ភ្នំពេញ៖ អាជ្ញាធរ​ជាតិ​អប្សរា (ANA) បាន​ប្រកាស​ផែនការ​រៀបចំ​ឡើង​វិញ​នូវ​ច្រក​ទ្វារ​ជ័យ​ជា​ច្រកទ្វារ​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​អង្គរធំ ជា​រាជធានី​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ខ្មែរ។

លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា គោល​ដៅ​នា​ពេល​អនាគត អាជ្ញាធរ​អប្សរា​ប្រែ​ក្លាយ​ទ្វារជ័យ​ទៅ​ជា​ទ្វារ​ចូល​ដ៏​សំខាន់​ក្នុង​ការ​ទស្សនា​ប្រាសាទ​អង្គរធំ ដោយសារ​ទ្វារ​ជ័យ​នេះ ជា​ច្រក​ទ្វារ​ដ៏​សំខាន់​ដែល​អតីត​ព្រះ​មហាក្សត្រ​ សម្ដេច​តា យាង​ចេញ​ចូល​តាម​ទ្វារ​នេះ។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «លទ្ធផល​លើក​ទី​៤៦ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឥណ្ឌា» ថ្ងៃទី​០១ ខែ​សីហា​នេះ​ថា៖ «ផ្អែក​លើ​ការ​ស្រាវជ្រាវ​ ដែល​យើង​ឃើញ​មាន​ផែ មាន​ស្ពាន និង​មាន​ផ្លូវ​ទាំង​នេះ យើង​បង្ហាញ​ជា​ភ័ស្ដុតាង​ដល់​ភ្ញៀវ​ទេសចរ​ដើម្បី​ឱ្យ​ពួកគេ​ទស្សនា​បាន​យូរ»។

លោក​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ មាន​ការ​កក់​ស្ទះ​នៅ​ទន្លេអុំ ឬ​ច្រក​ទ្វារ​ខាង​ត្បូង ដោយ​សារ​ភ្ញៀវ​ទេសចរ​ទស្សនា​អង្គរវត្ដ និង​ឆ្លង​កាត់​អង្គរតូច​ទៅ​តាម​ច្រក​ទន្លេអុំ។ ប៉ុន្ដែ​ផ្លូវ​ដែល​សំខាន់​ជាងគេ​ក្នុងការ​ចូល​ប្រាសាទ​អង្គរធំ គឺ​ច្រក​ទ្វារ​ជ័យ ឬច្រក​ទ្វារ​ខាង​កើត។ 

លោក​បាន​ឱ្យ​ដឹងថា៖ «ទ្វារជ័យ​មាន​ចំណុច​ទាក់ទាញ​ច្រើន។ ទីមួយ គឺជា​ផ្លូវ​ចូល​ទៅ​ព្រះ​បរមរាជវាំង ដែល​ព្រះ​ករុណា​ប្រើ​ប្រាស់ ទីពីរ នៅ​សងខាង​ផ្លូវ មាន​ប្រាសាទ​ធម្មនន្ទ​ ប្រាសាទ​ចៅសាយ​ទេវតា ប្រាសាទ​កែវ ហើយ​បន្ដ​ទៅ​មុខ​មាន​កំពង់ទឹក​មួយ ​​នៅលើ​ខ្នង​បារាយណ៍​ខាង​កើត​ ដែល​ភ្ញៀវ​ភាគច្រើន​អត់​បាន​ដឹង​ទេ»។ 

ភ្ញៀវ​ទេសចរ​នឹង​បាន​ដឹងថា ពេល​សម្ដេច​តា​យាង​ចេញ​ពី​ព្រះ​បរមរាជវាំង ទៅតាម​ផ្លូវ​ណា កំពង់ផែ និង​ទូក​យ៉ាង​ដូចម្ដេច​។ 
លោក ពៅ បាន​បន្ដថា តាម​ការ​ស្រាវជ្រាវ​ដែល​រក​ឃើញ​នូវ​អ្វី​ថ្មីៗ​ទៀត អាជ្ញាធរ​អប្សរា​នឹង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ។ 

ច្រកទ្វារ​ជ័យ​នៃ​ប្រាសាទ​អង្គរធំ។ រូបថត អាជ្ញាធរ​អប្សរា

លោក​បាន​បញ្ជាក់ថា​៖ «​ការ​ស្រាវជ្រាវ​កំពុង​តែ​សិក្សា​លម្អិត​អំពី​ផ្លូវ​របស់​ទេសចរ​ថា តើ​ពួកគេ​គួរ​ដើរ​លើ​ផ្លូវ​បើ​សិន​ជា​ពួកគេ​មាន​ពេល​កន្លះ​ម៉ោង​ ពេល​ទស្សនា​ប្រាសាទ​អង្គរវត្ដ ហើយ​តើ​គួរ​ដើរផ្លូវ​ណា ពេល​ពួកគេ​មាន​ពេល​មួយ​ម៉ោង​កន្លះ​»។ 

