តាកែវៈ ព្រះ​មហាក្សត្រ​មាន​ព្រះ​រាជ​បន្ទូល​ថា ការ​ដាំ​ដើមឈើ មាន​ផល​ប្រយោជន៍​ធំធេង​ណាស់​សម្រាប់​ប្រទេស​ជាតិ​ ដែល​ធ្វើឱ្យ​មាន​គម្រប​បៃតង​លើ​ធម្មជាតិ ហើយ​មាន​អត្ថប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់​គ្នា និង​សត្វ​គ្រប់​ប្រភេទ​នៅ​លើ​ភព​ផែនដី។

ព្រះ​ករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ មាន​ព្រះ​រាជ​បន្ទូល​នេះ​នៅ​ពេល​យាង​ធ្វើ​ជា​ព្រះ​រាជាធិបតី​ប្រារព្ឋ​ព្រះ​រាជ​ពិធី​បុណ្យ​រុក្ខទិវា ៩ កក្កដា​ នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង ស្ដារ​ព្រៃឈើ​បន្ទាយ​អង្គរ ភូមិខ្នា ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ដែល​ដើម​ឈើ​សរុប ៣ ពាន់​ដើម ត្រូវ​បាន​ដាំ​នៅ​លើ​ផ្ទៃ​ដី ៣​ហិកតា។ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ផងដែរ។ 

ទិវារុក្ខទិវា ៩ កក្កដា ត្រូវ​បាន​ផ្តួច​ផ្តើម​រៀប​ចំ​ឡើង​ដោយ​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​បរមរតន​កោដ​ចាប់​ទាំង​ពី​សម័យ​សង្គម​រាស្រ្ត​និយម​មក ហើយ​ព្រះអង្គ​តែងតែ​យាង ជា​ព្រះ​រាជធិបតី​ក្នុង​ពិធី​នេះ​ជារៀង​រាល់​ឆ្នាំ​នៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​បំផុស​និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ ចូល​រួម​ថែ​រក្សា​ការពារ ព្រៃឈើ និង​ដាំ​ដើម​ឈើ​នៅ​ទូទាំង​ប្រទេស។

ព្រះ​អង្គ​មាន​ព្រះ​រាជ​បន្ទូល​ថា៖ «រុក្ខទិវា​ជា​វប្បធម៌​ដ៏​ប្រសើរ ដែល​ព្រះ​ថេរាថេរៈ​គ្រប់​ព្រះអង្គ អាជ្ញាធរ​ជាតិ​គ្រប់​ថ្នាក់ និង​បងប្អូន​ជន​រួមជាតិ ទាំងអស់​នៅ​ទូទាំង​ប្រទេស បាន​ចូលរួម​ដាំ​ដើមឈើ ដោយ​មាន​ទស្សនៈ​រួម​គឺ ការ​ចូល​រួម​ដាំ​ដើមឈើ និង​ការពារ​ព្រៃ​ឈើ​គឺជា​ការ​ជួយ​ខ្លួនឯង ទាំង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​សុវត្ថិភាព ពីគ្រោះ​ធម្មជាតិ ទាំង​ក្តី​សង្ឃឹម សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង»។ 

ព្រះអង្គ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ជា​មិត្ត​ដែល​បាន​ចូលរួម​គាំទ្រ ដល់​ការងារ​ដាំ​ដើមឈើ និង ការ​ថែ​រក្សា ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​បាន​អំពាវនាវ​ឱ្យ​បន្ត​សកម្មភាព​នេះ​បន្ត​ទៀត ដើម្បី​ជួយ​គាំទ្រ​កិច្ច​ខិត​ខំ ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល។ 

ព្រះអង្គ​បាន​ឧទ្ធិស​ឱ្យ​ពិធី​រុក្ខទិវា​នេះ «ស្ថិត​ក្នុង​បេះដូង​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប និង​ក្លាយ​ជា​ប្រពៃណី​នៃ​ការ​រួម​សាមគ្គីគ្នា ដាំ​ដើមឈើ​គ្រប់​ប្រភេទ និង​ការ​ថែ​រក្សាការពារ និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ និង សត្វ​ព្រៃ​ដែល​មរតជាតិ​របស់​យើង​ឱ្យ​បាន​គង់វង្ស​រហូត​តទៅ»។ 

