កំពង់ឆ្នាំងៈ ការ​ពុល​ត្រី​ក្រពត​នៅ​តែ​បន្ត​កើត​មាន ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ស្គាល់​ប្រភេទ​ត្រី​ទាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់ បើ​ទោះ​បី​ជា​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ជា​ហូរហែ​យ៉ាង​ណា​ក៏​ដោយ។ 

ករណី​ពុល​ចុង​ក្រោយ​បាន​កើត​មាន​នៅ​ក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ភ្នំក្រាំង​ដីមាស ស្រុក​រលាប្អៀរ ដែល​មាន​មនុស្ស​ចំនួន​ ៧​នាក់​រួម​ទាំង​កុមារ ៣​នាក់ផង។ ប្រជាពលរដ្ឋ​ ៤​គ្រួសារ​មាន​គ្នា​ ១០​នាក់ ដែល​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ​បាន​ហូប​ត្រី​ក្រពត ដែល​បាន​ទិញ​មក​ពី​ផ្សារ​លើ​កំពង់ឆ្នាំង។ ក្នុង​នោះ​សមាជិក​គ្រួសារ​ចំនួន ៧​នាក់​បាន​ពុល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា​នេះ។ នេះ​បើ​យោង​តាម​លោក ឆន សេងលីន នាយ​ប៉ុស្តិ៍​ភ្នំ​ក្រាំង​ដីមាស។

លោក​នាយ​ប៉ុស្តិ៍​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​ស្គាល់​ប្រភេទ​ត្រី​ក្រពត​ច្បាស់លាស់ ទើប​នៅតែ​បន្ត​ទិញ​យក​មក​បរិភោគ និង​បណ្តាល​ឱ្យ​ពុល​បែប​នេះ។

លោក​បញ្ជាក់​ថា៖ «និយាយ​ទៅ​យើង​នៅតែ​មាន​ហូប​ត្រី​ហ្នឹង។ ជាទូទៅ​តែ​យើង​មិន​ដឹង​ថា​ប្រភេទ​ត្រី​ហ្នឹង​មួយ​ណា​ពុល ប្រភេទ​ណា​មិន​ពុល​នោះ​ទេ។ យើង​វា​អត់​ដឹង។ តែ​លូវ​បាន​គ្រូ​ពេទ្យ​គាត់​បាន​ណែនាំ​ពី​​ប្រភេទ​ត្រីហ្នឹងទៅ ហើយ​យើង​ក៏បាន​យក​ទៅ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ផ្សេង​ទៀត ដើម្បី​បាន​យល់​ដឹង​ការពារ​កុំ​ឱ្យ​លើក​ក្រោយ​ពុល​ទៀតអញ្ជឹង»។

ទោះយ៉ាងណា មិនមាន​អ្នក​ពុល​ណា​ម្នាក់​បាន​ស្លាប់​នោះ​ទេ ហើយ​ពួកគាត់​បាន​ធូរស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ជិត​អស់ហើយ។ 

លោក​បាន​ឱ្យ​ដឹង​ថា នៅសល់​តែ​អ្នក​ពុល​ជា​បុរស​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​ពេទ្យ​មិន​ទាន់​ឱ្យ​ចេញ​រហូត​មក​ដល់​នឹង​ព្រឹក​ថ្ងៃចន្ទ ទី៨ កក្កដា​នេះ។ 

កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣​កន្លងមក បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​បន្ទាប់​ពី​គាត់​បាន​ទទួល​ទាន​ត្រី​ក្រពត​រួច​ប្រមាណ​ជាង ២​ម៉ោង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ 

ក្រសួង​សុខាភិបាល​នា​ថ្ងៃទី​៦ ខែ​កក្កដា​បាន​ក្រើន​រំលឹក​ពលរដ្ឋ​សាជាថ្មី​ម្តង​ទៀត​ទាក់ទង​ទៅ​នឹង​ការពុល​ត្រី​ក្រពត​ ដោយ​បាន​បង្ហាញ​​ពី​ភិនភាគ​ត្រី​ផងដែរ ក្រោយ​ពី​មាន​ករណី​ពុល​ចុង​ក្រោយ​នេះ។

ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​ថា៖ «ដើម្បី​ចៀសវាង​បាន​នូវ​ការ​ពុល​ត្រី​ក្រពត បង្ក​ជា​បញ្ហា​សុខភាព​ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ជីវិត សូម​ពលរដ្ឋ កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិ​ពុល ពីព្រោះ​ជាតិពុល​នៅ​ក្នុង​ខ្លួន​ត្រី អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់។ ជាតិ​ពុល​នៅ​ក្នុង​ខ្លួន ត្រីក្រពត​មិន​អាច​កំចាត់​ចោល​បាន​ទេ ទោះបីជា​បាន​ចម្អិន ឬ​ដាក់​ឱ្យ​កក​ក៏​ដោយ»។

ក្រសួង​បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​ត្រីក្រពត​ចំនួន ៩​ប្រភេទ ដែល​ក្នុង​នោះ​មាន ៥​ប្រភេទ មាន​ជាតិ​ពុល​ខ្ពស់ នឹង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន។ ត្រីក្រពត​ដែល​មាន​ជាតិ​ពុល​រួម​មាន៖ ត្រី​ក្រពត​ភ្នែក​ក្រហម, ត្រីក្រពត​អុចធំ, ត្រី​ក្រពត​កូសាំងស៊ីន, ត្រីក្រពត​អុចបៃតង និង​ចុង​ត្រី​ក្រពត​ ហ្លូវៀធីលីស (Tetraodon Fluviatilis) ។​

នៅ​ពេល​បរិភោគ​ត្រី​ទាំង​នេះ ជាតិ​ពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល និង​អាច​បណ្តាល​ឱ្យ​ស្លាប់។ ម្យ៉ាងទៀត ត្រីក្រពត​ទាំង ៥​ប្រភេទ​ខាង​លើ​នេះ មាន​ជាតិ​ពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើត​ឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែ​កក្កដា ទៅ​ខែ​កញ្ញា។ 

រោគសញ្ញា កើតក្រោយ​ពី​បរិភោគ​ត្រី​បែបនេះ​រយៈពេល ២០​នាទី​ទៅ ២ម៉ោង មាន​ដូចជា រមាស់​ចាក់ៗ នៅ​បបូរ​មាត់ និង​មាត់ បន្ទាប់​មក​មាន​អាការៈ​ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ​នៅ​ក្នុង​អវៈយវៈ មាន​ការ​ពិបាក​និយាយ បាត់​លំនឹង​ដង​ខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុង​ដៃ​ចុង​ជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់។ នៅ​ក្នុង​ករណី​ដែល​ពុល​ខ្លាំង ការ​ស្លាប់​អាច​បណ្តាល​មក​ពី​វិបត្តិ​ផ្លូវ​ដង្ហើម។ 

ក្រសួង​បាន​បន្ថែម​ថា វិធី​សង្គ្រោះ​ភ្លាមៗ ក្រោយ​ពី​ពុល អាច​ធ្វើ​បាន​តាម​រយៈ​ធ្វើ​ឱ្យ​ក្អួត (ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន) ដែល​អាច​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន​មួយ​ចំណែក ហើយ​អ្នក​ពុល​នោះ​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​បំផុត ដោយ​ស្ថានភាព​អ្នក​ពុល​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់៕