ពោធិ៍សាត់ៈ បុរសម្នាក់​ក្នុង​ចំណោម ៤​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​បរបាញ់​សត្វ​នៅ​ក្នុង​តំបន់​ការពារ ក្រោយ​ពេល​ដែល​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន​បាន​ឃាត់​ខ្លួន​ពួកគេ និង​បំផ្លាញ​ចោល​វត្ថុ​តាង​បទល្មើស​ជាច្រើន​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​ភ្នំក្រវាញ។

មន្ត្រី​ឧទ្យានុរក្ស​ការិយា​ល័យ​ឧទ្យានជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ និង មន្ត្រី​ស័្មគ្រ​ចិត្ត​ដែល​អនុវត្ត​គម្រោង​របស់​អង្គការ​អភិរក្ស​អន្តរជាតិ (CI) បាន​ចុះ​ល្បាត​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ចំណុច​ចំណោទ​ពពេល​ ចំណុច​អំពឹល និង​ចំណុច​តាសៃ ស្ថិត​នៅ​ភូមិ​ក្សេត្របូរី ឃុំ​សន្ត្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​រយៈពេល ២​ថ្ងៃ គឺថ្ងៃ​ទី​៣ ដល់​ថ្ងៃទី៤ ខែ​កក្កដា។

ជាលទ្ធផល​ពួកគេ​រកឃើញ និង​ដកហូត​យក​រណា​យន្ត​ធំ​ចំនួន ១គ្រឿង បំផ្លាញ​ចោល​រទេះ​ក្របី​ចំនួន ៣គ្រឿង ដែល​ដឹក​ឈើ​អាលេខ​២ ចំនួន ៩៦សន្លឹក និង​បំផ្លាញ​គោយន្ត​កន្ត្រៃ​សណ្ដោង​រម៉ក់​ម៉ាក​គូបូតា​ចំនួន​១គ្រឿង ដែល​បាន​ដឹក​ឈើ​រាជ​ចំនួន ១ដុំ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា។

ក្រៅពីនោះ ក្រុម​មន្រ្តី​ក៏​បាន​ជួប​បទល្មើស​ផ្សេង​ទៀត​ដែរ ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៤​នាក់​ជាប់​ពាក់ព័ន្ធ​និង​ការ​បរបាញ់សត្វ ដោយ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ ហើយ​បាន​ដក​ហូត​កាំភ្លើង AK47 ចំនួន ១ដើម និង​គ្រាប់​ចំនួន ១៩គ្រាប់ វិទ្យុ​ទាក់​ទង​ចំនួន ២​គ្រឿង ម៉ូតូ​ចំនួន​ ៤​ផងដែរ។ បុរស​ទាំង ៤នាក់​នៅ​ភូមិ​ក្សេត្របូរី ឃុំសន្ត្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

វត្ថុតាង​ត្រូវ​បាន​រក្សា​ទុក​នៅ​ស្នាក់ការ​តាងរ៉ាង រីឯ​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់។

លោក គង់ ពុទ្ធីរ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​ចំណោម ៤​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ។ រីឯ ៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​វិញ ព្រោះ​ពួកគេ​គ្រាន់​តែ​បាន​ដើរ​តាម​ម្នាក់​ដែល​មាន​កំាំភ្លើង​នោះ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា៖ «អ្នក​មាន​កំាភ្លើង​នៅ​ខាង​ខ្ញុំ​ត្រូវ​បាន​ចោទ​ពី​បទ​បរបាញ់​សត្វព្រៃ តែ​បើ​ខាង​អយ្យការ​ចោទ​រឿង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់ និង ឃុំ​ខ្លួន​កាល​ពី​ម្សិលម៉្ងៃ»។ 

លោក​បាន​អះអាង​ថា បទល្មើស​ទីមួយ ក្រុម​មន្រ្តី​មិន​មាន​ឃើញ​ជន​សង្ស័យ​ណា​ម្នាក់​នោះ​ទេ ដោយ​ប្រទះ​ឃើញ​តែ​វត្ថុ​តាង​តែ​ប៉ុណ្ណោះ។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត កង​រាជ​អាវុធហត្ថ សហការ​ជាមួយ​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ «ភ្នំត្នោត-ភ្នំពក» បាន​ពួន​ស្ទះ​ជន​ល្មើស​បរបាញ់​សត្វព្រៃ ក្នុង​តំបន់​ការពារ​ធម្មជាតិ «ភ្នំត្នោត-ភ្នំពក» នៅ​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​កាលពី​យប់​ថ្ងៃទី​៥ ខែ​កក្កដា។

ពួកគេ​បាន​ជួប​ជន​ល្មើស​ចំនួន ១៧​នាក់ (បើ​រាប់​តាម​រយ:​កែវឆ្លុះ) ដែល​ប្រដាប់​ដោយ​កាំភ្លើង​កែច្នៃ​​កាប៊ិន​គ្រប់​ដៃ ចូល​ទៅ​បរបាញ់​សត្វព្រៃ​អនាធិបតេយ្យ​ក្នុង​តំបន់​ការពារ។

ពេល​កម្លាំង​ចូល​មក​ដល់ ពួក​ជន​ល្មើស​ក៏​នាំគ្នា​រត់​គេច​ខ្លួន ហើយ​កង​កម្លាំង​បាន​បាញ់​គំរាម​ទៅ​លើ​ជន​ល្មើស ដើម្បី​ឱ្យ​ជន​ល្មើស​ទម្លាក់​អាវុធ​ចុះ តែ​ពួកគេ​មិន​ទម្លាក់​ចោល ហើយ​បាន​រត់គេច​ខ្លួន​បាត់​អស់ ដោយ​បន្សល់​ទុក​នូវ​សត្វ​ឈ្លូស​១ក្បាល និង​ស្បែក​ជើង​ជា​ច្រើនគូរ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន​នា​ថ្ងៃ​ដដែល​នោះ៕