បាត់ដំបងៈ ជនរងគ្រោះដោយគ្រឿងញៀនសរុបចំនួន ៥០០នាក់ហើយត្រូវបានបន្សាប ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីបញ្ជូនទៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន។
ចាប់តាំងពីត្រូវបានសម្ពោធដំណើរការជាផ្លូវការកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៣ កន្លងមក មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានអនុញ្ញាតឱ្យអ្នកញៀនគ្រឿងញៀនធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញចំនួន ៤លើកមកហើយ។ ក្នុងនោះ ៣លើកដំបូងមានចំនួន ៣៣៤នាក់។ នេះបើយោងតាមមជ្ឈមណ្ឌលបន្សាបនេះ។
កាលពីថ្ងៃទី៤ ខែកក្កដានេះ មជ្ឈមណ្ឌលបន្សាបនេះបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និង អនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀនលើកទី៤ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ដែលមានជនរងគ្រោះដោយសារគ្រឿងញៀនចំនួន ១៦៦នាក់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា។
មជ្ឈមណ្ឌលបានទទួលជនរងគ្រោះដោយគ្រឿងញៀនសរុប ១ ១១៥នាក់ ក្នុងនោះមានស្រ្តី ៦១នាក់។ ជនរងគ្រោះទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង។ ពួកគេតម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថាអាចចេញទៅក្រៅប្រកបរបរបាន ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មជ្ឈមណ្ឌលបានផ្ដល់សេវាជា ៣ផ្នែក រួមមាន ផ្នែកបន្សាបព្យាបាល ផ្នែកអប់រំរៀនបំណិនជីវិត និង ផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូចជាថែទាំជួសជុលរថយន្ត ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ សេវាកុំព្យូទ័រនិងជួសជុល កែច្នៃចំណីអាហារនិងបន្លែ បសុព្យាបាល បច្ចេកទេសចិញ្ចឹមត្រីប្រា សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជាងកាត់សក់ និងសាឡន។ នេះបើយោងតាមរបាយការណ៍ ប្រធានមជ្ឈមណ្ឌល លោកកែ ស៊ីនួន។
លោករដ្ឋមន្រ្តីបានលើកឡើងក្នុងឱកាសនោះថា ខិតខំតស៊ូបន្សាប ព្យាបាល និងស្ដារនីតិសម្បទារហូតដល់ជាដាច់ស្រឡះពីគ្រឿងញៀន ដោយថែមទាំងទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ទៀតនោះ គឺជាជោគជ័យដ៏ធំបំផុតមួយហើយសម្រាប់ជនរងគ្រោះ។
លោកបានណែនាំឱ្យជនរងគ្រោះដែលបានផ្តាច់គ្រឿងញៀនទាំងនោះ ឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ខ្លួនញៀនថ្នាំញៀនម្តងទៀត។
ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចក្នុងខេត្តបាត់ដំបងបានបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៣២៤ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ៥៦៥នាក់។ ក្នុងនោះមានករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៤៦២នាក់។ ក្រៅពីនោះមានករណីប្រើប្រាស់ចំនួន ៩៧ករណី ដោយឃាត់ខ្លួនជនរងគ្រោះ ១០៣នាក់។ ពួកគេត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។
ក្រៅពីនោះ រដ្ឋបាលខេត្តក៏បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រលើមន្ត្រីរាជការស៊ីវិលចំនួន ២ ៧១៥នាក់ផងដែរ ដោយបានរកឃើញមន្រ្តីមានលទ្ធផលវិជ្ជមាន ១៣នាក់។
ក្នុងការបង្រ្កាបនោះ បានរកឃើញវត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុញៀនសរុប ១១ ២៧០,៩ក្រាម ម៉ូតូ ១៤៤គ្រឿង រថយន្ត ៧គ្រឿង ទូរស័ព្ទ ៣៣៨គ្រឿង កាំភ្លើងខ្លី ២ដើម គ្រាប់អាវុធខ្លី ១៨គ្រាប់ អាវុធច្នៃ ១ដើម កាំបិត១ ពូថៅ៤ ម៉ូតូកង់បី ២គ្រឿង កុំព្យូរទ័រយួរដៃ១ លិខិតឆ្លងដែន ១ជាដើម៕