ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​គិតគូរ​​ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​ និង​ការ​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ដែល​ជាប់​ក្នុង​ពន្ធនាគារ​រហូត​ដល់​អាយុ​​២ឆ្នាំ។ 

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បរិញ្ញាបត្រ​អប់រំ​ជូន​ដល់​គរុ​និស្សិត គរុ​សិស្ស និង​ពិធី​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អន្តេវាសិកដ្ឋាន​គ្រូ​នៅ​វិទ្យាស្ថាន​គរុកោសល្យ រាជធានី​ភ្នំពេញ នាថ្ងៃទី៤ កក្កដា លោក​បាន​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភាក្សា​គិតគូរ​ពី​ការ​ផ្ដល់​អត្ថប្រយោជន៍​នេះ ដោយ​លោក​លើក​ឡើង​ថា នេះ​ជា​ការងារ​មនុស្សធម៌។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ទាក់ទង​កិច្ច​ការងារ​នេះ ខ្ញុំ​សុំ​ឱ្យ​ឯកឧត្ដម ហេង សួរ [រដ្ឋមន្ត្រី​ការងារ] ហើយ​ជាមួយ​ខាង​សង្គមកិច្ច [ក្រសួង​សង្គមកិច្ច] គិតគូរ​ផង​រឿង​ស្ត្រី​មាន​ផ្ទៃពោះ​នេះ យើង​មាន​សម្រាប់​កម្មករ កម្មការិនី មន្ត្រីរាជការ។ ឥឡូវ គិតគូរ​ផង​ពី​ពិរុទ្ធជន​នៅ​ក្នុង​គុក។ ឃើញ​លោកជំទាវ អ៊ឹង កន្ថាផាវី [រដ្ឋមន្ត្រី​កិច្ចការ​នារី] ថា អ្នក​ក្នុង​គុក ក៏​មាន​អ្នក​ខ្លះ​ទម្ងន់។ អ៊ីចឹង គាត់​ក៏​ត្រូវការ​ការ care [យក​ចិត្ត​ទុក​ដាក់] ដែរ»។

លោក​បន្ថែម​ថា៖ «ម្ដាយ​ធ្វើ​ខុស តែ​កូន​អត់​ខុស​ទេ...។ ហើយ calculate [គណនា] មិន​ច្រើន​ទេ។ គិតគូរ​អំពី​អត្ថប្រយោជន៍​ ផ្តល់​ការ​ឧបត្ថម្ភ​ទៅ​ដល់​ស្ត្រី​ដែល​ជាប់​ទោស ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ទម្ងន់ ហើយ​កើត​កូន នៅ​ក្នុង​នោះ...។ ​ គិត​កូន ព្រោះ​កូន​នេះ​គ្នា​អត់​ដឹង​អី​ទេ»។ 

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​៤ កក្កដា ថា ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​កុមារ​ដែល​នៅ​ជាមួយ​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ​នេះ ជា​រឿង​មួយ​ប្រសើរ ដែល​អាច​ជួយ​សម្រាល​បន្ទុក​ដល់​ពួកគាត់​ផង​ដែរ។ 

លោក​ចោទជា​សំណួរ​​ថា៖ «ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​គ្នា​អត់​មាន​សិទ្ធិ អត់​មាន​សេរីភាព​ថា​តើ​ការ​ទម្លាក់​លុយ​នោះ​ដោយ​របៀប​ណា? តើ​បាន​ដល់​ដៃ​របស់​ពួកគាត់​ទេ? ហើយ​បើ​សិន​ជា​ថា​មាន​ការ​កិបកេង​ពី​មន្ត្រី​ណា​ម្នាក់​នៅ​ពន្ធនាគារ​អី​ហ្នឹង ក៏​គ្នា​មិន​ដឹង​ថា​រាយការណ៍ មិន​ដឹង​ថា​និយាយ​យ៉ាង​ម៉េច​ដែរ។ នេះ​ជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ពី​បញ្ហា​រឿង​អស់​ហ្នឹង​ដែរ ដើម្បី​ឱ្យ​ប្រាកដ​ថា​លុយ​ដែល​បាន​ទម្លាក់​ទៅ​គឺ​ដល់​ដៃ​ពួកគាត់»។

លោក​ យង់ គិមអេង លើក​ឡើង​ថា កុមារ​តូច​នៅ​ក្នុង​ពន្ធនាគារ​គួរតែ​ត្រូវ​បាន​ផ្ដល់​ការ​ឧបត្ថម្ភ រហូត​ដល់ពួកគាត់ និង​ម្ដាយពួកគាត់​​ចេញពី​ពន្ធនាគារ​ ទើប​រដ្ឋ​គួរតែ​ផ្ដាច់​ការ​ផ្គត់ផ្គង់។

លោកថ្លែងថា៖ «កុមារ​នេះ​ខ្ញុំ​ថា​គួរតែ​ជួយ​ទៅ​ដល់​គ្នា ពីព្រោះ​គ្នា​អត់​មាន​ទោស​ទេ។ អ៊ីចឹង​ ដល់​ពេល​ឪពុក​ម្ដាយ​ជាប់ទោស​ហើយ គ្នា​អត់​មាន​ទៅ​រក​ស៊ី​បាន​ទេ គឺ​គួរតែ​ជួយ​ពួកគាត់​រហូត​ដល់​ឪពុក​ម្ដាយ​ហ្នឹង​ត្រូវ​បាន​ចេញ​ពី​ពន្ធនាគារ​ដែរ។ កុំ​គិត​រឿង​អាយុ​របស់​គាត់។ ទោះ​បី​គ្នាអាយុ ៧ [ឬ]​ ៨ឆ្នាំ គ្នា​មិន​ដឹង​រក​ស៊ី​អី​បាន គឺ​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ហ្នឹង»។

លោក​បន្ត​ថា ប្រសិន​បើ​ក្នុង​ពន្ធនាគារ​មាន​កុមារ​ចាប់ពី​ចំនួន​១០នាក់ រដ្ឋ​គួរ​តែ​បើក​ថ្នាក់​មត្តេយ្យ​សម្រាប់​ពួកគាត់​ឱ្យ​បាន​រៀន​សូត្រ​ដើម្បី​ធានា​អំពី​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​អំពី​កាតព្វកិច្ច​របស់​រដ្ឋ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សិក្សា ការ​អប់រំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​ យង់ គិមអេង ​ថ្លែង​ថា៖ «អ៊ីចឹង ខ្ញុំ​ថា រឿង​អស់​ហ្នឹង​គឺ​គួរតែ​ត្រូវ​បាន​ធ្វើ ហើយ​ធ្វើ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​បន្ទាន់​ទៀត​ដើម្បី​ធានា​ថា កុមារ​ហ្នឹង​មិនមែន​ត្រឹមតែ​បាន​ការ​ផ្គត់ផ្គង់​ទេ គឺ​ទទួល​បាន​ការ​រៀន​សូត្រ​ទៀត។ បើ​រដ្ឋាភិបាល​អាច​ធ្វើ​ដូច្នេះ​បាន នោះ​គឺ​នឹង​មាន​ការ​អបអរសាទរ និង​ការ​ត្រេកអរ​ផង​ដែរ​អំពី​សាច់ញាតិ អំពី​ឪពុក​ម្តាយ​របស់​ពួកគាត់»៕