ចលនា​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ត​ផ្ទុះ​ឡើង​នៅ​ក្រៅ​ប្រទេស រួម​មាន​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​នៅ​អូស្ត្រាលី​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១ ខែ​សីហា​កន្លង​ទៅ។​

ពលរដ្ឋ​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី CLV-DTA ខណៈ​ដែល​អ្នក​ញុះញង់​បាន​អំពាវ​នាវ​ឲ្យ​ធ្វើតាម​ប្រទេស​បង់ក្លាដែស​ដែលបាន​ទម្លាក់​មេដឹកនាំ​ប្រទេស​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម ដែល​ឈាន​ដល់​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់។

រដ្ឋាភិបាល​បាន​ពន្យល់​ជាច្រើន​លើក​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​បារម្ភ​ថា ការ​ចូលរួម​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​នេះ​នឹង​នាំ​ទៅ​ដល់​ការ​បាត់​ទឹកដី​កម្ពុជា​ទៅ​វៀតណាម​ ឬ​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​ដើរ​ហើរ​ដោយ​សេរី​ចូល​កម​កម្ពុជា។

ជាថ្មី​ម្ដង​ទៀត លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​នេះ​ថា លោក​បាន​ចូល​ទៅ​ក្នុង​តេឡេក្រាម​មួយ​ឈ្មោះ​ថា «រួបរួម​គ្នា​ដើម្បី​ជាតិ» ហើយ​លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុម​នេះ​ថា ពួក​គេ​គួរ​បោះ​បង់​ចោល​ផែនការ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​ទៅ។

នៅ​ក្នុង​សារ​ដែល​លោក​ថ្លែង​នៅ​ក្នុង​ក្រុម​នេះ​សរុប​ជិត​មួយ​ម៉ោង លោក​បញ្ជាក់​ដូច្នេះ​ថា៖ «មាន​អ្នក​ខ្លះ​ឃើញ​ហេតុ​ការណ៍​បង់ក្លាដែស​ ប្រៀប​ធៀប​ជាមួយ​នឹង​ហេតុការណ៍​នៅ​ប្រទេស​កម្ពុជា។ សូម​សាក​ល្បង​មើល។ ប្រសិន​បើ​អ្នក​អាច​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​ខ្លាំង សូម​អញ្ជើញ​សាក​ល្បង»។

ការ​ប្រឆាំង​នឹង​ CLV-DTA បាន​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​រួច​ហើយ។ លោក ហ៊ុន សែន បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា អ្នក​ដែល​ពាក់​ព័ន្ធ​ហើយ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ ប្រសិន​បើ​ពួក​គេ​ផ្ដាច់​ខ្លួន​ពី​ក្រុម​ប្រឆាំង និង​ចាក​ចេញ​ពី​​ក្រុម «រួបរួម​គ្នា​ដើម្បី​ជាតិ»។

លោក ហ៊ុន សែន ដែល​ជា​អ្នក​ចូលរួម​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​ CLV-DTA កាល​ពី​ឆ្នាំ ១៩៩៩ ក៏​បាន​ពន្យល់​ជាថ្មី​ថា CLV-DTA មិន​មែន​ជា​កា​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​នោះ​ទេ ប៉ុន្តែ ជា​គ្រាន់​តែ​ជា​កិច្ច​សហ​ប្រតិបត្តិការ។

ឆ្លើយ​តប​ទៅ​នឹង​សំណើ​ឲ្យ​កម្ពុជា​ដក​ខ្លួន​ពី​គម្រោង​នេះ និង​ការ​ស្នើ​ឲ្យ​កម្ពុជា​ធ្វើ​របង​ព្រំដែន​ជាមួយ​វៀត​ណាម លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​អាច​ដក​ខ្លួន​ពី​គម្រោង​នេះ​ទេ ​ហើយ​របង​ព្រំដែន​មិន​មែន​ជា​មធ្យោបាយ​សម្រាប់​ការពារ​ទឹកដី​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ការ​អភិវឌ្ឍ​រួម​យើង​អត់​ធ្វើ​ទេ ​ព្រោះ​យើង​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​យក​ដី​ខ្មែរ​ទៅ​ដាក់​រួម​ជាមួយ​នឹង​ប្រទេស​ណា​ទេ។ យើង​គ្មាន​ចេនា​ដើម្បី​បង្កើត​តំបន់​នោះ​ឲ្យ​ជា​តំបន់​ស្វយ័ត ដោយ​កាត់​មួយ​ភាគ​របស់​កម្ពុជា ​មួយ​ភាគ​របស់​ឡាវ មួយ​ភាគ​របស់​វៀតណាម ​ហើយ​កើត​ជា​តំបន់​ស្វយ័ត ហើយ​កើត​ជា​ប្រទេស​មួយ​ក៏​អត់ដែរ។ ប្រទេស​ខ្មែរ​គ្រប់គ្រង​ដោយ​ខ្មែរ វៀតណាម​គ្រប់គ្រង​ដោយ​វៀតណាម ឡាវ​គ្រប់គ្រង​ដោយ​ឡាវ»។

