ភ្នំពេញៈ ក្រុម​ការងារ​អន្តរ​ក្រសួង​និង​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម បាន​និង​កំពុង​រៀបចំ​យុទ្ធនាការ ដើម្បី​ជំរុញ​ការ​ចុះ​បញ្ជីឱ្យ​បាន​ទាន់​ពេល នូវ​ក្រុម​គោលដៅ​នៅ​សេសសល់​ក្នុងៈ«កម្មវីធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ» ដែល​មាន​បណ្ណ​សមធម៌​ចំនួន ៧០​ម៉ឺន​គ្រួសារ។ 

ក្រោយពី​បាន​បិទ​បញ្ចប់​ការ​អនុវត្ត «កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់»​កាល​ពី​ខែ​មីនា​កន្លងមក រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​ដាក់ឱ្យ​អនុវត្ត «កម្មវីធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ»នេះ តាម​រយៈការ​ធ្វើ​ស្ថាប័នូបនីយកម្ម និង​សមាហរណកម្ម​កម្មវិធីជាតិ​ជំនួយ​សង្គម​ទាំងអស់ ដើម្បី​ពង្រីក​ការ​គ្រប​ដណ្តប់ បង្កើន​ប្រសិទ្ធភាព និង​ការ​វិនិយោគ​ហិរញ្ញវត្ថុ ជាមួយ​នឹង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កម្មវិធី​នេះ។

ចាប់​តាំង​ពី​អនុវត្ត​ពី​ខែ​មេសា ដល់​ត្រឹម​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០២៤​នេះ ក្នុង​ចំណោម​គ្រួសារ​គោលដៅ​ដែល​មាន​បណ្ណសមធម៌​ចំនួន ៧០ម៉ឺន​គ្រួសារ (ឬ​ស្មើនឹង ២,៨​លាន​នាក់) មាន​គ្រួសារ​ចំនួន ៥៧ ម៉ឺនគ្រួសារ (ប្រមាណ ៨៤ភាគរយ)ហើយ​បាន​ចុះ​ឈ្មោះ​ចូល« កម្មវីធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ»រួចរាល់។ គ្រួសារ​ទាំងនោះ​ទទួល​ផល​ពី​កម្មវិធី​នេះនូវ​ថវិកា​សរុប​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល។ នេះ​បើ​យោតាម​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម។

ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​បញ្ជាក់​ថា៖ «ដោយឡែក សម្រាប់​ក្រុម​គោលដៅ​នៅ​សេសសល់​ចំនួន​ប្រមាណ ១៦​ភាគរយ ក្រុម​ការងារ​អន្តរក្រសួង​ដោយ​មាន​ការ​សម្របសម្រួល​ពី​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​បាន​និងកំពុង​រៀបចំ​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​ចុះ​បញ្ជី​ឱ្យ​បាន​ទាន់ពេល ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាលទី​៧ នៃ​រដ្ឋសភា»។

លោក ខៀវ តេង មេឃុំ​តាកែន ក្នុង​ស្រុក​ឈូក ខេត្ត​កំពត​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ក្រីក្រ ឬ​បណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី «កម្មវីធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ»នេះ។ ចំពោះ​ការ​ទទួលបាន​បណ្ណ​នោះ គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នៃ​ការ​ចុះ​ពិនិត្យ​ជាក់​ស្តែង។ ទោះ​យ៉ាង​ណា លោក​មិន​បាន​ចាំ​តួ​លេខ​នៃពលរដ្ឋ​ដែល​ទទួល​បាន​បណ្ណ​ទាំង​នោះ​ទេ។

«ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់» ដែល​បាន​បិទ​បញ្ចប់​នោះ​មាន​រយៈពេល ៤៦​ខែ និង​ចំណាយ​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ខែដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ប្រមាណ ៧០​ម៉ឺន​គ្រួសារ​សរុប​ចំនួន​ជាង ១ ៣៥៩​លាន​ដុល្លារ​អាមេរិក ចាប់​ពី​ខែ​មិថុនាឆ្នាំ ២០២០ ដល់​ខែ​មីនា ឆ្នាំ​២០២៤​នេះ។

«កម្មវីធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ» ជា​ការ​ធ្វើ​សមាហរណកម្ម កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ដ្រី​មាន​ផ្ទៃពោះ និងកុមារ​អាយុ​ក្រោម ២​ឆ្នាំ កម្មវិធី​អាហារូបករណ៍​សិស្ស​ក្រីក្រ​នៅ​បឋម​សិក្សា​និង​មធ្យម​សិក្សា​ចំណេះ​ទូទៅ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​ចាស់ជរា និង​បញ្ចូល​បន្ថែម​នូវ​ការ​ឧបត្ថម្ភ​គោល​គ្រួសារ សម្រាប់​គ្រួសារ​ដែល​មាន​បណ្ណ​សមធម៌​ទាំងអស់។ ក្រៅ​ពី​នោះ​ក៏​មាន ការ​ឧបត្ថម្ភ​សមាជិក​គ្រួសារ​ជា​អ្នក​ផ្ទុក​មេរោគអេដស៍ និង​ជំងឺ​អេដស៍ ទៅ​ជា​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​ជំនួយ។

កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង ពង្រឹង​ស្ថានភាព​គ្រួសារ និង​កសាង​សង្គម​ឱ្យ​មាន​ភាព​ធន់ ដើម្បី​រួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកប​ដោយ​បរិយាបន្ន តាម​រយៈ​ការ​លើក​កម្ពស់​សុខុមាលភាព​មាតា និង​ទារក​ព្រម​ទាំង​ដោះ​ស្រាយ​កង្វះ​អាហារូបត្ថម្ភ ចាប់​ពី​ទារក​នៅ​ក្នុង​ផ្ទៃ​ដល់​កុមារ​អាយុ ២ឆ្នាំ ដើម្បី​ជំរុញ​ការ​លូតលាស់​ទាំង​កាយ​សម្បទា និងបញ្ញាស្មារតី។

បន្ថែម​ពី​នោះ គឺ​តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​កុមារ​ឱ្យ​ចុះ​ឈ្មោះ​ចូលរៀន​បាន​ទាន់​ពេល​វេលា និង​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​មធ្យម​សិក្សា​ចំណេះ​ទូទៅ និង​ការ​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការភាព ជន​ចាស់​ជរា និង​អ្នក​ផ្ទុក​មេរោគអេដស៍ និងជំងឺអេដស៍៕