ក្រុមការងារ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សហប្រជាជាតិ​និង​ដៃគូ​អភិវឌ្ឍ​សម្រាប់​ការ​អនុវត្ត​មុខងារ​សេស​សល់​នៃ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក.)​បាន​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​ដើម្បី​បន្ត​ការងារ​ក្រោយ​ពេល​ដំណើរ​ការ​កាត់​ក្ដី​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ដល់​ទី​បញ្ជប់។

កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា​ ម្សិលមិញ ដឹកនាំ​ដោយ​លោក ​វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ដ្រី​ប្រចាំការ​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ដែល​ជា​ប្រធាន​ក្រុមការ​ងារ​នេះ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្ដល់​ការណែនាំ​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅនឹង​ការងារ​សេសសល់​ដែល​តុលាការ​ត្រូវ​ធ្វើ​បន្ត។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ.វ.ត.ក. ដើម្បី​រក្សា​​កេរដំណែល​របស់​ អ.វ.ត.ក. ​កម្ពុជា​នឹង​រៀបចំ​បង្កើត​វិទ្យាស្ថាន​កេរដំណែល​របស់ ​អ.វ.ត.ក. ​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ក្នុង​គោលដៅ​ថែ​រក្សា​សន្តិភាព​ យុត្តិធម៌​អន្តរកាល និង​ការ​បង្ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​និង​ការ​ពង្រឹង​សន្តិភាព​យូរ​អង្វែង​នៅ​កម្ពុជា។

លោក ​វង្សី វិស្សុត ​បាន​លើក​ឡើង​ពី​ការ​ថែរក្សា​ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​មាន​ស្តង់ដារ​ខ្ពស់​នៃ​បណ្ណសារ​ និង​ការ​ប្រើ​ប្រាស់​សមិទ្ធផល ​បទពិសោធ ​និង​កេរដំណែល​ដ៏​មាន​តម្លៃរបស់ ​អ.វ.ត.ក. ប្រកប​ដោយ​ប្រសិទ្ធភាព ​គុណភាព ​និង​តម្លាភាព​ សម្រាប់​ជា​អង្គចងចាំ​សំខាន់​មួយ​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំការ​បាន​ថ្លែង​ថា​ ដំណើរការ​កាត់​សេចក្តី​របស់​អ.វ.ត.ក.​ បាន​បន្សល់​ទុក​នូវ​កេរដំណែល​ដ៏​សំខាន់ ​ទាំង​រូបី​និង​អរូបី ​និង​មាន​គុណ​តម្លៃ​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ការបង្រួប​បង្រួម​ជាតិ និង​យុត្តិធម៌​ទាំង​ក្នុង​កម្រិត​ជាតិ ​និង​អន្តរជាតិ។

លោក​បន្ត​ថា លទ្ធផល​របស់​​អ.វ.ត.ក.​បង្ហាញ​ពី​សមិទ្ធផល​នៃ​គោល​នយោបាយ​ឈ្នះ ឈ្នះ​ របស់​រាជរដ្ឋាភិបាល ​ដែល​រក្សា​បាន​នូវ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ការផ្សះ​ផ្សាជាតិ​នៅ​តាម​មូលដ្ឋាន ​ការផ្តល់​យុត្តិធម៌​ដល់​ជនរង​គ្រោះ​នៃ​របប​ខ្មែរក្រហម ការ​ចងចាំ​និង​ការ​ទប់​ស្កាត់​ការ​វិល​ត្រលប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍។

អ.វ.ត.ក. បាន​បញ្ចប់​ដំណើរ​ការ​កាត់​ក្ដី​កាល​ពី​ចុង​ឆ្នាំ​២០២២ ដោយ​បាន​បន្សល់​ទុក​នូវ​ឯកសារ​ពាក់​ព័ន្ធ​បណ្ណសារ​តុលាការ​ប្រមាណ​ ២,៤​លាន​ទំព័រ។ តុលាការ​កូនកាត់​រវាង​រាជរដ្ឋាភិបាល​និង​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​កំណែ​ទម្រង់​វិស័យ​ច្បាប់​និង​យុត្តិធម៌​របស់​កម្ពុជា តាម​រយៈ​ការ​អភិវឌ្ឍ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​មន្រ្តី​តុលាការ​និង​មន្រ្តី​ច្បាប់​ដូចជា​ការ​ផ្ទេរ​ចំណេះ​និង​ដឹង​ចំណេះ​ធ្វើ​និង​បទពិសោធ​ជាច្រើន​ទៀត​ទៅ​ដល់​ប្រព័ន្ធ​តុលាការ​ជាតិ​និង​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក វង្សី វិស្សុត​ ចាត់​ទុក​ អ.វ.ត.ក. ថា​ជា​តុលាការ​គំរូ ​និង​ពិសេស​មួយ​សម្រាប់​តំបន់ និង​សកលលោក ដែល​ប្រើ​យុត្តាធិការ​របស់​ប្រទេស​ជា​ម្ចាស់​បញ្ហា​ ហើយ​ប្រើ​ច្បាប់​ចម្រុះ​ទាំង​ប្រព័ន្ធ ​Common Law ​ទាំង​ប្រព័ន្ធ ​Civil Law។