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដាំដើមឈើក្នុងព្រះ​រាជ​ពិធី​បុណ្យ​រុក្ខទិវា ៩ កក្កដា​ នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង ស្ដារ​ព្រៃឈើ​បន្ទាយ​អង្គរ ភូមិខ្នា ឃុំ​លាយបូរ ស្រុក​ត្រាំកក់។ រូបថត ក្រសួងកសិកម្ម

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែង​ក្នុង​ពិធី​នោះ​ថា ទិវា រុក្ខទិវា លើក​ទី ២៩ ដែល​កំពុង​តែ​ប្រារព្ឋ​នៅ​ពេល​នោះ មាន​កូនឈើ​ធ្នង់ ក្រញូង និង​ក្ងោក សរុប ៣​ពាន់ដើម ត្រូវ​បាន​ដាំ លើ​ផ្ទៃ​ដី ៣​ហិកតា។ ដោយឡែក ក្នុង​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម ទើប​តែ​បាន​បញ្ចប់​ការ​ដាំ​កូនឈើ​ចម្រុះ​ចំនួន​១៦ ៥០០​ដើម​នៅ​លើ​ផ្ទៃ​ដី​ទំហំ ១០​ហិកតា​ផ្សេង​ទៀត នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​សុក្រំ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ 

លោក​បាន​បន្ត​ថា គិត​ត្រឹម​ឆ្នាំ ២០៤​នេះ ពិធី​ប្រារព្ឋ​ទិវា រុក្ខទិវា​បាន​បង្កើត​ជា​សួនរុក្ខទិវា​សរុប​ ៤៧៥ ហិកតា​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ចំនួន១៤ ហើយ​ព្រឹត្តិការ​រុក្ខទិវា ក៏​បាន​បង្កើត​ជា​ចលនា​ស្រលាញ់​ព្រៃឈើ និង​ដាំ​កូន​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​ទូទាំង​ប្រទេស ដែល​បាន​បង្កើត​ជា​ចំការ​ឈើ​ជាង ៨​ម៉ឺន​ហិកតា និង​សួន​សាធារណៈ ឬ​ឯកជន​ជាច្រើន​ទៀត នៅ​តាម​សាលារៀន វត្តអារាម រមណីដ្ឋាន និង​សួនឯកជន។ ជាងនេះទៀត រដ្ឋបាល​ព្រៃឈើ​ក៏​បាន​បណ្តុះ​កូន​ឈើ​បាន​ជាង ២០,៥​លាន​ដើម​ផង​ដែរ​តាម​រយៈថវិកា​រដ្ឋ​គិត​ត្រឹម​ឆ្នាំ ២០២៤នេះ។ 

