ភ្នំពេញៈ មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​សិក្សា​ផ្នែក​សន្តិសុខ (APCSS) នៃ​សហរដ្ឋ​អាមេរិក​សន្យា​ផ្ដល់​វគ្គ​ហ្វឹកហ្វឺន​ដល់​នាយ​ទាហាន​ជាន់ខ្ពស់​កម្ពុជា​ចាប់​ពី​វរសេនីយ៍​ត្រីដល់វរសេនីយ៍ឯក និង​កម្រិត​ឧត្ដមសេនីយ៍ទោ។ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) របស់​កម្ពុជា​ក៏​បាន​ស្នើ​សុំ APCSS បន្ថែម​ឱ្យ​មាន​វគ្គ​ហ្វឹកហ្វឺន​សម្រាប់​នាយ​ទាហាន​ជាន់​ទាប​ផង​ដែរ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ទី១ សីហា រវាង​លោក សែម សុវណ្ណនី អគ្គនាយក NPMEC និង​លោក Russell Bailey នាយក​ស្ដីទី​នៃ APCSS នៅ​រាជធានី​ភ្នំពេញ។

NPMEC បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​១ សីហា ថា៖ «លោក [Russell Bailey] បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​វគ្គ​ហ្វឹកហ្វឺន ដែល​ផ្ដល់​ជូន NPMEC ដោយ​វគ្គ​ទាំងនេះ​មិន​ត្រឹមតែ​មាន​ការ​ចូលរួម​ពី​ប្រមាណ ​៣០​ ទៅ​​ ៤០​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វគ្គ​ទាំងនេះ​បាន​បន្ថែម​នូវ​កម្រិត​យល់​ដឹង​ផ្នែក​សន្តិសុខ​ជាតិ និង​អន្តរជាតិ ដល់​នាយ​ទាហាន​ជាន់ខ្ពស់​កម្ពុជា ដែល​មាន​កម្រិត​ចាប់​ពី វរសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក និង​កម្រិត​ឧត្ដមសេនីយ៍ទោ»។ 

កន្លង​មក ភាគី​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​វគ្គ​ហ្វឹកហ្វឺន និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​កង​កម្លាំង​នៃ​កង​យោធពល​ខេមរភូមិន្ទ (RCAF) តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ប្រតិបត្តិការ​សន្តិភាព​សកល (GPOI) លើ​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​រក្សា​សន្តិភាព និង​វគ្គ​បំប៉ន​នានា ដូចជា​នាយទាហាន, សេនាធិការ, សង្កេតការណ៍, និង​ផ្នែក​រក្សា​សន្តិភាព។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ទន្ទឹម​នឹង​ការ​ផ្ដល់​ជូន​វគ្គ​ហ្វឹកហ្វឺន​នាយ​ទាហាន​ជាន់​ខ្ពស់​ចាប់​ពី​កម្រិត​វរសេនីយ៍​ត្រី​ដល់​វរសេនីយ៍​ឯក និង​កម្រិត​ឧត្ដម​សេនីយ៍​ទោ របស់​ភាគី​សហរដ្ឋអាមេរិក ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ក៏​បាន​ស្នើ​សុំ​បន្ថែម​ឱ្យ​មាន​វគ្គ​ហ្វឹកហ្វឺន សម្រាប់​នាយ​ទាហាន​ជាន់​ទាប​ផង​ដែរ»។

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា APCSS បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា និង​ពង្រឹង​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ 

លោក​បន្ត​ថា ការ​ស្ដារ និង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជាពិសេស​កិច្ច​សហប្រតិបត្តិការ​យោធា គឺជា​អាទិភាព​មួយ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​យោធា​របស់​កម្ពុជា ក៏ដូចជា​ពង្រីក​ការ​យល់ដឹង​និង​ជំនាញ ព្រមទាំង​ចំណេះដឹង​និង​បទពិសោធន៍​ថ្មីៗ​ពី​យោធា​អាមេរិក។ 

លោក ថុង ម៉េងដាវិត ​ថ្លែង​ថា៖ «ក្នុង​បរិបទ​ប្រកួតប្រជែង​ភូមិសាស្ត្រ​ដ៏​ស្រួចស្រាល់​នេះ កម្ពុជា​ត្រូវការ​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​បង្កើន​កិច្ច​សហការ​ក្នុង​កិច្ច​ការពារ​សន្តិសុខ និង​ស្ថិរភាព​តំបន់ ក៏ដូចជា​បង្កើន​ការ​ទុកចិត្ត​ផង​ដែរ»៕