ភ្នំពេញ៖ នៅប្រទេស​កម្ពុជា យុវជន​មាន​ចំនួន​ច្រើន​ ដូច្នេះ​​កុមារ​នៅទូទាំង​ប្រទេស រួម​ទាំង​ទីក្រុង ទីប្រជុំជន ជនបទ និង​ជន​ជាតិ​ដើម​ភាគតិច​ដែល​មាន​សិទ្ធិ​ទទួល​បាន​​ការ​អប់រំ កាន់តែ​ត្រូវ​បាន​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​​ជាង​ពេល​ណាៗ​ទាំងអស់​។​

នៅ​ពេល​ដែល​ប្រទេស​ជាតិ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍ ការ​ធានាថា ​កុមារ​គ្រប់រូប ដោយ​មិន​គិត​ពី​សមត្ថភាព ឬ​សាវតា​របស់​ពួកគេ ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​គុណភាព និង​ការការពារ​សុខុមាលភាព​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំធេង​ដែល​ទាមទារ​ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ពី​គ្រប់​វិស័យ​នៃ​សង្គម។

ការ​អប់រំ​នៅ​កម្ពុជា​កំពុង​ដំណើរ​ការ​កំណែ​ទម្រង់​សំខាន់ៗ ដោយបាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​អប់រំ​បរិយាប័ន្ន​ ឆ្នាំ​២០២៤-២០២៨ ដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូនីសេហ្វ។

ផែនការ​នេះ​ផ្តោតលើ​ការផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ដល់​កុមារ​ទាំងអស់ រួមទាំង​ជនពិការ និង​មាន​គោល​បំណង​ផ្លាស់ប្តូរ​អាកប្បកិរិយា​ក្នុង​សង្គម និង​ការគាំទ្រ​ចាំបាច់ ក៏ដូចជា​​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ។

លើសពីនេះ ការអប់រំ​​ឌីជីថល​គឺជា​ការផ្តោត​សំខាន់​មួយ ដោយ​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​​កំណែទម្រង់​វិស័យ​អប់រំ​ជាមួយនឹង​គោលនយោបាយ​សេដ្ឋកិច្ចសង្គម​ឌីជីថល​សម្រាប់​ឆ្នាំ ២០២១-២០៣៥​។​

កំណែទម្រង់​ទាំងនេះ​មាន​គោលបំណង​ពង្រឹង​អក្ខរកម្ម​ឌីជីថល និង​បញ្ចូល​បច្ចេកវិទ្យា​ទំនើប​ទៅក្នុង​ប្រព័ន្ធ​អប់រំ ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​ទូទាំងប្រទេស​។​

ជាងនេះទៅទៀត កិច្ចខិតខំ​ប្រឹងប្រែង​​ត្រូវបាន​ធ្វើឡើង​ដើម្បី​កែលម្អ​ការអប់រំ​នៅ​ថ្នាក់ដំបូង​តាមរយៈ​គម្រោង​អប់រំ​បរិ​យាប​ន្ន​នៅ​បឋមសិក្សា​ (IPEA) ក្រោម​​មូលនិធិ​​អង្គការ​ USAID ដែល​ផ្ដោតលើ​​ជំនាញ​ការអាន​នៅ​ថ្នាក់ដំបូង ហើយ​កំពុង​ត្រូវបានធ្វើ​មាត្រដ្ឋាន​ទូទាំងប្រទេស​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស និង​គ្រូ​កាន់តែច្រើន​។​

ការអប់រំ​គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​ដែលមាន​ចែង​នៅក្នុង​អនុសញ្ញា​អន្តរជាតិ និង​គោលនយោបាយ​ជាតិ តែ​​នៅក្នុង​ប្រទេស​កម្ពុជា សិទ្ធិ​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​នៅតែ​ចែកចាយ​មិន​ស្មើគ្នា​។​

ការអប់រំ​​ឌីជីថល​គឺជា​ការផ្តោត​សំខាន់​មួយ ដោយ​រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​​កំណែទម្រង់​វិស័យ​អប់រំ​ជាមួយនឹង​គោលនយោបាយ​សេដ្ឋកិច្ចសង្គម​ឌីជីថល​សម្រាប់​ឆ្នាំ ២០២១-២០៣៥​។​ រូបថត សហការី

ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ឈានមុខ​គេ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ឱកាស​អប់រំ​នៅ​ទូទាំងប្រទេស​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​ប្រឈម​នៅតែ​បន្ត​កើតមាន ជាពិសេស​នៅក្នុង​សហគមន៍​ជនបទ និង​ជនជាតិ​ដើម​ភាគតិច ដែល​ភាពក្រីក្រ ភាព​ឯកោ​ភូមិសាស្ត្រ និង​កត្តា​វប្បធម៌​រារាំង​លទ្ធភាព​ទទួលបាន​សាលារៀន​។​

ក្រសួង​បាន​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ជាពិសេស​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដែល​មាន​គោល​បំណង​នាំយក​ការ​អប់រំ​ដល់​ប្រជាជន​ដាច់ស្រយាល និង​ក្រីក្រ​បំផុត​។​