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖«ជាមួយ​នឹង​សមត្ថភាព​បណ្តុះ​កូនឈើ និង​ដាំឈើ យើង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ ចំនួន​ជាង ៥០​ម៉ឺន​ដើម​ក្នុង​១ឆ្នាំ ខណៈ​ដែល​កូនឈើ​ច្រើន​លាន​ដើម​ទៀត​ត្រូវ​បាន​បណ្តុះ​និង​ដាំ ដោយ​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​ឯកជន​ដោយ​មិន​រាប់​បញ្ជូល​ឈើ​ហូប​ផ្លែ ឬ​ដំណំា​ឧស្សាហកម្ម​ផ្សេង​ទៀត​ឡើយ»។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ថ្លែង​ផងដែរ​ថា ពាក់ព័ន្ធ​និង​ការ​អភិរក្ស និង​អភិវឌ្ឍ​ធនធាតិ​ព្រៃឈើ ក្រសួង​កសិកម្ម បាន​នឹង​កំពុង តែ​អនុវត្ត​យុទ្ធសាស្រ្ត និង​សកម្មភាព ជាច្រើន​ដូចជា ការ​ជំរុញ​ការ​ចុះ​បញ្ជី​ដីរដ្ឋ និង ការ​ពង្រឹង​ការ​គ្រប់គ្រង​ដី​រដ្ឋ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ជាពិសេស គឺ​ការ​គ្រប់គ្រង​ដីព្រៃ ដី​សហគមន៍​ព្រៃឈើ និង​ដី​ស្ថានីយ៍​ស្តារ​ដាំឈើ។ ក្រៅពី​នោះ មាន​ការ​ដោះស្រាយ​តម្រូវ​ការ​ឈើ​ប្រើប្រាស់​ក្នុង​ស្រុក​តាម​រយៈការ​ជំរុញ​ឱ្យ​មាន​ឧស្សាហកម្ម​ដាំ​ឈើ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ដាំ​ដើមឈើ ដើម្បី​ប្រើប្រាស់ និង​កាត់​បន្ថយ​សម្ពោធ​ទៅ​លើ ធនធាន​ធម្មជាតិ។ លើស​ពី​នោះ ក្រសួង​បង្កើន​ការ​ដាំ​កូនឈើ ដើម្បី​គាំទ្រ​សកម្មភាព​ដាំឈើ​ទូទាំង​ប្រទេស ហើយ​នឹង​ពង្រឹង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ តាម​រយៈកិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ជាមួយ​នឹង​គណៈកម្មការជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ 

មន្ទីរបរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ត្រៀម​កូន​ឈើ​រួចរាល់ ដើម្បី​ដាក់​បង្ហាញ និង​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ ក្នុងកម្ម​វិធី​តាំង​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែកកូនឈើ​នាថ្ងៃទី១០-១២ ខែកក្កដា​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន។ រូបថត ក្រសួង​បរិស្ថាន

ទាក់ទង​នឹង​ការ​ដាំដើម​ឈើនេះ​ដែរ ក្រសួង​បរិស្ថាន​នឹង​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ ក្រោម​មូលបទ «ពន្លកបៃតង» និង​វេទិកា​កេសរកូល​ជាតិ​លើក​ទី​៤ ចាប់​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី១៦ ខែ​កក្កដា​នេះ​នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន និង​នៅ​តាម​មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត​ផងដែរ។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា៖​«ពន្លកបៃតង គឺជា​ការ​បណ្តុះ​នូវ​ផ្នត់​គំនិត នូវ​ភាព​បៃតង​សម្រាប់​កម្ពុជា ព្រម​ទាំង​បណ្តុះ​ស្មារតី​និង​ផ្នត់​គំនិត ដល់​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន ឱ្យ​ស្រលាញ់​ភាព​បៃតង និង​ស្រឡាញ់​ដើមឈើ»។ 

ពិព័រណ៍ «ពន្លកបៃតង» រៀបចំ​ឡើង​ដោយ​មាន​ការ​តាំង​បង្ហាញ និង​ចែក​កូន​ឈើ​ប្រមាណ​ជាង ១​លានដើម​ជូន ពលរដ្ឋ​យក​ទៅ​ដាំ​ដុះ​នៅ​តាម​គេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែង​សាធារណៈ និង​ទីតាំង​ឯកជន​នានា​ដោយ​ឥត​គិតថ្លៃ។ ពិព័រណ៍​នេះ​ក៏​ដើម្បី​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់ដឹង ស្តីពី​ការ​ដាំឈើ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​គម្រប​បៃតង​នៅ​កម្ពុជា និង​ជំរុញ​ការ​ចូលរួម​អភិរក្ស​ជីវៈចម្រុះ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ស្រប​នឹង​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់ និង​ជា​ជំហានៗ ផ្តោត​លើ​មុំ​យុទ្ធសាស្រ្ត​ចំនួន ៣គឺ ស្អាត បៃតង និងចីរភាព៕