាំង​ខិតខំ​ក្នុង​កិច្ច​សហការ​បើក​វគ្គ​បំប៉ន​ផ្នែក​ជំនាញ​ដោះ​មីន​ដល់​កម្ពុជា។

ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ថ្ងៃទី៣១ កក្កដា រវាង​លោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ (RCAF) និង​លោក ហ្វ្រេដេរិក ដូម៉ាស់ (Frederic Daumas) អនុព័ន្ធ​យោធា​បារាំង​ចប់​អាណត្តិ ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម នៅ អគ្គបញ្ជាការដ្ឋានRCAF រាជធានី​ភ្នំពេញ។

RCAFបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នាថ្ងៃទី៣១ កក្កដា ថា៖ «សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​ខាងមុខ លោក​វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស់ បាន​សន្យា​ថា​នឹង​ខិតខំ​ក្នុង​កិច្ច​សហការ​បើក​វគ្គ​បំប៉ន និង​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ផ្នែក​ជំនាញ​ដោះ​មីន ព្រម​ទាំង​សិក្សា​រក​ដំណោះ​ស្រាយ​រាល់​សំណូមពរ​របស់​កម្ពុជា ក្នុង​នោះ​នឹង​ខិតខំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​កងទ័ព​ប្រទេស​ទាំងពីរ​ផង​ដែរ»។

លោក ដូម៉ាស់ បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៣ឆ្នាំ ដែល​លោក​បាន​បំពេញ​ការងារ​ជា​អនុព័ន្ធ​យោធា​បារាំង​ប្រចាំ​កម្ពុជា ​លោក​មាន​ការ​ចាប់​អារម្មណ៍​អំពី​សារៈសំខាន់​របស់ RCAF នៅ​ក្នុង​ការ​ចូលរួម​ជា​កម្លាំង​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (UN)។

កាល​ពី​កន្លង​ទៅ ​RCAF បាន​រៀបចំ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​សម្រាប់​អនុព័ន្ធ​យោធា​បារាំង​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា​ទៅ​កាន់​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ដូម៉ាស់ រំឭក​ថា  ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អនុព័ន្ធ​ទាំងនោះ​បាន​មើល​ឃើញ​ពី​សកម្មភាព និង​យល់​ច្បាស់​ពី​តួនាទី​របស់ ​RCAF។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។

លោក វង្ស ពិសេន រំឭក​ថា ក្នុង​លើ​វិស័យ​យោធា បារាំង​បាន​ជួយ​ឧបត្ថម្ភ​សម្ភារៈ និង​ការ​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង RCAF ក្នុង​នោះ​មាន​វគ្គ​ការពារ​ជាតិ, វគ្គ​បញ្ជាការ​សេនាធិការ, កង​រាជ​អាវុធហត្ថ, វិស្វកម្ម, និង​ជាពិសេស​ការ​បណ្ដុះ​បណ្ដាល​កងកម្លាំង​ថែ​រក្សា​សន្តិភាព​របស់​UN។

លោក​បាន​អរគុណ​ដល់​នាវា​ចម្បាំង​ប្រទេស​បារាំង ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​កាល​ពី​ឆ្នាំ​២០២៣។

លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​ខាង​មុខ កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ​ថែម​ទៀត ទាំង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស, ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្រប់​កម្រិត, ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ចារកម្ម, និង​ការ​បង្ក្រាប​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

លោក វង្ស ពិសេន​ ថ្លែង​ថា៖ «មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​បារាំង បាន​បង្ហាញ​កាន់​តែ​ច្បាស់​តាម​រយៈ​នៃ​ព្រះរាជ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​កន្លង​មក​នេះ»។

លោក​រំឭក​ថា កន្លង​មក ប្រទេស​បារាំង​ធ្លាប់​បាន​ជួយ​ដល់​កម្ពុជា​លើ​ច្រើន​វិស័យ មាន​ដូចជា វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ថាមពល ទឹក​ស្អាត និង​ការ​អភិរក្ស​បេតិកភណ្ឌ​ជាតិ។

កាល​ពី​ដើម​ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ​ម៉ា​ណែ​ត បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ប្រទេស​បារាំង​រយៈ​ពេល​២​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​​​វាង​​​ប្រទេស​ទាំង២​លើ​វិស័យ​នានា​​​ តួយ៉ាង​សេដ្ឋកិច្ច​ អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ​ និង​ក្របខ័ណ្ឌ​ហ្រ្វង់កូហ្វូ​នី​​។​

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​កម្ពុជា​បាន​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​ប្រមាណ​១ ​សប្ដាហ៍ ​ក្នុង​ស្មារតី​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​បារាំង៕