ភ្នំពេញៈ អង្គការអន្តរជាតិបានលើកឡើងថា ចំនួនសត្វដំរីនៅអាស៊ីអាគ្នេយ៍ និងចិនមានប្រមាណតែពី ៨ ០០០ ទៅ ១១ ០០០ក្បាលប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដែលក្នុងនោះកម្ពុជាត្រូវបានប៉ាន់ស្មានថាមានពី ៤០០ ទៅ ៦០០ក្បាលផងដែរ។
ក្រុមអង្គការអភិរក្សអន្តរជាតិបានសម្តែងក្តីបារម្ភចំពោះការបាត់បង់ទីជម្រកយ៉ាងខ្លាំងរបស់សត្វដំរីអាស៊ី ហើយបានអំពាវនាវឱ្យមានវិធានការបន្ទាន់ក្នុងការអភិរក្សសត្វដំរី ដែលនៅសេសសល់ដ៏មានសារៈសំខាន់ក្នុងតំបន់នេះ។
ក្នុងទិវាសត្វដំរីពិភពលោកនាថ្ងៃទី១២ ខែសីហា អង្គការ WWF ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកបានលើកឡើងថា ចំនួនសត្វដំរីអាស៊ីឥឡូវនេះមានវត្តមានរស់នៅត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះនៃទីជម្រកដែលពួកវាធ្លាប់រស់នៅ។ ចំនួនសត្វដំរីនៅអាស៊ីអាគ្នេយ៍ និងចិនដែលនៅសេសលល់មានប្រមាណតែពី៨ ០០០ ទៅ ១១ ០០០ក្បាលប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
អង្គការ WWF បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «ចំនួនសត្វដំរី ឥឡូវនេះមានវត្តមានរស់នៅត្រឹមតែ ៥ភាគរយ ប៉ុណ្ណោះនៃទីជម្រកដែលពួកវាធ្លាប់រស់នៅ ប៉ុន្តែប្រសិនបើយើងធ្វើសកម្មភាពរួមគ្នាឱ្យបានឆាប់រហ័សដើម្បីការពារ នោះយើងអាចធ្វើឱ្យស្ថានភាពនេះប្រសើរឡើង»។
អង្គការ WWF ក្នុងទិវាសត្វដំរីពិភពលោក បានអំពាវនាវឱ្យមានការរួបរួមគ្នាដើម្បីអភិរក្សដំរីអាស៊ី និងជម្រកដ៏សំខាន់របស់វា។ ក្រៅពីសកម្មភាពគោលនយោបាយ និងការស្តារទីជម្រក ដើម្បីការពារពីការប្រមាញ់ សកម្មភាពជាច្រើនទៀតគឺត្រូវការជាចាំបាច់ ដើម្បីស្តារប្រភេទសត្វដ៏សំខាន់នេះឡើងវិញ។
អង្គការនេះបានបង្ហាញពីការគំរាមកំហែងសំខាន់ៗចំនួន ៤ ចំពោះសត្វដំរី ហើយកំពុងតែធ្វើសកម្មភាពឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ ក្នុងនោះរួមមានការបាត់បង់ទីជម្រក និងការបែកខ្ញែកនៃសត្វដំរី, ការប្រមាញ់ និងជួញដូរខុសច្បាប់, ជម្លោះរវាងសត្វដំរី និងមនុស្ស (ការបំផ្លាញផលដំណាំ) និងចំនួនសត្វដំរីដែលត្រូវបំបែកចេញពីគ្នា។
អង្គការ WWF កម្ពុជាអំពាវនាវផងដែរថា៖ «ប្រសិនបើយើងធ្វើការរួមគ្នា យើងអាចជំរុញសកម្មភាពនិងការយកចិត្តទុកដាក់ជាបន្ទាន់ឆ្ពោះទៅរកការអភិរក្ស និងផ្តល់ភាពងាយស្រួល សុវត្ថិភាព ដែលនឹងធ្វើឱ្យសត្វដំរីបន្តមានវត្តមានជាមួយនឹងប្រភេទសត្វព្រៃជាច្រើនទៀតដែលកំពុងតែរងគ្រោះជិតផុតពូជ»។
ដោយឡែក អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា (Fauna & Flora Cambodia) ក៏បានកំពុងតែធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននិងសហគមន៍លើការអភិរក្សសត្វដំរីអាស៊ីអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ។ ក្នុងនោះបានផ្តោតសំខាន់លើការតាមដាន ត្រួតពិនិត្យចំនួនដំរីអាស៊ីរយៈពេលវែង ដោយប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងការធ្វើតេស្ត DNA នៃលាមកដំរី។