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា មានឱ្យដឹង​ថា៖ «ក្រសួង​មិន​ត្រឹមតែ​ផ្ដោតលើ​កម្រិត​បឋម​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​កម្រិត​មតេយ្យសិក្សា​ ដោយ​ក្នុង​នោះ​នៅ​​តំបន់​ជនភាគ​ដើម​ភាគ​តិច​ ក្រសួង​បាន​បង្កើត​កម្មវិធី​សិក្សា​ពហុ​ភាសា​ ជា​ពិសេស​ខេត្ដ​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង»។ 

នេះ​ធានាថា កុមារ​ជនជាតិដើម​ភាគតិច​អាច​រៀន​ជា​ភាសា​កំណើត​របស់​ពួកគេ​ជាមួយនឹង​ភាសា​ខ្មែរ ដែល​ជួយ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​របស់​ពួកគេ ទន្ទឹមនឹង​ការបញ្ចូល​ពួកវា​ទៅក្នុង​ប្រព័ន្ធ​អប់រំ​ជាតិ​ដ៏​ទូលំទូលាយ​ផងដែរ​។​

លោកស្រី  បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បើ​ក្រឡេក​ទៅមើល​កម្រិត​មតេយ្យ​សិក្សា​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច យើង​កំពុង​តែ​អនុវត្ដ​នៅក្នុង​រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​បង​ប្អូន​ជនជាតិ​ដើម​ភាគតិច​ទំពួន គ្រឹង ពូនង គួយ ក្រោល កាវែត ព្រៅ ចារ៉ាយ និង​កាចក់​ជាដើម​»។ 

លោកស្រី បាន​បន្ដថា ចំពោះ​កម្រិត​បឋម​សិក្សា ក្រសួង​រៀបចំ​ឱ្យ​មាន​កម្រិត​ថ្នាក់ស្ពាន​ (ថ្នាក់ទី ១ ដល់ទី ៣) សិស្សានុសិស្ស​រៀន​ជាភាសា​កំណើតតរបស់​ពួកគេ ដូចជា ភាសា​គ្រឹង ទំពួន ចារ៉ាយ ពូនង កាវ៉ែត និង​ព្រៅជាដើម អម​ជាមួយ​ភាសាខ្មែរ​​ ហើយ​ពួកគេ​នឹង​ចាប់​យក​ភាសា​ខ្មែរ​ពេញ​លេញ​នៅ​កម្រិត​ថ្នាក់​ទី ៤​។ 

ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​កុមារ​ជនជាតិ​ដើម​ភាគតិច ក្រសួង​បង្កើត​ជា​សៀវភៅ​សិក្សា សៀវភៅ​និទាន​តាម​ភាសា​ជនជាតិ​ដើម​ភាគតិច​នីមួយៗ​។ 

លោកស្រី​បានបញ្ជាក់​ថា៖ «​ដើម្បី​ធានា​ថា​មានគ្រូ​បង្រៀន​ប្រកប​ដោយ​ជំនាញ​សម្រាប់​ប្អូនៗ​មាន​តម្រូវការ​ពិសេស​នេះ ក្រសួង​រៀបចំ​ឱ្យ​មាន​វិទ្យាស្ថានជាតិ​អប់រំពិសេស​ដែលមាន​តួនាទី​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ដែលនៅក្នុង​បន្ទប់ថ្នាក់របស់គាត់​មាន​សិស្ស​មាន​ពិការភាព​រយៈ​ពេលមួយ​ឆ្នាំ​»។ 

យោងតាម​អ្នកនាំពាក្យ កុមារ​តូច​ទទួល​បាន​សេវា​អប់រំ​គ្រប់​រូបភាព ៤០០ ៩៥៩នាក់ (កើន ១៣ ៦៨០នាក់ ស្មើ ៣.៥៣ភាគរយ) ស្រី ២០១ ២៩០នាក់ (កើន ៧ ២១៨នាក់ ស្មើ ៣,៧១ភាគេយ) ធៀប​ទៅនឹង​ឆ្នាំ​សិក្សា២០២២-២០២៣។ 

កុមារ​អាយុ ៥ឆ្នាំមាន ២១៧ ៩៥០នាក់ (កើន ៥,១១នាក់ ស្រី ២.៣៩ភាគរយ) ស្រី ១០៨ ២៣៤នាក់ (កើន ២ ៦៩៨នាក់ រសើ ២.៥៥ភាគរយ) នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣។

សិស្ស​បឋម​សិក្សា​មាន ២ ២៦៥ ៧៨៣នាក់ (កើន ៦៥ ៧៦២នាក់ ស្មើ ២.៩៨ភាគរយ) ស្រី ១ ០៨៦ ៨៩២ នាក់ (កើន ៣០ ៣០៣នាក់ ស្មើ ២,៨៦ភាគរយ) ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ 

ការ​ចូល​រៀន​នៅ​បឋម​សិក្សា​សម្រេច​បាន​អត្រា​ពិត​នៃ​ការ​សិក្សា ៩៩,៦ភាគរយ កើន ៣.៩ភាគរយ ធៀបទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ 

សិស្ស​មធ្យម​សិក្សា​បឋម​ភូមិមាន ៧១១ ១១៣នាក់ (កើន ១៦ ៩៥២នាក់ ស្មើ ២,៤៤ភាគរយ) ស្រី ៣៧៨ ២៤៧នាក់ (កើន ១៥ ៥៩២នាក់ ស្នេ ៤,៤០ភាគរយ) ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣៕