ព្រៃវែងៈ ស្រូវ​ជាង ២ម៉ឺន ក្នុង​ចំណោម​ជាង ២១​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ព្រៃវែង​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បំផ្លាញ​ដោយ​សត្វ​រុយ​ស​ចាប់​ពី​ចុង​ខែ​មិថុនា​កន្លងមក ដែល​ក្នុង​នោះ​​ស្រូវ​ប្រមាណ​ជា​ ១០​ភាគរយ​អាច​នឹង​ខូចខាត។

លោក សំ សារុន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រៃវែង បាន​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​សត្វ​រុយ​ស​នេះ​បាន​ចាប់​ផ្តើម​កើត​ឡើង​ខ្លាំង កាល​ពី​ថ្ងៃទី​៣០ ខែ​មិថុនា​កន្លងមក។ រហូត​មក​ដល់​នឹង​ពេល​នេះ មាន​ស្រូវ​ចំនួន ២៣ ០០០​ហិកតា​ក្នុង​ចំណោម​ ២១៦ ០០០ ហិកតា​ក្នុង ១១​ក្រុង-ស្រុក​លើ​១៣ ដែល​បង្ក​បង្កើន​ផល​ក្នុង​រដូវ​វស្សា​នេះ​បាន​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់។

ប៉ុន្តែ​ក្នុង​ចំណោម​ស្រូវ​ដែល​បង្ក​បង្កើន​ផល​ជាង ២១​ម៉ឺន​ហិកតា​នោះ ក៏​មាន​ស្រូវ​ស្រាល​ខ្លះ ដែល​កសិករ​កំពុង​តែ​ប្រមូល​ផល​ផងដែរ។ 

លោក​បញ្ជាក់​ថា៖ «ស្រូវ​មួយ​ចំនួន​ដែល​ប៉ះពាល់​ពី​ការ​ផ្ទុះ​រុយ​ស​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​មក​នោះ មាន​ការ​ខូច​ខ្លះ​ហើយ។ ស្រូវ​ដែល​ប៉ះពាល់​មាន​ជាង​ ២ ម៉ឺន​ហិកតា។ ក្នុង​នោះ​ប្រហែល ១០​ភាគរយ​អាច​ខូច តែ​យើង​រង​ចាំ​មើល​ការ​វាយ​តម្លៃ​បន្ត​ទៀត»។

លោក​បាន​ឱ្យ​ដឹង​ថា រុយស​នេះ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​វៀតណាម ដែល​មាន​ការ​ផ្ទុះ​និង​ខូចខាត​ស្រូវ​ច្រើន​ដែរ។ ក្រោយ​ពេល​ដែល​រុយ​ស​ចុះ​លើ​ស្រូវ​រួច​ហើយ វា​បាន​ពង ដែល ១​ក្បាល​អាច​ពង និង​កើត​កូន​បាន​រហូត​ដល់​ទៅ ២០០​ក្បាល​ឯនោះ។ ក្រោយ​ពេល​រុយ​ស​ចុះ​ទំ​បាន​ក្នុង​រង្វង់ ១​សប្តាហ៍​រួចមក ស្រូវ​នឹង​ប្រែពណ៌​ទៅ​ជា​លឿង-ក្រហម ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់​ទាន់​ពេល​នោះទេ។ 

លោក​លើក​ឡើង​ថា៖ «បើ​កសិករ​ឃើញ​ភ្លាម មាន​វិធានការ​ភ្លាម នោះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ។ កសិករ​ខ្លះ​អត់​បាន​មើល​ស្រែ​ផង ទាល់​តែ​ស្រូវ​ឡើង​ក្រហម​បាន​ចុះ​ទៅ អាហ្នឹង​វា​ខ្លាំង​ទៅ​ហើយ។ ស្រូវ​ឡើង​ខ្លោច​ហើយ យើង​មិន​អាច​ជួយ​បាន​ទេ។ ដូច​អ្នក​ជំងឺ​កើត​មហារីក​ហើយ​ទៅ​ពេទ្យចឹង មិន​ដឹង​ធ្វើ​ម៉េច​ទេ។ ពេល​វា​ទំ​តិច​តួច ឬ​មិន​ទាន់​កើត ទើប​អាច​ទប់​បាន»។

អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ក៏​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​ប្រើ​ប្រាស់​បច្ចេកទេស​ដ្រូន​បាញ់​ថ្នាំ​សម្លាប់​សត្វ​រុយ​ស​ជាច្រើន ដោយ​ឥត​គិត​ថ្លៃ​ជូន​កសិករ​កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា​ផងដែរ។ ប៉ុន្តែ​ក្រោយ​ពី​ថ្ងៃ​នោះ​មក បើ​មាន​កសិករ​ណា​ត្រូវ​ការ​បាញ់​លើ​ផ្ទៃ​ដី​ស្រែធំៗ​នោះ ក្រុមហ៊ុន​គិត​ថ្លៃ​បាញ់​ពី​៤​ទៅ​៥​ម៉ឺន​ក្នុង​១​ហិកតា។ តម្លៃ​នេះ វា​ប្រហាក់​ប្រហែល​ទៅ​នឹង​ការ​ជួល​គេ​បាញ់​ថ្នាំ​ដោយ​ប្រើ​ធុង​ដែរ។ 

អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ក៏​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​ប្រើ​ប្រាស់​បច្ចេកទេស​ដ្រូន​បាញ់​ថ្នាំ​សម្លាប់​សត្វ​រុយ​ស​ជាច្រើន ដោយ​ឥត​គិត​ថ្លៃ​ជូន​កសិករ​កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា​ផងដែរ។

លោកថា ការ​បាញ់​ដោយ​ដ្រូន​មាន​ភាព​លឿន និង​មិន​ប៉ះពាល់​ដល់​សុខភាព​ច្រើន​នោះ​ទេ។ ប៉ុន្តែ​ការ​បាញ់​ថ្នាំ​ដោយ​ប្រើ​ធុង​បាញ់​ វាយឺត ហើយ​ប៉ះពាល់​សុខភាព​អ្នក​បាញ់​ខ្លាំងណាស់។ 

លោក​ថ្លែង​ដូច្នេះ​ថា៖ «បើ​យើង​ប្រើ​ធុងថ្នាំ​បាញ់​ក៏​មិន​អាច​អន្តរាគមន៍​ទាន់​ដែរ។ ប្រើ​ដ្រូន​បាញ់​លឿន ហើយ​មិន​ប៉ះពាល់​សុខភាព​ខ្លាំង​នោះទេ។ ដ្រូន​មាន​វិធីសាស្រ្ត​ត្រឹមត្រូវ បាញ់​សព្វ​គ្រប់​បាន​មក​វិញ ហើយ​បើ​ប្រភេទ​ដ្រូន​ធំៗ​បាញ់​រហូត​ដល់​ទឹក​ក្នុង​ស្រែ​ទៀត។ តែ​បើ​បាញ់​ស្រែ​មួយ អត់​ស្រែ​មួយ នោះ​រុយ​ក៏​កើត​ឡើង​វិញ​ដែរ»។ 

លោក​បន្ថែម​ថា តាម​រយៈ​ការ​បាញ់​កន្លង​មក​នេះ ឃើញ​ថា​វា​មាន​ប្រសិទ្ធភាព​បណ្តើរៗ​ហើយ។ ហេតុនេះ លោក​គិត​ថា ការ​ផ្ទុះ​រីក​រាលដាល​រុយ​ស​នោះ​នឹង​អាច​គ្រប់គ្រង​បាន​ភាគ​ច្រើន។

លោកស្រី ស៊ឹម ហែន អាយុ ៤៧ឆ្នាំ រស់នៅ​ក្នុង​ស្រុក​ព្រះស្តេច​បាន​ឱ្យ​ដឹង​ថា ស្រូវ​អ្នកស្រី ៧​ហិកតា ក្នុង​ចំណោម ១០​ហិកតា​បាន​កំពុង​តែ​ត្រូវ​រុយ​ស​បំផ្លាញ បើ​ទោះ​បី​ជា​ប្តី​អ្នក​ស្រី​ខិតខំ​បាញ់​ថ្នាំ​យ៉ាង​ណា​ក៏ដោយ។ 

អ្នកស្រី​អះអាង​ថា៖ «ប្តី​ខ្ញុំ​កំពុង​តែ​បាញ់​រាល់​ថ្ងៃ​ហ្នឹង។ បាញ់មិន​សូវ​បាត់​ទេ។ ស្រូវ​ចេញ​មិន​រួច​ទេ ស្រូវ​អត់​មាន​ដង្ហើម អាហ្នឹង​ [រុយស] វា​នៅ​រឹប​យក​តែ​ម្តង។ ស្រូវ​កន្លែង​ខ្លះ​ចេញ​រួច​តិចៗ។ តែ​ខូច​សឹង​តែ​ទាំងអស់។ វា​ឡើង​ក្រហម​ងាប់​ទៅ​តែ​ម្តង។ ខ្ញុំទៅ​មើល​ស្រូវ ឃើញ​ស្រូវ​អញ្ជឹង​លែង​ទៅ​ហើយ»។

អ្នកស្រី​បាន​អះអាង​ថា ក្នុង​មួយ​ហិកតា អ្នកស្រី​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជាង ៣​លាន​រៀល​ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​នោះ ដែល​នេះ​មិនទាន់​គិត​ទាំង​ថ្លៃ​ចំណាយ​លើ​ថ្នាំ​បាញ់​នា​ពេល​នេះផង។

លោក​ គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​ក្រសួង​កសិកម្ម បាន​លើក​ឡើង​ថា ឆ្នាំនេះ​សត្វ​រុយ​ស​មាន​ការ​កកើត​ខ្លាំង ហើយ​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ ដោយសារ​តែ​ឆ្នាំ​២០២៤ នេះ​មាន​អាកាសធាតុ​ក្តៅ ហើយ​ភាព​រាំង​ស្ងួត​អូស​បន្លាយ ដែល​ធ្វើឱ្យ​វដ្ដ​ជីវិត​របស់​រុយ​ស​មាន​ការ​កើន​ឡើង។

រដ្ឋបាល​ខេត្ត​ព្រៃវែង​ក៏​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បំផ្លាញ​ស្រូវ​ដោយ​សត្វ​រុយ​ស​នេះ​កាល​ពី​ថ្ងៃទី៤ ខែ​កក្កដា​នេះ​ផងដែរ៕