កំពង់ធំៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមឱ្យយកចិត្តទុកដាក់ជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងទំនប់ស្ទឹងស្លាប់ នៅខេត្តកំពង់ធំ ដោយលោកបញ្ជាក់ថា ទំនប់ទាំងពីរនេះអាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ម៉ឺនហិកតានៅរដូវប្រាំង ពេលសាងសង់រួចរាល់។
លោកណែនាំដូច្នេះ ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋមូលដ្ឋាន នាថ្ងៃទី១០ សីហា ក្នុងឱកាសលោកចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកទាំងពីរនេះ។
លោក ហ៊ុន ម៉ាណែត សរសេរនៅលើបណ្ដាញសង្គមនាថ្ងៃទី១២ សីហា ថា ពេលចុះពីលើទូក លោកបានជួបប្រជាពលរដ្ឋម្នាក់ និងក្មួយស្រីរបស់គាត់ដោយចៃដន្យ ហើយក៏បានអញ្ជើញលោក និងក្រុមការងារចូលលេងក្នុងផ្ទះ និងបានផ្ដល់ឱកាសឱ្យលោកបានជជែកលេងជាមួយ និងសួរនាំអំពីស្ថានភាពទឹក និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនោះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។
លោកនាយករដ្ឋមន្ត្រីសរសេរថា៖ «ជាមួយគ្នានេះ ខ្ញុំក៏បានជម្រាបជូនគាត់អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចជាគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ»។
លោកបន្ថែមថា៖ «ខ្ញុំបានផ្តល់គោលការណ៍ណែនាំទៅឯកឧត្ដម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)»។
លោក ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមនាថ្ងៃទី១០ សីហា ថា៖ «ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិកតានៅរដូវប្រាំង»។
លោកបន្ថែមថា ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដើរតួនាទីក្នុងការពង្វាងទឹកធ្លាក់ពីស្ទឹងជីនិតប៉ែកខាងលើនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ក្រុងស្ទឹងសែន និងតំបន់ជុំវិញ។
ក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ក្នុងបណ្ដាញសង្គម នាថ្ងៃទី១០ សីហាថា គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ មានការសាងសង់សំណង់ស្ទាក់ទឹកកំពង់គោចំនួន ១កន្លែង និងស្តារស្ទឹងស្លាប់ប្រវែងប្រមាណ ៣០គីឡូម៉ែត្រ។
ក្រសួងបញ្ជាក់ថា គម្រោងនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប សម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំគ្រប់ប្រភេទ និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងក្រុង ស្រុកចំនួន ៥នៃខេត្តកំពង់ធំ រួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្ដាន់។
ក្រសួងបញ្ជាក់ក្នុងគេហទំព័រកាលពីខែកុម្ភៈ ថា ទីតាំងសំណង់ទ្វារទឹកកំពង់គោ ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងសែន ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្តផ្នែកខាងក្រោមតាមបណ្ដោយស្ទឹងសែន៕