លោក​បន្ត​ថា៖ «បង​ប្អូន​បាន​ស្នើ​ថា​ឲ្យ​ដក​គម្រោង​នេះ​ចេញ​ពី​ CLV ប៉ុន្តែ​ខ្ញុំ​ចង់​សួរ​បង​ប្អូន​ថា របស់​ដែល​យើង​បាន​ដាក់​ទៅ​សម្រាប់​ការ​អភិវឌ្ឍ​ វាជា​របស់​យើង តើ​យើង​ដក​យក​ទៅ​គ្រវាត់​ចោល​នៅ​ឯណា? តើ​យើង​ដក​ផែនដី​នេះ ​បួន​ខេត្ត​នេះ​ទៅ​ដាក់​នៅ​លើ​មេឃ ឬ​ទៅ​កន្លែង​ណា មិន​អាច​ទៅ​រួច​ទេ។ យើង​ត្រូវ​តែ​អភិវឌ្ឍ​នៅ​ក្នុង​ទឹកដី​របស់​យើង។ យើង​ដាក់​ទុន​ខ្លួន​យើង​និង​រក​ដៃគូ​អភិវឌ្ឍ​ខ្លួន​យើង»។

លោក​ពន្យល់​ទៀត​ថា អ្វី​ដែល​ភាគី​ទាំង​បី​ត្រូវ​ធ្វើ​ការ​សហការ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដឹក​ជញ្ជូន ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ការ​តភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​ជា​ដើម។ ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ជាក់​ស្ដែង។ មានតែ​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ទេ​ដែល​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ។

លោក​បញ្ជាក់​អំពី​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​វៀតណាម ដែល​បាន​ឈាន​ដល់​ ១០​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ និង​តុល្យភាព​នៃ​ការ​នាំចេញ​រវាង​ប្រទេស​ទាំងពីរ ជា​ពិសេស​ការ​នាំចេញ​ស្វាយ​ចន្ទី​កម្ពុជា​ជាង​៧០ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ទៅ​វៀតណាម។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​បង​ប្អូន​មាន​ការ​បារម្ភ​អំពី​ទឹកដី ដោយសារ​អតីតកាល​របស់​យើង​បាន​បង្ហាញ​ថា យើង​បាន​បាត់​បង់​ទឹកដី​អស់​យ៉ាង​ច្រើន។ ដីកម្ពុជា​ក្រោម យើង​ទទួល​ស្គាល់​ថា​យើង​បាន​បាត់​បង់​ទៅ​ហើយ​ ដោយសារ​ការ​កាត់​យក​និង​បង្ខំ​ដោយ​បារាំង មិន​មែន​ស្ដេច​អង្គណា​មួយ​កាត់​ដី​ឲ្យ​គេ​នោះ​ទេ ប៉ុន្តែ យើង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​គេ។ [ពេលនោះ] ខ្ញុំ​មិន​ទាន់​បាន​ចាប់​កំណើត​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​កូសាំងស៊ីន ក៏ដូចជា​កោះ​ត្រល់​ត្រូវ​បាន​បាត់​ចេញ»។

ប្រធាន​ព្រឹទ្ធសភា​បន្ត​ថា អ្វី​ដែល​លោក​បាន​និង​កំពុង​ធ្វើ​គឺ​ការពារ​ទឹកដី​ទាំង​នេះ។ លោក​យល់​ថា ការ​លើក​យក​បញ្ហា​នេះ​មក​និយាយ​នា​ពេល​នេះ​ ធ្វើ​ឡើង​តាម​ការ​ញុះញង់​ដើម្បី​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទឹក​ដី​ដើរ​ហួស​បន្ទាត់​ក្រហម។

ចំពោះ​ការ​ធ្វើ​ព្រំដែន​ការពារ​ទឹកដី លោក​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ សូម្បី​នៅ​លើ​ពិភព​លោក​ក៏​គ្មាន​ប្រទេស​ណា​ធ្វើ​របង​ការពារ​ជុំវិញ​ប្រទេស​ទេ មាន​តែ​នៅ​ចំណុច​ខ្លះ​ដូជា​រវាង​ព្រំដែន​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក​ និង​នៅ​ប្រទេស​មួយ​ចំនួន​តូច​ទៀត។​

លោក​រំឭក​ថា អ្នក​នៅ​ក្នុង​ស្រុក​មិន​ត្រូវ​ដើរ​ហួស​បន្ទាត់​ក្រហម តាម​ការ​ញុះញង់​របស់​អ្នក​ប្រឆាំង​នៅ​ខាង​ក្រៅ​នោះ​ទេ។​

លោក​ថ្លែង​ដូច្នេះ​ថា៖ «បង​ប្អូន​នៅ​ក្នុង​ប្រទេស​មិន​គួរ​ត្រូវ​បាន​គេ​បោក​ប្រាស់​នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​ទី​នេះ។ ខ្ញុំ​គ្រាន់​តែ​សុំ​អំពាវនាវ​ចំពោះ​បង​ប្អូន កុំ​ដើរ​ឆ្លង​ផុត​បន្ទាត់​ក្រហម ឈាន​ទៅដល់​ការ​ផ្ដួល​រំលំ​ដូច​ដែល​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​អំពាវនាវ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដែល​ចាប់​បង្ខំ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​យក​វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ភាព​អណាធិបតេយ្យ បង្ក​ចលាចល​ក្នុង​សង្គម»។

លោក​បញ្ជាក់​ថា៖ «យើង​គ្មាន​ជម្រើស​ទេ ជម្រើស​ដែល​នៅ​សេសសល់​គឺ​ការពារ​សន្តិសភាព ស្ថិតរភាព​នយោបាយ និង​ជីវិត​របស់​ប្រជាជន​យើង។ យើង​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​តម្លៃណា​ក៏​ដោយ ដើម្បី​ធានា​ថា ប្រជាជន​របស់​យើង​រស់​នៅ​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ ជាមួយ​នឹង​ការ​កសាង​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ពីខាង​ក្រៅ»៕