មួយផ្នែក​ទៀត ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​តាម​សហគមន៍ ​ជា​ភូមិឋាន​បុរាណ​ ដែល​មាន​ប្រពៃណី​ទំនៀមទម្លាប់​ដូន​តា​របស់​ពួកគេ​ ខណៈ​ទេសចរ​នឹង​បាន​ដឹង​អំពី​ការ​រៀបចំ​ពិធី​តាម​ជំនឿ​របស់​អ្នក​ភូមិ​ទាំង​នោះ​។ 

បន្ថែម​ពី​ការ​លើក​តម្កើង​ច្រកទ្វារ​ជ័យ​ គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក​បាន​លើក​ឡើង​ពី​សក្ដានុពល​ក្នុងការ​បញ្ចូល​បុរាណឋាន​មួយ​ចំនួន​ទៀត​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ជាបន្ដ​បន្ទាប់​ទៀត។ 

លោក ឈុំ ម៉េងហុង អគ្គលេខាធិការ​ស្តីទី​នៃ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភព​លោក​ បាន​ឱ្យដឹង​អំឡុង​ពេល​សន្និសីទ​នោះថា​ ស្ថានីយ​បុរាណឋាន​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ត្រៀម​បេតិកភណ្ឌ​ពិភព​លោក​សំខាន់ៗ​ ចំនួន ៧ រួមមាន សារមន្ទីរ​ទួលស្លែង អង្គរបុរី បន្ទាយឆ្មា ឧត្ដុង្គ ភ្នំគូលែន ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ និង​បេងមាលា។

លោក​បាន​ថ្លែងថា​៖ «បញ្ជីនេះ យើងមាន​តាំងពី​ឆ្នាំ​១៩៩៣ មកម្លេះ ហើយ​យើង​បាន​កែ​សម្រួល​នៅ​ក្នុង​ឆ្នាំ​២០២០។ ប៉ុន្ដែ​នា​ពេល​អនាគត ក្រសួង​វប្បធម៌​នឹង​ពិចារណា​ម្ដង​ថា តើ​យើង​គួរតែ​រក​ស្ថានីយ​ណា​សំខាន់ៗ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ត្រៀម​»។ 

ប្រាសាទ​ចៅសាយ​ទេវតា។ រូបថត អាជ្ញាធរអប្សរា

ក្រុម​ការងារ​បច្ចេកទេស​បាន​ពិចារណា​ទៅលើ​ស្ថានីយ​មួយ​ចំនួន ដូចជា ស្ថានីយ​ល្អាង​ស្ពាន នៅ​បាត់ដំបង និង​ភ្នំ​ឈ្ងោក​នៅ​កំពត​ជាដើម​។ 

សម្រាប់​ការ​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​នៅ​ឆ្នាំ​ក្រោយ រួមមាន សារមន្ទីរ​ទួល​ស្លែង ស្ថានីយ​ជើង​ឯក និង​ ម១៣ ដែល​ជា​ស្ថានីយ​នៃការ​ចងចាំ​។ 

លោក ម៉េងហុង បាន​និយាយថា​៖ «​ស្ថានីយ​នៃការ​ចងចាំ ដែលជា​ការ​ដាក់​បញ្ចូល​ក្នុង​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​ការ​ចុះបញ្ជី​ប្លែក​មួយ​សម្រាប់​កម្ពុជា​សម្រាប់​កិច្ច​ប្រជុំ​ឆ្នាំ​ក្រោយ​»។ 

ក្រុម​ការងារ​ក្រសួង​វប្បធម៌​ចាប់ផ្ដើម​ចងក្រង​ឯកសារ​ចំពោះ​ស្ថានីយ​ចំនួន​ពីរ​ទៀត គឺ​ប្រាសាទ​បន្ទាយ​ឆ្មា ដែល​ការ​ចងក្រង​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ និង​អាច​ដាក់​ស្នើ​នៅ​ឆ្នាំ​២០២៥​ និង​ប្រាសាទ​អង្គរ​បុរី ដែល​នៅ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត។ 

សម័យ​ប្រជុំ​លើក​ទី​៤៦ របស់​គណៈកម្មាការ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឥណ្ឌា បាន​ធ្វើ​ជា​សាក្សី​លើ​ការ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ចំនួន ២៤​ ដែល​ក្នុង​នោះ​មាន ១៩ វប្បធម៌ ៤ ធម្មជាតិ និង ១ អចលនទ្រព្យចម្រុះ៕