លោក​ថា៖ «ទាំង​នេះ ឆ្លុះ​បញ្ចាំង​អំពី​សក្តានុភាព​នៃ​នីតិ​វិធី​តុលាការ​របស់​កម្ពុជា​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ​ផ្សះ​ផ្សារ​ជាតិ សម្រេច​បាន​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ និង​ធានា​បាន​នូវ​និរន្តរភាព​នៃ​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ»។

លោក​បន្ត​ថា៖ «វប្បធម៌​សន្តិភាព​បង្រួម​បង្រួម​ជាតិ​និង​ការ​ផ្តល់​យុត្តិធម៌​នឹង​ត្រូវ​បន្ត​តាម​រយៈ​ការ​ខិត​ខំ​ទាំង​អស់​គ្នា​ក្នុង​ការ​អប់រំ​និង​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​បង្ការ​នូវ​ការ​ត្រលប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជ​សាសន៍​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណ​តម្លៃ​និង​និរន្តរភាព​សម្រាប់​សង្គមជាតិ​និង​យុវជន​ជំនាន់​ក្រោយ»។

កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​សហ​ប្រតិ​បត្តិការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​និង​ដៃ​គូ​អភិវឌ្ឍ​សម្រាប់​ការ​អនុវត្ត​មុខងារ​សេស​សល់​នៃ​អ.វ.ត.ក. ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក នេត្រ ភត្រ្តា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​រួម​ទាំង​ថ្នាក់​ដឹក​នាំ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​និង​តំណាង​អង្គការ​សហ​ប្រជាជាតិ​ដែល​ជា​សមាជិក​នៃ​ក្រុមការងារ​នេះ។

យោង​តាម​មាត្រា១​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ ​អ.វ.ត.ក. ​ត្រូវ​បន្ត​បំពេញ​មុខងារ​នានា​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ដំបូង​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ការ​កាត់ក្ដី ​ដូចជា​ពិនិត្យ​មើល​ទៅ​លើ​ពាក្យ​ស្នើ​សុំ​នានា​និង ដំណើរការ​នីតិ​វិធី​សើរើ​ទៅ​លើ​សាល​ដីកាស្ថាពរ ​ផ្តល់​ការ​ការពារ​ដល់​ជន​រង​គ្រោះ​និង​សាក្សី ​ដាក់ ទណ្ឌកម្ម​ឬ​បញ្ជូន​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​នូវ​ការជ្រៀត​ជ្រែក​នានា​ដោយ​ចេតនា​ក្នុង​កិច្ចការ​រដ្ឋបាល តុលាការ​ឬ​ការ​ផ្តល់​សក្ខីកម្ម​ក្លែង​ក្លាយ។

អ.វ.ត.ក ក៏​មាន​តួនាទី​គ្រប់គ្រង​ការ​អនុវត្ត​ទោស​ ការតាមដាន​ការ​ប្រព្រឹត្ត​ចំពោះ​ទណ្ឌិត​ ការ​ថែទាំ​ រក្សា​ទុក​និង​គ្រប់​គ្រង​បណ្ណសារ​ រួមទាំង​ការ​ធ្វើ​ចំណាត់​ថ្នាក់​ឡើង​វិញ​ នៃ​ឯកសារ​សំណុំ​រឿង​ទាំង​អស់​ ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ចូល​ពិនិត្យ​មើល​ឯកសារ​ ផ្សព្វផ្សាយ​ព័ត៌មាន​ ដល់​សាធារណជន​ពាក់​ព័ន្ធ​នឹង​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ និង​ត្រួត​ពិនិត្យ​មើល​ការ​អនុវត្ត​ការ​ផ្តល់​សំណង​ ដែល​បាន​ផ្តល់​ឱ្យ​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទៅ​តា​មករណី​ចាំបាច់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ព្រះករុណា​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ បាន​តែង​តាំង​លោកស្រី Katrien Gabriël Wittleman ជនជាតិ​ហូឡង់ ​ជា​ចៅ​ក្រម​អន្តរជាតិ​ និង​លោក Motoo Noguchi ជនជាតិ​ជប៉ុន ជា​ចៅក្រម​អន្តរជាតិ​បម្រុង​នៃ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល កាល​ពី​ថ្ងៃទី​១ ខែ​កក្កដា​កន្លង​ទៅ។ ការ​តែង​តាំង​នេះ​គឺ​ដើម្បី​បន្ត​ការងារ​ដែល​នៅ​សេសសល់ ​ជំនួស​ឲ្យ​ចៅក្រម​មុនៗ​ដែល​បាន​លាឈប់។ ការ​បំពេញ​ការងារ​នេះ​ធ្វើ​ឡើង​ពី​ចម្ងាយ លើកលែង​តែ​មាន​ភាព​ចាំបាច់​ដែល​ទាក់​ទង​នឹង​មុខ​ងារ​ផ្ទាល់​របស់​ពួកគេ៕