តាកែវៈ អភិបាល​ខេត្ត​តាកែវ​ថ្មី លោក វ៉ី សំណាង បាន​បញ្ជា​ឱ្យ​ជំនាញ​ពាក់ព័ន្ធ​ពាក់​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ដោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ចោល​ទាំងអស់​នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្តតាកែវ ដើម្បី​ចូលរួម​លើក​កម្ពស់​សុខមោលភាព​របស់​ពលរដ្ឋ។

ការដាក់​បទ​បញ្ជា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជា​លើក​ដំបូង​នា​ថ្ងៃ៥ ខែកក្កដា ឆ្នាំ​២០២៤នេះ។

លោក​អភិបាល​ខេត្ត​តាកែវ​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ដាក់​ចេញ​បទ​បញ្ជា​ទម្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរចោល​នេះ ក្នុង​គោលដៅ​ចូលរួម​លើក​កម្ពស់​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ទៅ​លើ​កុមារ​តែ​ម្តង​ព្រោះ​វាអាច​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​ដល់​កុមារ ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ផឹក​គ្រឿង​ស្រវឹង​ទាំង​នេះ​ទៀត»។

លោក វ៉ី សំណាង ជា​អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ ដែល​លោក​ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃទី១ ខែ​កក្កដា ដើម​សប្តាហ៍​នេះ។ លោក​អភិបាល​ក៏​ធ្លាប់​បញ្ជា​ឱ្យ​មន្រ្តី​ពាក់ព័ន្ធ​ដោះផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នៅ​តាម​ទីសាធារណៈ​ផងដែរ កាល​ពី​លោក​នៅ​ជា​អភិបាល​ខេត្ត​កំពង់ស្ពឺ។

ក្រៅពី​នោះ លោក​អភិបាល​ក៏​បាន​ណែនាំ​ដល់ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ជំនាញ​ពាក់​ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ជូន​ដំណឹង​ទៅ​ដល់​ក្រុមហ៊ុន​ស្រាបៀរ ដែល​កំពុង​តែ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​របស់​ខ្លួន​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ដោះ​ចោល​ទាំងអស់ ឬ​អាច​ប្តូរ​មក​វិញ​នូវ​ការ​លើក​ផ្ទាំង​ផ្សាយ​របស់​ខ្លួន​ដែល​ទាក់ទង​នឹង​សុខភាព​ប្រជាពលរដ្ឋ ខ្លឹម​សារ​អប់រំ​ល្អៗ ឬ​ក៏​ដាក់​ផ្សាយ​ជា​ទឹក​សុទ្ធ​ជំនួស​វិញ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​តាកែវ។

លោក​អភិបាល​បាន​ប្រកាស​ក្នុង​ឱកាស​នោះ​ថា៖ «ក្នុង​នាម​រដ្ឋបាល​ខេត្ត​តាកែវ គឺ​ហាម​ឃាត់​ខាត​ចំពោះ​ការ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជា​ប្រភេទ​គ្រឿង​ស្រវឹង គ្រឿងញៀន និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ហើយ​ការ​ផ្សព្វផ្សាយ​ប្រភេទ​នេះ​ក៏​មិន​មាន​នៅ​ក្នុង​គំនិត​របស់​គណៈអភិបាល​ខេត្ត​តាកែវ​នោះ​ទេ ជាពិសេស រាល់​ការ​ផ្សព្វផ្យាយ​ដែល​ប៉ះពាល់​ទៅ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​គឺ​មិន​បាន​ដាច់ខាត»។

នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ​នា​ពេល​នោះ​ លោក វ៉ី សំណាង បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈឱ្យ​មាន​ប្រសិទ្ធភាព និង គោល​នយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការ​កៀរគរ​អ្នក​វិនិយោគ​អភិវឌ្ឍន៍​ខេត្ត ការងារ​សប្បុរសធម៌ កសាង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខេត្ត និង ការ​គោរព​ច្បាប់ លិខិត​បទដ្ឋានគតិយុត្ត​របស់​រាជរដ្ឋាភិបាល និង គោរព​រដ្ឋ​ធម្មនុញ្ញ ជាតិ សាសនា និង​ព្រះ​មហាក្សត្រ​ផងដែរ។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​បាន​យល់​ឃើញ​ថា ការ​បញ្ជា​ឱ្យ​ដោះផ្ទាំង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ចោល​នេះ​គឺជា​គំរូ​មួយ​យ៉ាង​ល្អ ហើយ​ជា​មនុស្ស​ម្នាក់ ដែល​តំណាង​ឱ្យ​សីលធម៌​មួយនៅ​ក្នុង​ការ​ផ្តល់​នូវ​ក្តី​សង្ឃឹម​ទៅ​ដល់​កុមារ យុវជន​ក៏​ដូចជា​សាធារណជន​ទូទៅ។ នេះ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាងពិត​ប្រាកដ​នៅ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ហិង្សា​ចំពោះ​ស្រ្តី និង កុមារ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង ក៏​ដូចជា ការ​លើកកម្ពស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ។ 

លោកបាន​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា​ក្រៅ​ពីគាត់ មិនមាន​អ្នកណា​ធ្វើ​ដូច​គាត់​អញ្ជឹង​ទេ។ តាម​ខេត្ត​មួយៗ​ដាក់​ផ្ទាំង​ស្រាបៀរ​ប៉ុណ្ណាប៉ុណ្ណី។ គ្រាន់តែ​ថា ខ្លះ​ដាក់​តិច ខ្លះ​ដាក់​ច្រើន​តែ​ប៉ុណ្ណឹង​ទេ។ នេះ​ជា​រឿង​ដ៏​គួរ​ឱ្យ​រីករាយ និង​អបអរសាទរ»។ 

លោក គិមអេង សង្ឃឹម​ថា ការ​ទម្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្ត​ដទៃទៀត​យក​ជា​គំរូ​តាម ដើម្បី​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រឿងស្រវឹង ក៏​ដូចជាកាត់​បន្ថយ​ជំងឺ​ជាង ២០០មុខ ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា បណ្តាល​ពី​ការ​សេពគ្រឿង​ស្រវឹងនោះ៕