កំពង់ស្ពឺៈ កម្ពុជា នាថ្ងៃទី៤ ខែកក្កដា ​បានរៀបចំ​ពិធី​ជូន​ដំណើរកងកម្លាំងថែរក្សា​សន្តិភាព​​មួក​ខៀវ​ចំនួន​ ២៤៤​នាក់ដែល​ត្រូវ​​ប្ដូរ​វេន​​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​អាហ្វ្រិក​កណ្តាល ​ក្រោម​ក្របខ័ណ្ឌ​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​នៃ​​អង្គការ​សហប្រជាជាតិ (UN)។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ធ្វើ​ជា​អធិបតី​​ក្នុង​ពិធី​នេះ នៅ​ខេត្ត​កំពង់ស្ពឺ ​បាន​ថ្លែង​ថា កងកម្លាំង​ទាំង ​២៤៤​នាក់ ដែល​ជា​កង​អនុសេនាធំ​កង​វិស្វកម្ម​លេខ​ ៤៦៨​​ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព និង​បាន​ហ្វឹកហ្វឺន​ជំនាញ​ច្បាស់លាស់​មុន​នឹង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នេះ។ 

លោក សុខ ចិន្តាសោភា ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព បាន​ណែនាំ​ឱ្យ​កងកម្លាំង​ទាំង​នេះ​ត្រូវ​បង្កើន​សាមគ្គីភាព​ល្អ និង​អនុវត្ត​បទបញ្ជា​កងកម្លាំង ដើម្បី​បង្កើន​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោកស្រី Kristin Parco អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ស្ដីទី​ត្រូវ​បាន​ស្រង់​សំដី​ចុះ​ផ្សាយ​ក្នុង​ហ្វេសប៊ុក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) ថា ការ​ចាកចេញ​របស់​កងកម្លាំង​ទាំងអស់​នេះ គឺជា​ការ​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​រក្សា​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ សន្តិភាព សេចក្ដីថ្លៃថ្នូរ និង​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា​។ ភាព​ក្លាហាន​របស់​ពួកគេ​នឹង​បំផុស​គំនិត​អ្នក​ដទៃ​ឱ្យ​អនុវត្ត​ដូចគ្នា។ 

លោកស្រី​ថ្លែង​ថា៖ «អង្គការ​សហប្រជាជាតិ សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ក្លាហាន និង​ការ​លះបង់​របស់​អស់លោក។ នៅ​ពេល​អស់លោក​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​រួមចំណែក​ដល់​សន្តិភាព និង​សន្តិសុខ​សកល សូម​អស់​លោក​ចងចាំ​ថា​ អស់​លោក​ចាកចេញ​ទៅ​ជាមួយ​នឹង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការ​គោរព​ខ្ពស់​បំផុត​របស់​ពួក​យើង»។ 

លោក សែម សុវណ្ណនី អគ្គ​នាយក ​NPMEC ថ្លែង​ក្នុង​ពិធី​នេះ​ថា ក្នុង​រយៈពេល​១៨​ឆ្នាំ​មក​នេះ កម្ពុ​ជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ប្រមាណ​ ៩ ៥៧០​នាក់​ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ចំនួន​១២​បេសកកម្ម​នៅ​តាម​បណ្ដា​ចំនួន​១០​ប្រទេស ដោយ​ធ្វើ​ការងារ​លើ​ជំនាញ​បោស​សម្អាត​មីន វិស្វកម្ម​សំណង់​ផ្ដេក-បញ្ឈរ មន្ទីរពេទ្យ​កម្រិត២ វិស្វកម្ម​ព្រលាន​យន្តហោះ កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ និង​សង្កេតការណ៍​យោធា។

ប្រទេស​ទាំង​១០​នោះ រួមមាន សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិក​កណ្ដាល ម៉ាលី យ៉េមែន និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។​

លោក សែម សុវណ្ណនី បន្ត​ថា បច្ចុប្បន្ន កម្ពុជា​មាន​កងកម្លាំង​មួក​ខៀវ​ប្រមាណ ​៦២៧​នាក់​ដែល​បាន និង​កំពុង​បំពេញ​បេសកកម្ម​តាម​បណ្ដា​ប្រទេស​កំពុង​មាន​ជម្លោះ​ចំនួន​៤ រួមមាន ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្ដាល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ៕