ភ្នំពេញៈ រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ានតាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការតំបន់មួយនេះ និងដៃគូសន្ទនាអាស៊ាន។
លោកបញ្ជាក់ដូច្នេះក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយថ្ងៃទី១១ សីហា ថា៖ «ក្នុងអំឡុងពេលនៃកិច្ចប្រជុំនីមួយៗ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី [លោក ឈាង រ៉ា] បានចូលរួមផ្ដល់បទអន្តរាគមន៍ បញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងជាមួយដៃគូសន្ទនា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ាន ស្របនឹងឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា»។
កិច្ចប្រជុំទាំងនេះមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង ១០ប្រទេស, ទីម័រខាងកើត, ចិន, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, និងនាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំទាំងនេះ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតនៃវិស័យសុខាភិបាលអាស៊ាន ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលអាស៊ាន, កំណត់កត្តាប្រឈម, និងលើកទិសដៅប្ដេជ្ញាចិត្ត ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនតំបន់អាស៊ានឈានទៅសម្រេចការគ្របដណ្ដប់សុខភាពជាសកល។
រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់, ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល, និងជំរុញសន្តិសុខសុខភាពដោយបង្កើតគំនិតផ្ដួចផ្ដើម ដូចជាបណ្ដាញមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នអាស៊ាន, មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ, និងទំនាក់ទំនងហានិភ័យអាស៊ាន។
ក្នុងឱកាសចូលរួមកិច្ចប្រជុំទាំងនេះ លោក ឈាង រ៉ា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយសមភាគីឥណ្ឌូណេស៊ីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ព្រមទាំងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូណេស៊ី។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា លោកក៏បានជួបប្រជុំជាមួយលោកស្រី Sania Nishtar នាយកប្រតិបត្តិអង្គការ Gavi ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងជំនួយរបស់អង្គការនេះដល់កម្ពុជា ដោយលោកស្រីបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អង្គការ Gavi ក្នុងការគាំទ្រដល់កម្ពុជាក្នុងរយៈពេល៥ឆ្នាំបន្តទៀត។
កិច្ចប្រជុំទាំងនេះបានដាក់ចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីកំណត់សកម្មភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូទាំងក្នុងតំបន់ និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងបានប្ដេជ្ញាចិត្តបន្តMoUរវាងអាស៊ាន-ចិន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាកិច្ចប្រជុំទាំងនេះបានទទួលការគាំទ្រពីជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺឆ្លង ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល។
ប្រភពដដែលបន្តថា អាស៊ាន និងសហរដ្ឋអាមេរិកបានប្ដេជ្ញាលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាទៀងទាត់ដែលជាជំហាននាំប្រជាជនអាស៊ាន និងទូទាំងពិភពលោកមានសុខភាព និងសុខុមាលភាពក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនាឆ្នាំ២០៣០ និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