មនុស្ស​ជាង ១ ម៉ឺន​នាក់​នឹង​ចូលរួម​បើក​ការដ្ឋាន​​កម្រោង​សាងសង់ «ព្រែកជីក​ហ្វូណន​តេជោ» នៅ​ថ្ងៃទី​៥ ខែ​សីហា​ខាង​មុខ​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ព្រែក​តាកែវ ​ឃុំសំរោង​ធំ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល។ ព្រឹត្តិការ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​នឹង​បន្ទោរ​ទៅ​ដោយ​ស្នូរ​ជួង ​រគាំង គង ​ស្គរ នៅ​ទូទាំង​ប្រទេស​នៅ​វេលា​ម៉ោង ៩ និង ៩ នាទី​ព្រឹក។

មន្ត្រី​ពី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រៅ​ពី នេះ​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​ខ្នាត​ធំ​ចំនួន​ពីរ​កន្លែង គឺ​នៅ​កោះ​ពេជ្រ និង​នៅ​ក្រុង​តាខ្មៅ។ បើ​តាម​រដ្ឋបាល​ខេត្ត​កណ្ដាល ដើម្បី​អបអរ​សាទរ​ពិធី​បើក​ការដ្ឋាន​នេះ ខេត្ត​កណ្ដាល​នឹង​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ និង​យុទ្ធគនខម​ផងដែរ​នៅ​ក្រុង​តាខ្មៅ។

រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​ទី១ ខែ​សីហា​នេះ បាន​ចេញ​សារាចរ​អំពាវ​នាវ​ឲ្យ​សិស្ស​ និស្សិត ​កម្មករ​និយោជិត​​នៅ​ក្រសួង​ស្ថាប័ន​រដ្ឋ​និង​ឯកជន និង​មន្ត្រី​រាជការ​ទូទាំង​ប្រទេស​ចូលរួម​អបអរ​សាទ​ពិពី​សម្ពោធ​បើក​ការដ្ឋាន​នេះ និង​ឈប់​សម្រាក​បន្ទាប់​ពី​ពិធី​បើក​ការដ្ឋាន ​ដោយ​មាន​ប្រាក់​ឈ្នួល។

គម្រោង​ព្រែក​ជីកហ្វូណន​តេជោ មាន​ប្រវែង ១៨០គីឡូម៉ែត្រ ចេញ​ពីចំណុច​ព្រែក​តាកែវ នៃ​ទន្លេ​មេគង្គ ក្នុង​ឃុំ​សំរោង​ធំ​ ស្រុក​កៀវស្វាយ​ ខេត្ត​កណ្ដាល រួច​ចូល​តាម​បណ្តា​ព្រែក​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​កណ្តាល ​តាកែវ​ កំពត ​និង​កែប។ គម្រោង​នេះ​ចំណាយ​ពេល​សាងសង់ ៤ ឆ្នាំ​ នឹង​ចំណាយ​ទឹកប្រាក់ ១,៧ ពាន់​លាន​ដុល្លារ។

លោក ជេត ជាលី​ សាកល​វិទ្យា​ធិការ​នៃ​សកវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ថ្លែង​​ក្នុង​កិច្ច​ពិភាក្សា​នៅ CJCC រៀបចំ​ដោយ​សារព័ត៌មាន​កម្ពុជា​ថ្មី​ កាល​ពី​ថ្ងៃទី៣១ ខែ​កក្កដា​ថា​ ព្រែកជីក​នេះ​បង្ហាញ​ពី​ការ​ឯកភាព​ជាតិ​ដោយសារ​តែ​​ពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ការ​គាំទ្រ​ស្ទើរ​គ្រប់​គ្នា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទីមួយ​គឺ​បង្ហាញ​ពី​ការ​ឯកភាពជាតិ​ដ៏​អស្ចារ្យ​របស់​ខ្មែរ ដែល​មាន​នៅ​ក្នុង​សម័យ​នេះ។ ប្អូន​ឃើញ​ខ្មែរ​បែក​បាក់​គ្នា​នៅ​ក្រោយ​សម័យ​អង្គរ​រហូត។ មាន​ក្រុម ​មាន​បក្ខពួក ទីបំផុត​បែក​បាក់​រវាង​រដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្លួន​ឯង។ អ្វីដែល​រដ្ឋាភិបាល​ធ្វើ ពលរដ្ឋ​យល់​ថា ប្រុង​កៀប​សង្កាត់​អញ​ទៀត​ហើយ ព្រោះ​មាន​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​បាប​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង គឺ ប៉ុល ពត ឬ​ខ្មែរ​ក្រហម និង​រដ្ឋាភិបាល​មុនៗ​នោះ»។

