រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងថា កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្សហាក់មិនត្រូវបានផ្ដល់តម្លៃ ខណៈដែលលោកទទួលស្គាល់ភាពខ្វះចន្លោះក្នុងកិច្ចការនេះ។
ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់រយៈពេល៥ឆ្នាំ (២០២៤-២០២៨)» នៅថ្ងៃទី១ ខែសីហានេះ លោកថ្លែងថា៖ «ពេលខ្លះរឿងតែមួយ ប៉ុន្ដែស្ដង់ដារពីរក្នុងការវាយតម្លៃ ធ្វើឲ្យការខិតខំប្រឹងប្រែងរបស់យើងគ្មានតម្លៃ»។
លោកបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ពីភាពខ្វះខាត ប៉ុន្ដែសូមទទួលយកនូវអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងដែរ កុំឲ្យឃើញតែភាពអវិជ្ជមានកើតឡើង ប្រទេសណាក៏កើតឡើងដែរ សូម្បីតែប្រទេសជឿនលឿន»។
លោកបន្តថា ស្ថានភាពជួញដូរមនុស្សនៅប្រទេសមួយចំនួនហាក់ប្រហាក់ប្រហែលនឹងកម្ពុជាដែរ ប៉ុន្តែគេត្រូវបានវាយតម្លៃនិងផ្ដល់ចំណាក់ថ្នាក់ល្អជាង។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញពីការប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចសហការជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ការជួញដូរមនុស្ស គ្រឿងញៀន និងអាវុធជាតិផ្ទុះ។
លោកបានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មាន«ពិត»ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
លោកថ្លែងថា៖ «ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្សឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
លោក ស សុខា ថ្លែងប្រាប់ដល់អង្គទូត សង្គមស៊ីវិល និងថ្នាក់ដឹកនាំពីក្រសួងស្ថាប័នដែលចូលរួមថា អំពើជួញដូរមនុស្សជាចរន្តនៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើបក្នុងការប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។
លោកបន្តថា ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនេះក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតផងដែរ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រ្តិយ៍ គ.ជ.ប.ជ. បានថ្លែងថា លោកស្រីរំពឹងថា ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះនឹងត្រូវបានអនុវត្តប្រកដោយប្រសិទ្ធិភាពដោយភាគីពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីបង្ការទប់ស្កាត់ កាត់បន្ថយ និងអាចឈានទៅលុបបំបាត់ នូវបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខ៕