សៀមរាបៈ ផ្ទះបាយសាលាបឋមសិក្សាល្វា ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលប្រើប្រាស់កសិផលក្នុងសហគមន៍ និងថវិកាជាតិត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ដើម្បីលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ ភាពលូតលាស់ និងការសិក្សាដល់កុមារ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានថ្លែងក្នុងពិធីសម្ពោធនាថ្ងៃទី៣ ខែកក្កដាថា វិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងប្រើបាស់ថវិកាជាតិនេះបាននឹងកំពុងតែអនុវត្តនៅសាលាបឋមសិក្សា ដែលមានមត្តេយ្យសិក្សានៅក្នុងនោះផងនៅក្នុងខេត្តចំនួន១០។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ និងភាពលូតលាស់ពេញលេញដល់កុមារ ព្រោះអាហារនៅតាមសាលានេះគឺជាអាហារ ដែលមានការថ្លឹងថ្លែងពីសារធាតុចិញ្ចឹម ក៏ដូចជាភាពចម្រុះនៅក្នុងអាហារ ដើម្បីផ្តល់កាឡូរីគ្រប់គ្រាន់ដល់សិស្សានុសិស្ស។
លោកមានប្រសាសន៍ថា៖ «ម្យ៉ាងវិញទៀតគឺដើម្បីបង្កើនសមត្ថភាពនៅក្នុងការស្រូបយកចំណេះដឹង ព្រោះថា ពេលគាត់មកពីផ្ទះនៅឃ្លាននៅឡើយ ចឹងគាត់រៀនមិនចូល។ យើងចង់ឱ្យក្មេងៗផ្តោតការយកចិត្តទុកដាក់លើខ្លឹមសារ នៃការបង្រៀនហ្នឹង ទាល់តែ គាត់អាចនឹងឆ្អៀតពេលព្រឹកដែរ»។
សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ និងគ្រូបង្រៀនសរុប ១១នាក់។ ក្នុងនោះ សិស្សដែលទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប។
ដោយទទួលបានការគាំទ្រ និង ការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពីលោក ចន ណារិទ្ធ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សាលាបឋមសិក្សាល្វាបានចាប់ផ្ដើមសាងសង់ផ្ទះបាយ រយៈពេល ២ខែ ក្នុងខែមករា ខែមីនាឆ្នាំ២០២៤ ក្នុងទំហំ ៤.៥ម គុណ៧ម ដោយចំណាយថវិកាអស់ចំនួន ២០ លានរៀល។ ក្រៅពីនេះ សាលាបឋមសិក្សាល្វា បានទទួលបដិភាគពីអង្គការ Cambo ចំនួន ៣០០០ដុល្លារអាមេរិក ក្នុងការសាងសង់រោងបាយសម្រាប់សិស្សហូប ដោយភ្ជាប់ជាមួយផ្ទះបាយសម្រាប់ចម្អិនផងដែរ។
លោក ចន ណារិទ្ធ ក៏បានលើកឡើងផងដែរថា កម្មវិធីដែលគាំទ្រដោយថវិកាជាតិនេះគឺប្រើប្រាស់នូវវិធីសាស្រ្តប្រើប្រាស់កសិផលនៅក្នុងសហគមន៍ជាអតិបរិមានៅក្នុងចំអិនអាហារសម្រាប់សិស្សានុសិស្ស។
លោកបានបញ្ជាក់ថា៖ «ព្រោះកម្មវិធីសាលាដែលប្រើប្រាស់កសិកផលសហគមន៍នេះគឺមានធាតុផ្សំពេញលេញក្នុងអាហារ ហើយជាម្ហូបស្រស់ អាហារក្តៅសម្រាប់ក្មេងៗផង ហើយបន្ថែមលើនោះគឺមានទិដ្ឋភាពលើកស្ទួយ សកម្មភាពសេដ្ឋកិច្ចនៅក្នុងសហគមន៍បន្ថែមទៀតផងដែរ»។
ក្នុងគោលបំណងធ្វើស្ថាប័នូបនីយកម្ម និងកែប្រែកម្មវិធីផ្តល់អាហារតាមសាលារៀន ឱ្យក្លាយជាកម្មវិធីថ្នាក់ជាតិពេញលេញ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន ១០ ដូចជា ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ។
ក្នុងនោះមានសិស្សទទួលផលចំនួន ១៥៣ ៥៨៦ នាក់ និងចុងភៅ ១ ៥១៨ នាក់ សម្រាប់ត្រីមាសទី១ ឆ្នាំសិក្សា ២០២៣-២០២៤ ដោយបានចំណាយថវិកាចំនួន ៦ ៦៣១ ៦១១ ៤៤២រៀល នៃថវិកាវិភាគសរុបសម្រាប់កម្មវិធី ចំនួន ២២ ២៤៧ ២២៨ ០០០រៀល ស្មើនឹង ៥ ៥៦១ ៨០៧ ដុល្លារ។ នេះបើយោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម។
កម្មវិធីផ្តល់អាហារតាមសាលារៀនបានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា ដែលមានអ្នកទទួលផល ៣៧ ៥០០នាក់ ចាប់តាំងពីឆ្នាំ ១៩៩៩។
នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១ ១១៤សាលា ក្នុងខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០នាក់។ ដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក។ នៅឆ្នាំសិក្សា ២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកគំរូតាមការអនុវត្ត ប្រើប្រាស់កសិផលក្នុងសហគមន៍៕