ភ្នំពេញ៖ ការជជែកដេញដោក្នុងសភានាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងជុំវិញបញ្ហានៃការនិរទេសឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសចេញពីប្រទេសសិង្ហបុរី ដោយផ្តោតលើការសម្រេចចិត្តបញ្ជូនពួកគេមកកម្ពុជា ទោះបីពួកគេមិនកាន់លិខិតឆ្លងដែនកម្ពុជាក៏ដោយ។
បញ្ហានេះត្រូវបានបំភ្លឺនៅថ្ងៃអង្គារ ទី ២ ខែកក្កដា នៅពេលដែលរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងអភិវឌ្ឍន៍សង្គម និងគ្រួសារ លោកស្រី Sun Xueling ថ្លែងអំពីបញ្ហានេះជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាពីគណបក្សពលករ គឺលោកស្រី Sylvia Lim។
ឆ្លើយតបនឹងសំណួរលោកស្រី Lim លោកស្រី Xueling បាននិយាយថា លោកស្រី Lim លើកឡើងពីបុគ្គលមិនមានកាន់លិខិតឆ្លងដែនកម្ពុជាចំនួន ៣នាក់ តែលោកស្រីមិនបានដឹងពីស្ថានភាពនេះទេ។
លោកស្រី Xueling បាននិយាយថា៖ «ខ្ញុំយល់ឃើញថា វាចម្លែកណាស់ ពីព្រោះនៅពេលដែលយើងអនុវត្តដំណើរការនិរទេស យើងនឹងពិនិត្យមើលថា តើពួកគេអាចទទួលយកបានឬអត់ ទៅកាន់ប្រទេសណាដែលពួកគេជ្រើសរើស។ នោះនឹងរួមបញ្ចូលថា តើពួកគេកាន់លិខិតឆ្លងដែនដែលអនុញ្ញាតឲ្យពួកគេចូលប្រទេសឬអត់»។
លោកស្រីបានពន្យល់ថា ជនបរទេសដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅក្នុងប្រទេសសិង្ហបុរីអាចប្រាប់ពីប្រទេសដែលពេញចិត្តសម្រាប់ការនិរទេស ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើការវាយតម្លៃរបស់ក្រសួងអំពីលទ្ធភាពអាចទទួលយកបានដោយផ្អែកលើឯកសាររបស់ពួកគេ។
លោកស្រី Xueling បាននិយាយនៅក្នុងវីដេអូរយៈពេលប្រាំបួននាទីថា៖ «ចាំបាច់ត្រូវមានការវាយតម្លៃដោយក្រសួងថា តើបុគ្គលនោះអាចចូលប្រទេសបានឬអត់ ដោយផ្អែកលើឯកសារធ្វើដំណើរដែលពួកគេកាន់»។
លោកស្រីបន្តថា ក្នុងករណីនេះ ជនទាំង ១០ នាក់មានកាន់លិខិតឆ្លងដែនច្រើន ហើយអាចជ្រើសរើសប្រទេសណាដែលលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរបានអនុញ្ញាតឱ្យទៅ។
លោកស្រី Lim ក៏បានសាកសួរថា តើសន្ធិសញ្ញាបត្យាប័នរបស់កម្ពុជាជាមួយចិនគឺជាកត្តាក្នុងការជ្រើសរើសដែរឬទេ។ វាត្រូវបានគេរាយការណ៍ថា ទណ្ឌិតជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន។
លោកស្រី Xueling បានបដិសេធថា នេះមិនមែនជាមូលហេតុទេ ដោយកត់សម្គាល់ថា អាទិភាពគឺត្រូវនិរទេសទណ្ឌិតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីការកាត់ទោសរបស់ពួកគេត្រូវបានបញ្ចប់។
លោកស្រីបានសង្កត់ធ្ងន់ថា ការផ្តោតសំខាន់គឺការស្វែងរកប្រទេសដែលជននិរទេសនឹងត្រូវបានអនុញ្ញាត ជាជាងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះប្រទេសដើមរបស់ពួកគេ។
