កំពង់ឆ្នាំង៖ កុមារា​ដែល​បង្ហាញ​អប្បកិរិយា​បែប​ហិង្សា និង​ព្រងើន​ជាមួយ​គ្រូ​បង្រៀន រួម​ទាំង​អាណាព្យាបាល ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​មក​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ទង្វើ​អសីលធម៌​នៅ​ក្នុង​ថ្នាក់​រៀន​នេះ។

យោង​តាម​លិខិត​របស់​​លោក ម៉ាញ ណៃ ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ជលគីរី ដែល​ផ្ញើ​ជូន​លោក​អភិបាល​ស្រុក​ជលគិរី​អំពី​ហេតុការណ៍​កុមារា​ម្នាក់​បង្ហាញ​អប្បកិរិយា​មិន​សមរម្យ​ដាក់​គ្រូ​បង្រៀន បាន​បង្ហាញ​ថា កុមារា​រូប​នេះ​រៀន​ថ្នាក់​ទី ៦។ 

សិស្ស​រូប​នេះ បាន​ប្រើ​អាកប្បកិរិយា​បែប​ហិង្សា​មក​លើ​គ្រូបង្រៀន​ក្នុង​បន្ទប់រៀន ដោយ​រត់​មក​ធាក់​តុ​គ្រូ និង​សម្តែង​ចរិក​ចង់វាយ​គ្រូ។ ហេតុការណ៍​នេះ​កើតឡើង​នាពេល​រសៀល​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ​២០២៤​។

ឪពុកម្ដាយ​របស់​កុមារារូប​នេះ ដែល​រស់​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ កំពង់​អុស ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញាធរ​ហៅ​មក​ធ្វើ​កិច្ច​សន្យា​ និង​ឱ្យ​សិស្ស​សុំទោស​គ្រូ​បង្រៀន។

លោក ម៉ៅ ច័ន្ទរក្សា ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​លើ​បណ្ដាញ​សង្គម TikTok និង​ត្រូវបាន​ចែកចាយ​បន្ដ​លើ​ Facebook បាន​ឱ្យ​ដឹង​ថា៖ «ឥឡូវនេះ រឿងរ៉ាវ​ត្រូវ​បាន​ដោះស្រាយ​ដោយ​កូន​សិស្ស និង​ឪពុកម្ដាយ​ត្រូវបាន​សមត្ថកិច្ច​ហៅមកធ្វើ​កិច្ច​សន្យា ហើយ​បាន​ឱ្យ​ខ្ញុំ​លប់​វីដេអូ​លើ​បណ្ដាញ​សង្គម​ចោល​វិញ​»៕