ក្រៅពីនោះ ក៏មានការល្បាតពីសហគមន៍ ដើម្បីតាមដានសកម្មភាពដំរីអាស៊ីនៅតំបន់ជួរភ្នំក្រវាញ។ លើសពីនោះ ក៏ដូចជាធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីផងដែរដោយផ្តល់ជាសម្ភារៈអប់រំផ្សព្វផ្សាយនិងឧបករណ៍ដែលសហគមន៍មូលដ្ឋានអាចប្រើប្រាស់ដើម្បីរារាំងសត្វដំរីពីការស៊ី និងបំផ្លាញដំណាំរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានដឹងថា សត្វដំរីចន្លោះពី ៤០០ ទៅ ៦០០ក្បាលត្រូវបានប៉ាន់ស្មានថាមានវត្តមាននៅកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ និងភូមិភាគឦសាន។
លោកមានប្រសាសន៍ថា៖ «ជម្រករបស់ដំរីមានសារៈសំខាន់ណាស់ ហើយយើងត្រូវការពារឱ្យបានគត់មុត។ តាមរយៈវិធានការរបស់យើង គឺយើងកំពុងតែពង្រឹងបន្ថែមទៀត គឺមិនរាថយទេ។ រដ្ឋាភិបាលមានទស្សនវិស័យកំណត់បង្កើនគម្របបៃតងឱ្យបាន៦០ភាគរយនៅឆ្នាំ ២០៥០។ នេះគឺជាផ្នែកមួយនៃការគ្រប់គ្រងពង្រឹងបង្កើននូវជម្រក បៃតងគម្របព្រៃសម្រាប់ការរស់នៅសុខសាន្ត របស់ជីវចម្រុះដូចជាភេទសត្វដំរីជាដើម»។
លោកបន្តថា ដើម្បីអភិរក្សធនធានធម្មជាតិ ក៏ដូចជាជីវៈចម្រុះដែលរួមមានទាំងសត្វដំរីផងនោះ ក្រសួងបរិស្ថានបានកំពុងតែបន្តអនុវត្តច្បាប់ ១០០ភាគរយ «ដោយមិនលើកលែង» ចំពោះបទល្មើសធនធានធម្មជាតិ។ លើសពីនោះមានការសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រឹងការងារអភិរក្សតាមរយៈការផ្តល់ផែនទីផ្កាយរណប ដើម្បីគ្រប់គ្រង និងឆ្លើយតបភ្លាមៗទៅនឹងបទល្មើស។ បន្ថែមពីនោះ ក៏មានកិច្ចសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆំាងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ផងដែរ។
បន្ថែមពីនោះ ការជំរុញការដាំដើមឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ក៏កំពុងតែបានធ្វើឡើងផងដែរ។
លោកពន្យល់ថា៖ «ការលើកកម្ពស់ជីវភាពសហគមន៍ ព្រោះសហគមន៍គឺជារណាំងការពារធនធានធម្មជាតិ ការពារជម្រកសត្វដំរីតែម្តង។ អញ្ជឹង គាត់មិនទៅចូលព្រៃ មិនបង្កឱ្យមានជម្លោះជាមួយនឹងសត្វ និងបរបាញ់សត្វទៀតទេ។ គាត់ទៅជាបង្កើតនូវសេវាទេសចរណ៍ធម្មជាតិ ការដាំដុះ ចិញ្ចឹមសត្វដើម្បីផ្តល់ជូនទៅដល់អ្នកទេសចរណ៍ និងផ្គត់ផ្គង់ខ្លួនឯង។ អញ្ជឹងគាត់លែងសូវពឹងពាក់ព្រៃការប្រមាញ់ ដើម្បីចិញ្ចឹមជីវិតរបស់គាត់ទៀតហើយ»។
លោក ខ្វៃ អាទិត្យា ក៏បានឱ្យដឹងផងដែរថា កម្ពុជាក៏បានបង្កើតផែនការសកម្មភាពជាតិ អភិរក្សដំរីអាស៊ីនៅកម្ពុជាឆ្នាំ ២០២០ ២០២៩ផងដែរ។ ការអភិរក្សឱ្យបានគង់វង្ស គឺមិនអាចធ្វើឡើងតែឯងបាននោះទេ គឺត្រូវបង្កើតផែនការ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធផងដែរ។
ក្រសួងបរិស្ថានក៏បានគូសបញ្ជាក់ផងដែរថា ជាផ្នែកមួយនៃការងារអភិរក្ស ក្រសួងបានផ្តោតការយកចិត្តទុកដាក់ លើការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា ដែលជាប្រភេទសត្វព្រៃដ៏មានសារៈសំខាន់ ទាំងផ្នែកវប្បធម៌ និងផ្នែកមុខងារប្រព័ន្ធអេកូឡូស៊ី ហើយក្រសួងក៏បានយកចិត្តទុកដាក់លើសក្តានុពលក្នុងការការពារ និងអភិរក្សប្រភេទសត្វផ្សេងៗទៀតផងដែរ ក្នុង កម្រិតវិសាលភាពដែនជម្រករបស់ពួកវា។
ក្នុងឆ្នាំ ២០២៤ មានករណីស្លាប់ដំរីចំនួន ២ក្បាលក្នុងខេត្តមណ្ឌលគិរី។ កាលពីខែមករា កន្លងមក កូនដំរីមួយក្បាលបានស្លាប់ ដោយសារតែត្រូវគ្រាប់កំាំភ្លើង និងក្នុងខែឧសភា ដំរីញីមួយក្បាលបានស្លាប់ផងដែរ ដោយសារតែរបួសជើងធ្ងន់ធ្ងរ និង ដាច់ចំណីយូរថ្ងៃ ក្រោយពីជាប់នៅក្នុងល្បាប់ភក់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច៕