កម្ពុជានឹងប្រើប្រព័ន្ធអេឡិចត្រូនិចតាមរយៈកម្មវិធីលើទូរស័ព្ទដៃជំនួសឲ្យការប្រើក្រដាសសម្រាប់ការបំពេញបែបបទសលាកបត្រចូលនិងចេញពីកម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខនេះតទៅ។
តាមរយៈកម្មវិធីនេះ ភ្ញៀវទេសចរក៏អាចស្នើសុំទិដ្ឋាការពេលមកដល់បានដែរ។
ប្រព័ន្ធអេឡិចត្រូនិចនៅលើទូរស័ព្ទដៃឈ្មោះថា Cambodia e-Arrival នឹងសម្រួលដល់ការបំពេញបែបបទបានឆាប់រហ័សនិងពន្លឿនដល់ការធ្វើដំណើររបស់អ្នកដំណើរ។ App នេះត្រូវបានដាក់សាកល្បងចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា នៅច្រកអន្តរជាតិចំនួន៣ គឺអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
កម្មវិធីនេះក៏មានទម្រង់លិខិតសម្រាប់ការប្រកាសស្ថានភាពសុខភាព និងទម្រង់លិខិតរាយការណ៍គយរបស់អ្នកដំណើរផងដែរ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលជាអ្នកបង្កើត App នេះ។
ប្រព័ន្ធ Cambodia e-Arrival មាន ៨ ភាសា រួមមានខ្មែរ អង់គ្លេស ចិន ជប៉ុន ថៃ វៀតណាម កូរ៉េ និង បារាំង។ ការការបំពេញបែបបទសលាកបត្រមានជម្រើសសម្រាប់ជនបរទេសនិងសម្រាប់ពលរដ្ឋខ្មែរ។ នៅលើប្រ័ព្ធនេះក៏មានព័ត៌មានអំពីទីតាំងទេសចរណ៍នានានៅកម្ពុជា និងភ្ជាប់ទៅកាន់គេហទំព័រសម្រាប់ទិញសំប្រទស្សនាតំបន់អង្គរផងដែរ។
សម្រាប់ការបំពេញបែបបទនេះ អ្នកប្រើប្រាស់នឹងទទួលបាន QR Code បន្ទាប់ពីបានបំពេញទម្រង់នេះរួចរាល់ ដែលទុកសម្រាប់ស្កែនពេលមកដល់ច្រកចូលកម្ពុជា។ ការបំពេញបែបបទគួរធ្វើឡើង៧ថ្ងៃមុនពេលចេញដំណើរ។ ប៉ុន្តែ ក៏អាចធ្វើបានភ្លាមៗមុនពេលឡើងជិះយន្តហោះ ឬមុនពេលមកដល់ច្រកចូល គឺដូចទៅនឹងការប្រើប្រាស់សលាកបត្រជាក្រដាស។
លោក កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ស្ថាប័នពាក់ព័ន្ធបានផ្សព្វផ្សាយអំពីកម្មវិធីលើទូរស័ព្ទនេះរួចហើយ ដើម្បីសម្រួលដល់អ្នកដំណើរសម្រាប់ការប្រើប្រាស់ប្រព័ន្ធថ្មីនេះ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «មុននឹងឡើងយន្តហោះ អ្នកដំណើរនឹងទទួលបានការណែនាំពីក្រុមហ៊ុនហោះហើរ ឬនៅលើយន្តហោះក៏មានការណែនាំបន្ថែមដែរ។ ដោយសារតែវាថ្មី ការពន្យល់នឹងមានគ្រប់កន្លែង នៅតាមក្រុមហ៊ុនហោះហើរក៏មាន ហើយយើងបានធ្វើសិក្ខាសាលាដើម្បីពន្យល់ដោយមានការចូលរួមពីស្ថានទូត អាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនហោះហើរ»។
បើព័ត៌មាននៅលើកម្មវិធីនេះ Cambodia e-Arrival គ្រាន់តែជាកម្មវិធីសម្រាប់បំពេញសលាកបត្រប៉ុណ្ណោះ មិនមែនជាទិដ្ឋាការទេ ប៉ុន្តែក៏មានកន្លែងដែលភ្ញៀវទេសចរបរទេសអាចបំពេញដើម្បីសុំទិដ្ឋាការពេលមកដល់ (visa on arrival) បានដែរ។
លោក កែម សារិន ពន្យល់ថា៖ «នៅក្នុង App នេះបើសិនជាគាត់ជាជនបរទេស គាត់អាចស្នើទិដ្ឋាការពេលមកដល់ ព្រោះយើងលែងមានមន្ត្រីរង់ចាំធ្វើទិដ្ឋាការពេលមកដល់ហើយ។ ដូច្នេះ សម្រាប់ជនបរទេស គាត់អាចចូលទៅក្នុង App នេះ ហើយមានកន្លែងសម្រាប់ដាក់សុំទិដ្ឋាការពេលមកដល់ហើយគាត់បង់លុយឲ្យហើយតាមរយៈ Visa Card ឬសេវាដែលមានបញ្ជាក់នៅក្នុងនោះ។ គាត់អាចដឹងដោយខ្លួនឯងថាការដាក់ស្នើរបស់គាត់ត្រូវបានយល់ព្រមឬអត់»៕