ចំនួន​អ្នកចូល​ទស្សនា​សារមន្ទីរ​ជាតិ​កើន​ឡើង​រហូត​ដល់ ២០០០​ នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក​ខ្លះ​ បន្ទាប់​ពី​សារមន្ទីរ​បាន​តាំង​រូបចម្លាក់​ដែល​ទទួល​បាន​មក​វិញ​ពី​បរទេស។

សារមន្ទីរជាតិ​កំពុង​រៀប​ចំ​ផ្ទាំង​ព័ត៌មាន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​អ្នក​ទស្សនា​បាន​យល់​ដឹង​បន្ថែម​អំពី​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ដែល​តាំង​នៅ​ទីនោះ។

សារមន្ទីរជាតិ​មាន​តាំង​បង្ហាញ​វត្ថុ​បុរាណ​ខ្មែរ​រាប់​ពាន់​រូប ហើយ​ចំនួន​នេះ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយសារ​តែ​កម្ពុជា​បន្ត​ទទួល​បាន​ត្រលប់​មក​វិញ​នូវ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​គេ​លួច​យក​ចេញ និង​ជួញដូរ​នៅ​ក្រៅ​ប្រទេស។​ វត្ថុបុរាណ​ដែល​មក​ដល់​ចុង​ក្រោយ​មាន​ចំនួន ១៤​រូប​ដែល​ត្រូវ​ប្រគល់​ត្រលប់​មក​ពី​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ រូបចម្លាក់​ដែល​មក​ដល់​កាល​ពី​ថ្ងៃទី​៣ កក្កដា ទាំង​១៤​នេះ នឹង​មិន​ត្រូវ​បាន​ដាក់​តាំង​សម្រាប់​សាធារណជន​ទស្សនា​ភ្លាមៗ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ការ​បញ្ជូន​ត្រឡប់​មក​បន្ថែម​ទៀត។ នេះបើ​តាម​លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរ​ជាតិ។

បច្ចុប្បន្ន​នេះ រូបចម្លាក់​ចំនួន ៩៩ ដែល​ត្រូវ​បាន​បញ្ជូន​ត្រលប់​មក​វិញ​កាល​ពី​ឆ្នាំ​មុនៗ កំពុង​ត្រូវ​បាន​ដាក់​តាំង​ជាមួយ​រូបចម្លាក់ និង​វត្ថុ​សិល្បៈ​ជា​ច្រើន​ទៀត​រហូត​ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ។

សារមន្ទីរជាតិ​​​តាំង​បង្ហាញ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន១៤រូប ដែលទទួល​ត្រលប់​ពីសារមន្ទីរ Metropolitan Museum of Art សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី​៣ កក្កដា ។ AKP

លោក​ វិសុទ្ធ ក៏​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំង​ពី​ការ​ដាក់​ឲ្យ​ទស្សនា​នូវ​វត្ថុ​បុរាណ​ដែល​ទទួល​បាន​មក​វិញ​ពី​ថ្ងៃទី​១៨ ខែ​មិថុនា​មក ​ចំនួន​អ្នក​ទស្សនា​នៅ​សារមន្ទីរ​បាន​កើន​ឡើង​ច្រើន​ ជាពិសេស​យុវជន ហើយ​ចំនួន​ដែល​ច្រើន​ជាង​គេ​គឺ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក។

លោក​និយាយ​ថា៖ «ចំនួន​ភ្ញៀវ​ក្នុង​ស្រុក ជា​ពិសេស​យុវជន​គឺ​កើន​ឡើង​ច្រើន​មែន​ទែន គួរ​ជាទី​ចាប់​អារម្មណ៍។ ខ្ញុំ​មិន​មាន​តួលេខ​ប្រចាំ​ថ្ងៃ​នេះ ប៉ុន្តែ​ចំនួន​អ្នកទស្សនា​ចុង​សប្ដាហ៍​គឺ​មាន​ច្រើន​ ពី​៨០០នាក់​ទៅ​១៥០០​នាក់។ បើ​ថ្ងៃ​សម្រាក​អាច​ឡើង​ដល់​ជាង ២០០០​នាក់។ ខ្ញុំ​ឃើញ​មាន​ចំនួន​កើនឡើង​ប្លែក​មែន​មួយ​រយៈ​ចុងក្រោយ​នេះ។ ចំនួន​ក្មេងៗ​មក​សារមន្ទីរ អាច​ថា​គាត់​មក​តាម​គ្នា។ គាត់​មក​មើល មក​ថត ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ»។

ទោះបីជា​ចំនួន​យុវជន​ចូល​ទស្សនា​មាន​ចំនួន​ច្រើន​ក៏ដោយ ពួកគេ​​ប្រហែល​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង​នោះ​ទេ ដោយសារ​តែ​មិន​មាន​ព័ត៌មាន​លម្អិត​សម្រាប់​វត្ថុ​បុរាណ​នីមួយៗ និង​មិន​មាន​សេវាកម្ម​មគ្គុទ្ទេស៍​សម្រាប់​អ្នក​ទស្សនា ប្រសិន​បើ​ពួកគេ​មិន​បាន​ស្នើសុំ​មុន។

យុវជន​ចូល​ទស្សនា និង​ថតរូប​នៅ​សារ​មន្ទីរជាតិ។​ រូបថត នៀម ឆេង

ចំពោះ​បញ្ហា​នេះ លោក វិសុទ្ធ ពន្យល់​ថា៖ «យើង​រៀបចំ​សម្រាប់​តែ​ការ​កក់​មុន ហើយ​ការងារ​បែប​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​សារមន្ទីរ​នានា​នៅ​លើ​ពិភពលោក​ដែរ។ បើសិនជា​គាត់​ទៅ​មើល​សារមន្ទីរ​ហើយ​ចង់​បាន​មគ្គុទ្ទេស​ណែនាំ ត្រូវ​ទាក់ទង​មក​សារមន្ទីរ​មុន ដូចជា​ផ្ញើសារ​មក​ ហើយ​ខាង​សារមន្ទីរ​នឹង​រៀបចំ​មគ្គុទ្ទេស​រង់ចាំ។ បើអត់​មាន​ការ​កក់​ទេ យើង​អត់​ទាន់​មាន​សេវា​ហ្នឹង​ទេ»។

លោក​បន្ត​ថា មាន​សារមន្ទីរ​តិច​តួច​​ដែល​មាន​ការ​រៀបចំ​មគ្គុទ្ទេស៍​តាម​ថ្ងៃ​និង​តាម​ម៉ោង​កំណត់​ជាក់​លាក់​សម្រាប់​អ្នក​ទស្សនា។ ប៉ុន្តែ សម្រាប់​សារមន្ទីរ​ជាតិ មិន​ទាន់​មាន​ការ​រៀបចំ​បែប​នេះ​ទេ។​ យ៉ាងណា​ក៏ដោយ ដើម្បី​បង្កើន​ចំណេះ​ដឹង​ដល់​អ្នក​ទស្សនា សារមន្ទីរ​កំពុង​រៀបចំ​ផ្ទាំង​ព័ត៌មាន​បន្ថែម​ទៀត។​

លោក​ថា៖ «ឥឡូវនេះ ​ផ្ទាំងព័ត៌មាន​ យើង​កំពុង​ធ្វើ​បណ្ដើរៗ​ហើយ​ ទោះបី​មិន​ទាន់​បាន​គ្រប់​គ្រាន់ យើង​បាន​ដាក់​តាំង​និង​កំពុង​ដំឡើង​ជា​ហូរហែ»។

ការ​ចូល​ទស្សនា​សារមន្ទីរ​ជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពេញវ័យ​​មាន​តម្លៃ​ត្រឹម​តែ ៥០០​រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ពួកគេ​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ សម្រាប់​ភ្ញៀវ​បរទេស​ដែល​មាន​អាយុ​ពី​ ១០ ទៅ​១៧​ឆ្នាំ តម្លៃ​សំបុត្រ ៥ដុល្លារ ចំណែក​មនុស្ស​ពេញ​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​តម្លៃ​ ១០ដុល្លារ៕

សារមន្ទីរជាតិ​​​តាំង​បង្ហាញ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន១៤រូប ដែលទទួល​ត្រលប់​ពីសារមន្ទីរ Metropolitan Museum of Art សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី​៣ កក្កដា ។ AKP