កំពង់ឆ្នាំងៈ ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំពុង​តែ​សាកល្បង​អនុវត្ត​គម្រោង​ប្រើប្រាស់​ប្រភេទ​ទឹក​ថ្នាំ​ស្ទឺប៊ីឡៃហ្សឺ​ ​(Stabilizer) លាយ​ជាមួយ​ដី​ល្បាយ​ក្រួស ដែល​ប្រទេស​ដទៃ​កំពុង​តែ​ប្រើ​ ដើម្បី​កែ​លម្អ​ផ្លូវ​ជាង​ ១​គីឡូម៉ែត្រ​មួយ​ខ្សែ​នៅ​ក្នុង​ភូមិ​ត្បែងខ្ពស់ ឃុំ​តាំងក្រសាំង ស្រុកទឹកផុស។ 

ការ​ជ្រើសរើស​យក​បច្ចេក​វិទ្យា​ថ្មី​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង និង​បង្កើន​គុណ​ភាព​ផ្លូវ​ឱ្យ​កាន់​តែ​រឹងមាំ និង​មាន​​ភាព​ធន់ ដែល​ជា​ការ​ចូលរួម​ចំណែក​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​ជា​យុទ្ធសាស្រ្ត​ពង្រឹង​គុណភាព​ផ្លូវ ៧០​ភាគរយ និង ពង្រីក​បន្ថែម ៣០​ភាគរយ។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឆាយ ឫទ្ធិសែន មាន​ប្រសាសន៍​ថា៖ «ការ​កែលម្អ​ផ្លូវ​ល្បាយ​ក្រួស ដោយ​ប្រើ​ប្រាស់​សាកល្បង​នូវ​បច្ចេកវិទ្យា​ពង្រឹង​គុណភាព​ដី​ល្បាយ​ក្រួស (Stabilizer) នេះ គឺជា​គម្រោង​សាកល្បង​ប្រើ​ប្រាស់​ទឹក​ថ្នាំ​លាយ​ជាមួយ​ដី​ល្បាយក្រួស ដើម្បី​បង្កើន​ភាព​ធន់ ជំនួស​ឱ្យ​វត្ថុធាតុ​ដើម​ក្នុង​ស្រុក ដែល​កាន់​តែ​ក្រ​ខ្សត់​ទៅៗ និង​មាន​តម្លៃ​ថ្លៃ​ផងដែរ»។

នាពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្លូវ​ជនបទ​ចំនួន ១៦ ៦៧៤ខ្សែ ដែល​ស្មើ​នឹង​ប្រមាណ​ជា​ ៥​ម៉ឺន​គីឡូម៉ែត្រ។ ផ្លូវ​ដែល​កំពុង​តែ​កែ​លម្អែ​ដោយ​សាកល្បង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ​មាន​ប្រវែង១ ៧០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានកែលម្អផ្លូវនៅ​ក្នុង​ភូមិ​ត្បែងខ្ពស់ ឃុំ​តាំងក្រសាំង ស្រុកទឹកផុស កាលពីថ្ងៃទី ២ កក្កដា។ រូបថត ក្រសួង​អភិវឌ្ឍន៍​ជនបទ

លោក​រដ្ឋមន្រ្តី​ក៏​បាន​លើកឡើង​ផងដែរ​ថា ក្នុង​ការ​ពង្រឹង​គុណភាព​ផ្លូវ​ជនបទ​ទាំង​នោះ គឺ​ក្រសួង​បាន​ ស្វែង​រក​នូវ​វត្ថុ​ធាតុ​ដើម​ថ្មី ក៏​ដូចជា​បច្ចេកទេស​ថ្មី ដែល​អាច​មាន​តម្លៃ​ថោក​ជាង​មុន ឬ​ក្នុង​ទំហំ​ទឹក​ប្រាក់​ដដែល តែ​វា​អាច​បាន​បរិមាណ​ផ្លូវ​ច្រើន​ជាង​មុន។ ក្នុង​នោះ​បច្ចេកទេស​ប្រើ​ទឹក​ថ្នាំ stabilizer ក៏​កំពុង​តែ​ត្រូវ​បាន​ប្រទេស​ផ្សេង​ប្រើប្រាស់​ផងដែរ។ 

លោក​បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​ប្រទេស​យើង​កំពុង​តែ​ចាប់ផ្តើម​សាកល្បង​នេះ។ ចាំ​មើល​ មើល​ថាតើ យើង​អាច​បាន​ភាព​រឹងមាំ​ប៉ុណ្ណា។ Stabilizer មានច្រើន​ប្រភេទ តែ Stabilizer មួយ​នេះ​គ្រាន់​តែ​ជា​ទឹក​រាវ​មួយ ដែល​យក​ទៅ​អាច​ថា សូម្បី​ផ្លូវ​ក្រាលក្រួស​ក្រហម​ក៏ដោយ យើង​ចាក់​អាហ្នឹង​វា​មាន​ភាព​រឹងមាំ​ដូច​ផ្លូវ ក្រាល​កៅស៊ូ។ គ្រាន់​តែ​វា​អន់​ជាង​បេតុង​បន្តិច»។

លោករដ្ឋមន្រ្តី​បាន​ពន្យល់​ថា៖ «ប៉ុន្តែ​កាត់​បន្ថយ ការ​សឹក​រិចរិល​នេះ​បាន​ច្រើន។ បាន​ន័យថា វា​មាន​ទទួល​បាន​ការ​ទ្រ​ទំងន់​​ហើយ​ពង្រឹង​កន្លែង​ណា​ដែល​គ្រឹះ​មិន​ល្អ។ ពោល​គឺ stabilizer នេះ​អាច​ជួយ​ដល់​ពង្រឹង​គ្រឹះ​របស់​ផ្លូវតែ​ម្តង។ ជា​បច្ចេកទេស​ផ្លូវ ទោះ​ក្រាល​កៅស៊ូ​ល្អ​យ៉ាង​ម៉េច​ក៏ដោយ ប្រាកដ​ហើយ​ខូច​កៅស៊ូ​មុន..តែ​កៅស៊ូ​នេះខូច ក៏​ដោយ​សារ​តែ​គ្រឹះ​ខាង​ក្រោម​វា​ទេ ដែល​វាជ្រាយ»។ 

លោករដ្ឋមន្ដ្រី បាន​ណែនាំ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​អនុវត្ត ឱ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ក្នុង​ការ​ស្ថាបនា​ផ្លូវ ដើម្បី​ធានា​គុណភាព​ផ្លូវ​ជាប់ និង ប្រើប្រាស់​បាន​យូរ​អង្វែង។

អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ពិត ករុណ មិនទាន់​អាច​ជំរាប​បាន​ពី​រយៈពេល​នេះ​នៃ​គម្រោង​នេះ និង​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ​ទេ។ ទោះយ៉ាងណា លោក​ថ្លែងថា​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ ក្រសួង​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​គុណភាព​ការ​ស្ថាបនា​ផ្លូវ​ជនបទ។ 

លោក​បាន​បញ្ជាក់​ថា៖ «ចំពោះ​ការ​ប្រើវិធី​​​ស្ទឺប៊ីឡៃហ្សឺstabilizer method នេះ​គឺជា​ការ​សាកល្បង​របស់​យើង​ក្នុង​ការ​រក​បច្ចេក​វិទ្យា​ថ្មី ដើម្បី​ធ្វើ​យ៉ាង​ណា ធ្វើឱ្យ​ផ្លូវ​ជន​បទ​របស់​យើង​កាន់តែ​មាន​ភាព​រឹងមាំ​ហើយ​នឹង​ជាប់ធន់​បាន​យូរ»៕