លោក​បន្ត​ថា៖ «អ្វី​ដែល​អស្ចារ្យ​ដែល​បង្ហាញ​នៅ​ពេល​នេះ គឺ​ព្រែកជីកហ្វូណន​តេជោ។ គោល​នយោបាយ​របស់​រដ្ឋាភិបាល​មួយ​ដែល​ត្រឹម​ត្រូវ ហើយ​មាន​ការ​គាំទ្រ​ព្រែកជីក​នេះ​ក្នុង​ចរន្ត​តែ​មួយ​របស់​ជាតិ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​យើង​គួរ​មាន​មោទនភាព​មែន​ទែន​ បន្ទាប់​ពី​រឿង​ដ៏​អស្ចារ្យ​នៃ​ ស៊ីហ្គេម (SEA Games)។ កាល​ស៊ីហ្គេម យើង​បាន​វិញ​ជា​ធ្លុង​មួយ​ ដែល​សូម្បី​តែ​ឪពុក​ម្ដាយ​នៅ​ក្រៅ​ប្រទេស មិន​ថា​គាំទ្រ​គណបក្ស​ណា​ទេ គឺ​បាន​បញ្ជូន​​ខ្មែរ​ហោះ​មក​ប្រកួត​ដើម្បី​ខ្មែរ»។

លោក​ ជេត ជាលី ចាត់​ទុក​ព្រែក​ជីក​ហ្វូណន​តេជោ​នៅ​នឹង​នយោបាយ​នៃ​ក្ដី​សង្ឃឹម ដោយ​លោក​ចាត់​ទុក​ថា ការ​គិត​ត្រូវ​គឺជា​រឿង​សំខាន់ ហើយ​ហើយ​ថា គំនិត​បង្កើត​ព្រែកជីក​ហ្វូណន​នេះ គឺជា​គំនិត​ដែលត្រឹម​​ត្រូវ​ដ៏​អស្ចារ្យ​មួយ។ នៅ​សល់​តែសកម្មភាព​ប៉ុណ្ណោះ​ថាតើ​កម្ពុជា​ធ្វើ​បាន​ឬ​មិន​បាន។

ដោយ​លើក​ឡើង​ពី​ផលប្រយោជន៍​ផ្នែក​សង្គម លោក ជេត ជាលី និយាយ​ថា៖ «មិនត្រឹម​តែ​ជា​ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​នយោបាយ​ទេ ប៉ុន្តែ​វា​ជា​ប្រយោជន៍​នៃ​កិត្យានុភាព​ជាតិ​យើង​ដែលបង្ហាញ​ថា យើង​មាន​សាមគ្គីភាព​គ្នា​ឡើង​វិញ ដែល​សាមគ្គីភាព​នេះ​ត្រូវ​បាន​បែក​បាក់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ»។

លោក​ក៏​បាន​​រំឭក​អំពី​សារៈ​សំខាន់​នៃ​នយោបាយ​ទឹក ដូចជា​ការ​កសាង​បារាយណ៍​នៅ​សម័យ​អង្គរ​ជាដើម។ លោក​ថា សូម្បី​តែ​របប ប៉ុល ពត ដែល​កាប់​សម្លាប់​មនុស្ស​ក៏​ផ្ដល់​តម្លៃ​លើ​នយោបាយ​ទឺក​ផងដែរ ដោយ​ពួកគេ​បាន​ដេញ​មនុស្ស​ឲ្យ​ទៅ​ធ្វើ​នយបាយ​ទឹក​ដូចជា ជីក​ស្រះ ឬ ព្រែក​ជាដើម។

លោក​សាកល​វិទ្យា​ធិការ​ចាត់​ទុក​អ្នក​ដែល​មិន​គាំទ្រ​គម្រោង​ព្រែក​ជីក​នេះ​ថា​ជា​អ្នក​ជំទាស់​នឹង​សាមគ្គីភាព និង ការ​រីក​ចម្រើន​របស់​កម្ពជា៕