ភ្នំពេញ/បាត់ដំបងៈ តុលាការ​ខេត្ត​បាត់ដំបង​កំពុង​តែ​ធ្វើការ​សួរ​នាំ​ជន​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ទៅ​នឹង​ថ្នាំ​ញៀន​ជាង ១​ម៉ឺន​គ្រាប់ ខណៈ​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​សាកសួរ​ជន​បរទេស​ជាច្រើន​នាក់​ក្រោយ​ពី​ឆ្មក់​ចូល​បង្រ្កាប​ក្លិប​កម្សាន្ត​មួយ​ឈ្មោះ GT នា​ថ្ងៃ​ទី១០​ ខែ​សីហា​នេះ។ 

ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្រ្កាប​គ្រឿងញៀន​ដ៏​ធំ​មួយ​រយៈពេល ៣ថ្ងៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ និង រឹបអូស​គ្រឿងញៀន ប្រភេទ មេតំហ្វេតាម៉ីន​យ៉ាម៉ា​ WY សរុប​ចំនួន ១៥ ៩៦៥​គ្រាប់​ ដែល​ស្មើ​និង​ទម្ងន់​ ១៥៧១,៦៩​ក្រាម។ នេះ​បើ​យោង​តាម​លោក​វរសេនីយ៍ឯក​ អ៊ិម​ កុសល ​ស្នងការរង​ និង​ជា​អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នាថ្ងៃ​ទី១២ ខែ​សីហា​នេះ។ 

លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​ទីមួយ នៅ​ពី​យប់​ថ្ងៃទី​៧ ខែ​សីហានេះ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​រក្សា​ទុក ដឹ​ក​ជញ្ជូន​ ឬ ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ១ករណី ក្នុង​បទល្មើស​ជាក់ស្ដែង​នៅ​ក្នុង​ភូមិ​អូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង។ នគរបាល​បាន​ឃាត់​ខ្លួន​ជន​សង្ស័យជា​បុរស​ម្នាក់​ឈ្មោះ ឈួម សុខវណ្នី ហៅ​ឃ្លោក អាយុ ៣៧​ឆ្នាំ រស់នៅ​ក្នុង​ឃុំជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ក្នុង​នោះ​បាន​រក​ឃើញ និង​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​យ៉ាម៉ា WY ចំនួន​ ១៩៧៤​គ្រាប់​ អាវុធខ្លី១ដើម និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ក្រោយមក សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ មេតំហ្វេតាមីន​យ៉ាម៉ា​ WY ចំនួន​ ១៣ ៩៩១​គ្រាប់​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «សរុប​ប្រតិបត្តិការ​ទាំង ២​នេះ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ដកហូត​នូវ​ថ្នាំញៀន ប្រភេទ​មេតំហ្វេតាមីន​យ៉ាម៉ា​ WY ១៥ ៩៦៥​គ្រាប់​ ស្មើ​នឹង​ទម្ងន់​១ ៥៧១,៦៩​ក្រាម។ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ចំពោះ​មុខ​សញ្ញា​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ»។

ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​នា​ថ្ងៃទី​១០ ខែ​សីហា ហើយ​តុលាការ​ខេត្ត​កំពុង​តែ​បន្ត​ការ​សាកសួរ​ជន​សង្ស័យ​រូបនេះ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «ជន​សង្ស័យ​នៅ​ក្នុង​និតីវិធី​របស់​អយ្យការ មិន​ទាន់​ទៅ​ដល់​ចៅក្រម​ស៊ើបសួរ​ទេ។ សំណុំ​រឿង​ហ្នឹង​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន និង​ការ​ចែកចាយ​គ្រឿងញៀន។ នៅ​បាត់ដំបង​យូរៗ​ទើប​មាន​ករណី​ធំ​បែបហ្នឹង ក្រៅពី​ហ្នឹង​មាន​ករណី​តូចតាច​ទេ»។

ក្រោយ​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី ស សុខា បាន​ណែនាំ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​ទូទាំង​ប្រទេស​រៀបចំ​ផែន​ការ​ក្នុង​១​សប្តាហ៍ ដើម្បី​បោស​សម្អាត​បទល្មើស​គ្រឿងញៀន​នៅ​តាម​ក្លិប​កំម្សាន្ត និង ខារ៉ា​អូខេ​នានា​កាល​ពី​ចុងខែ​កក្កដា​កន្លង​មក នគរបាល​រាជធានី​ខេត្ត​បាន​នឹង​កំពុង​តែ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​ក្លិប​កំម្សាន្ត និង ខារ៉ា​អូខេ​ជា​បន្តបន្ទាប់។

លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹក​នាំ​កម្លាំង​នគរបាល​ឆ្មក់​ចូល​ក្លិប​កម្សាន្ត​ឈ្មោះ GT ដោយ​បាន​ធ្វើការ​ឃាត់​ជនបរទេស​ជាច្រើន​នាក់​យក​ទៅ​សួរនាំ ក្រោម​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​នា​ថ្ងៃទី​១០​ ខែ​សីហា​នេះ ក្រោយ​ពី​បាន​ធ្វើការ​ស៊ើបអង្កេត​ឃើញ​មុខ​សញ្ញា​រួចមក។ 

លោក សំ វិច្ឆិកា អ្នក​នាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ទាំង​នោះ​នៅ​ឡើយ​ទេ។ លោក​ក៏​មិនទាន់​អាច​បញ្ជាក់​បា្រប់​ពី​ចំនួន​អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ចាំ​សរុប​ឱ្យ​ជាក់លាក់​សិន​រឿងហ្នឹង ឱ្យចប់​សព្វ​គ្រប់​សិន ឥឡូវ​យើង​មិន​ទាន់​ធ្វើ​ចប់​ទេ។ នៅ​មាន​ការ​បក​ប្រែ​សួរ​នាំ​ជនបរទេស​វៀតណាម និង ចិន​ហ្នឹង»។

លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាន​ថ្លែង​ដោយ​ខ្លី​តាម​វីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​នោះ​ថា ករណី​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​ការ​កំណត់​មុខ​សញ្ញា​រួចហើយ មុន​នឹង​ធ្វើ ព្រោះ​ជំនាញគេ​ធ្វើការងារ មិនមែន​ធ្វើ​ដោយ​ចៃដន្យ​ទេ។ យើង​អត់​ទាន់​ដឹង​ថា មាន [ថ្នាំញៀន] ទម្ងន់​ប៉ុន្មាន​ទេ តែ​គ្រាន់​តែ​ថា​មាន​ប្រើប្រាស់​ថ្នាំ​នៅ​ក្នុង​នេះ។ ខ្ញុំ​ពិនិត្យ​មើល​មិញ​នេះ ​វាជា​ប្រភេទ K កេតាមីន»។  

កម្លាំង​នគរបាល​ក្នុង​ខេត្ត​បាត់ដំបង​ក៏បាន​ឆ្មក់​បង្រ្កាប​ឃាត់ខ្លួន​នៅ​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​ផងដែរ​ក្នុង​ស្ថិត​ក្នុង​ភូមិ​ដូង​ ឃុំ​បឹងរាំង​ស្រុកកំរៀង កាលពីពេលថ្មីៗ​នេះ​ផងដែរ។ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៧​នាក់ និង​ថ្នាំញៀន​មួយ​ចំនួន​ផងដែរ។ 

សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​បាន​កំពុង​តែ​ចុះ​ស្រាវជ្រាវ​ និង​បង្រ្កាបបទ​ល្មើសគ្រឿង​ញៀន​នៅ​តាម​ទីតាំង​កម្សាន្ត​ផ្សេងៗ​ទៀត​ផងដែរ៕