សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បន្ត​ពង្រឹង​សន្តិសុខ​នៅ​តាម​ផ្ទះ​ជួល ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​យក​ប្រវត្តិរូប​អ្នក​ជួល​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​កិច្ច​សហការ​មួយ​ចំនួន​ទៀត។

នៅ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ២០២៤ ​សមត្ថកិច្ច​ខណ្ឌ​ចម្ការមន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​និង​ គណៈបញ្ជាការ​ឯកភាព ​សង្កាត់​ទន្លេបាសាក់ ​​បាន​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ ​រដ្ឋបាល​តាម​ផ្ទះ​ដែល​មាន​បន្ទប់​ជួល​ចំនួន ១៣​ខ្នង​ផ្ទះ ​ស្ថិត​នៅ​ក្រុម​ទី៤០ ​ភូមិ៨។

ការ​ត្រួត​ពិនិត្យ​ចំនួន​​១៣ខ្នង​ផ្ទះ​នេះ​​មាន​អ្នកជួល​សរុប​ចំនួន ៤៧ នាក់ ប្រុស​ចំនួន​ ២៧នាក់​ដែល​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ។ សមត្ថកិច្ច​បាន​ណែនាំ​ដល់​ម្ចាស់​ផ្ទះ​ឲ្យ​ជួយ​សហការ​ និង​រាយការណ៍​មក​សមត្ថ​កិច្ច​នូវ​រាល់​ការសង្ស័យ​ទៅ​លើ​ជន​ណា​ម្នាក់​​​ដែល​ខុស​ប្រក្រតី។

សមត្ថកិច្ច​ក៏​ណែនាំ​ឲ្យ​ម្ចាស់​ផ្ទះ​បំពាក់​កាំមេរ៉ា​សុវត្ថិភាព បំពង់​ពន្លត់​អគ្គិភ័យ​ ជាពិសេស​រាល់​អ្នក​ជួល​ត្រូវ​យក​ប្រវត្តិរូប​គាត់​ប្រគល់​ជូន​អាជ្ញាធរ​ក្នុង​មូលដ្ឋាន។

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ការងារ​នេះ​ធ្វើ​ឡើង​តាម​ផែនការ​ចាស់​ក្នុង​សកម្មភាព​ថ្មី។

លោក​ថា លោក ជួន ណារិន្ទ អគ្គស្នងការ​រង ស្នងការ​រាជធានី​ភ្នំពេញ​បាន​ដាក់​បទ​បញ្ជា​លើ​ការ​គ្រប់គ្រង​ត្រួត​ពិនិត្យ តាមដាន​សកម្មភាព​ការ​ចូល​មក​រស់​នៅ​ឬ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។

លោក​ថ្លែង​ថា៖ «ទាំង​នេះ​ដើម្បី​ធានា​ការ​គ្រប់គ្រង​នូវ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព ក្នុង​មូលដ្ឋាន​ជាពិសេស​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ នៅ​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​ ១០៥»។

លោក​ ទូច សុខៈ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា ការ​ត្រួត​ពិនិត្យ​រដ្ឋបាល​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ដោយ​អាជ្ញាធរ និង សមត្ថកិច្ច​អាច​ត្រួត​ពិនិត្យ​នៅ​តាម​ផ្ទះ​ជួល។ ប៉ុន្តែ​កិច្ច​ការ​នេះ​មិនមែន​ជាការ​ឆែកឆេរ​ដែល​ធ្វើ​ដោយ​បង្ខំ ឬ​មាន​ដីកា​ពីតុលាការ ឬ​ពេល​មាន​បទ​ល្មើស​ជាក់​ស្ដែង​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ការ​ត្រួត​ពិនិត្យ​នេះ​មិន​ធ្វើឡើង​គ្រប់​ទីកន្លែង​ទេ គឺ​នៅ​តែ​កន្លែង​ណា​ដែល​មាន​ភាព​ស្មុគស្មាញ ឬ​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​ចុះ​ត្រួត​ពិនិត្យ​នេះ​អនុវត្ត​តាម​បែប​បទ​រដ្ឋបាល និង​គោលការ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ចំណែក​ម្ចាស់​ផ្ទះ​ជួល​វិញ​ត្រូវ​សហការ​ផ្ដល់​ព័ត៌មាន​ដើម្បី​ការពារ​ហានិភ័យ​ណា​មួយ។

លោក​បន្ត​ថា៖ «យើង​ធ្វើ​ក្នុង​កម្រិត​កិច្ច​សហការ​គ្នា​ដើម្បី​គ្រប់​គ្រង​ ព្រោះ​នៅ​តាម​ផ្ទះ​ជួល​យើង​ដឹង​ស្រាប់​ហើយ​ថា យើង​មិនដឹង​ថា​មាន​អ្នក​ស្នាក់​នៅ​ប៉ុន្មាន​នាក់​ទេ ខុស​ពី​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ដែល​យើង​ដឹង​ថាម​រយៈ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ»៕