រូបចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយគឺបដិមាព្រះលោកេសូរ ឬ លោកកេស្វារៈធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១នៃគ.ស និងរូបចម្លាក់១៣ផ្សេងទៀតបានមកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី១៣ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីពិធីប្រគល់ធ្វើឡើងកាលពីឆ្នាំមុននៅសហរដ្ឋអាមេរិក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថាវត្ថុបុរាណខ្មែរចំនួន១៤រូប ដែលត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) នៅសហរដ្ឋអាមេរិក បានមកដល់សារមន្ទីរជាតិកម្ពុជា ហើយកាលពីរសៀលម្សិលមិញ។
ការប្រគល់ត្រូវឡប់មកវិញនេះ មានឡើងបន្ទាប់ពីមានការចរចាអស់ជាច្រើនឆ្នាំ រវាងក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។
ក្នុងចំណោមវត្ថុបុរាណខ្មែរទាំង១៤នេះ រួមមានទេពស្រី (នាងឧមា) ធ្វើពីថ្មភក់នៅសតវត្សរ៍ទី១០នៃគ.ស. ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ ប្រអប់ជើងនៃរូបចម្លាក់នេះត្រូវបានរកឃើញនៅឆ្នាំ២០២១ នៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។
ការត្រឡប់មកវិញនូវចម្លាក់ព្រះនាងឧមា អាចធ្វើឲ្យប្រអប់ជើងនិងដងខ្លួននឹងត្រូវផ្គុំគ្នាឡើងវិញទៅជារូបបដិមាតែមួយ។
ចម្លាក់ដ៏កម្រនិងជាស្នាដៃឯកមួយទៀតគឺ បដិមាព្រះលោកេសូរធ្វើពីសំលោហៈ ចុងសតវត្សរ៍ទី១០ ដើម១១គ.ស។ រូបចម្លាក់នេះត្រូវបានសារមន្ទីរ MET ទិញពីលោក Douglas Latchford ដែលល្បីល្បាញខាងជួញដូរវត្ថុបុរាន នៅក្នុងឆ្នាំ១៩៩២។
វត្ថុបុរាណដ៏សំខាន់មួយទៀតដែរនោះ គឺព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធនៅសតវត្សរ៍ទី១០គ.ស. ដែលកម្ពុជាតែងព្យាយាមស្វែងរកជាយូរមកហើយដើម្បីយកមកផ្តុំឡើងវិញជាមួយនឹងដងខ្លួនដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។
ចម្លាក់ព្រះកេសនេះប្រហែលត្រូវបានគេលួចនៅក្នុងទសវត្សរ៍១៩៩០។ ចំណែកដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងខេត្តបាត់ដំបងតាំងពីយូរមកហើយ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការវិលត្រឡប់មកវិញនូវចម្លាក់ទាំងនេះមានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។
លោកស្រីថ្លែងថា៖ «យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្តដ៏មានតម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលអ្នកកាន់កាប់សមុច្ច័យឯកជននានា និងសារមន្ទីរមួយចំនួនបានទាក់ទងមកយើងក្នុងពេលថ្មីៗនេះ ហើយយើងរំពឹងថា មរតកវប្បធម៌សំខាន់ៗដទៃជាច្រើនទៀតនឹងប្រគល់ត្រឡប់មកមាតុភូមិវិញនាពេលអនាគ»។
លោកស្រីបន្តថា កម្ពុជាប្ដេជ្ញាចិត្តបន្តស្វែងរក និងនាំយកមកវិញនូវព្រលឹងដូនតារបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីទឹកដីកំណើតក្នុងអំឡុងសង្គ្រាមស៊ីវិលនិងអសន្តិសុខច្រើនទសវត្សរ៍កន្លងមកនេះ។
លោកស្រីបានថ្លែអអំណរគុណដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរួមចំណែកក្នុងការងារពាក់ព័ន្ធទាំងអស់ដែលនាំទៅដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរមកទឹកដីកម្ពុជាវិញជាបន្តបន្ទាប់។
លោស្រីបញ្ជាក់ថា៖ «ការបញ្ជូនត្រឡប់មកវិញនៃព្រលឹងដូនតានេះបានរួម ចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សានិងការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល ជាច្រើនទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។ លទ្ធផលប្រកបដោយផ្លែផ្កានេះ ក៏បានបង្ហាញនូវទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាមេរិក»៕