ក្នុងសម័យប្រជុំដដែល រដ្ឋមន្ត្រីក្រសួងច្បាប់ និងដឹកជញ្ជូន លោក Murali Pillai បានបំភ្លឺថា ក្នុងករណីគ្មានសន្ធិសញ្ញាបត្យាប័ន ការនិរទេសគឺផ្អែកលើឯកសារធ្វើដំណើរដែលមានស្រាប់ ហើយមិនពាក់ព័ន្ធនឹងដំណើរការតុលាការអន្តរជាតិទេ។
លោកបានបន្ថែមថា៖ «ក្នុងករណីគ្មានបត្យាប័ន គោលជំហរគឺបន្ទាប់ពីការកាត់ទោស ជនល្មើសនឹងត្រូវតម្រូវឱ្យចាកចេញពីប្រទេសសិង្ហបុរី»។
អ្នកកាន់លិខិតឆ្លងដែនខ្មែរពីរនាក់គឺ Su Wenqiang និង Wang Baosen ត្រូវបាននិរទេសពីសិង្ហបុរីមកកម្ពុជាកាលពីថ្ងៃទី៦ ខែឧសភា។
អ្នកកាន់លិខិតឆ្លងដែនកម្ពុជា ស៊ូ បាលីន និងអ្នកកាន់លិខិតឆ្លងដែន ស៊ីប/វ៉ានូអាទូ និងកម្ពុជា ស៊ុយ ហៃជីន ត្រូវបាននិរទេសមកកម្ពុជានៅថ្ងៃទី ២៥ និង ២៨ ខែឧសភាជាបន្ដបន្ទាប់។
ជនជាតិចិន Zhang Ruijin ដែលកាន់លិខិតឆ្លងដែនពី Saint Kitts and Nevis ឈ្មោះ Chen Qingyuan កាន់លិខិតឆ្លងដែនខ្មែរ ដែលមកពីប្រទេសចិន និង Dominica និង Lin Baoying ជនជាតិចិនដែលកាន់លិខិតឆ្លងដែនពីប្រទេសកម្ពុជា Dominica និង Turkey ត្រូវបាននិរទេសទៅ កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។
ជនជាតិទួរគី Vang Shuiming ត្រូវបាននិរទេសទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែមិថុនា នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។
អ្នករិះគន់បានអះអាងថា ការបញ្ជូនបុគ្គលទៅកាន់ប្រទេសដែលពួកគេមិនមានសញ្ជាតិអាចធ្វើឱ្យប៉ះពាល់ដល់បទដ្ឋានអន្តរជាតិ និងចោទជាសំណួរអំពីសីលធម៌អំពីដំណើរការនិរទេស។
លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) បាននិយាយថា កម្ពុជាមិនមែនជាកន្លែងទទួលឧក្រិដ្ឋជន ហើយបើពួកគេមិនមែនជាជនខ្មែរ ហេតុអ្វីត្រូវទទួលយកពួកគេ។
លោក គីមអេង បានបន្ដថា កម្ពុជាគួរតែពិនិត្យមើលដែរថា តើអ្នកកាន់លិខិតឆ្លងដែនខ្មែរទាំងនោះទទួលបានសញ្ជាតិខ្មែរត្រឹមត្រូវឬអត់។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «មិនមានហេតុផលអ្វីដែលកម្ពុជាត្រូវទទួលឧក្រិដ្ឋជនលាងលុយកខ្វក់ ខណៈយើងកំពុងតែមានបញ្ហារងនូវការចោទប្រកាន់ជាទីកន្លែងលាងលុយកខ្វក់ផង។ បើយើងទទួលពួកគាត់ វាធ្វើឱ្យខូចមុខមាត់របស់ជាតិ និងការមិនទុកចិត្ដទៅលើប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស»។
លោក គីមអេង ចង់ឱ្យរដ្ឋាភិបាលហិង្ហបុរី និងរដ្ឋាភិបាលចិនដោះប្ដូរពួកគេតាមរយៈប៉ូលិសអន្ដរជាតិអាំងទែប៉ូជាជាងការបញ្ជូនពួកគេមកកម្ពុជា។
ភ្នំពេញ ប៉ុស្តិ៍ មិនបានទទួលការឆ្លើយតបចំពោះសំណួរដែលបានដាក់ជូនរដ្ឋមន្ត្រីរដ្ឋសិង្ហបុរី លោកស្រី Xueling ឬលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី នៅថ្ងៃទី ៥ ខែកក្កដានោះទេ៕